Stripe-
រូបភាពវីឌីអូដែលបានបែកធ្លាយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍ បង្ហាញនូវរូបភាពយន្តហោះ F-35c ធ្លាក់នៅលើនាវាផ្ទុកយន្តហោះ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្ទចិនខាងត្បូង អ្នកនាំពាក្យកងនាវីបានប្រាប់ Stars និង Stripe កាលពីថ្ងៃច័ន្ទ។ រូបភាពត្រូវបានគេបង្ហោះ និងមើលឃើញកាលពីថ្ងៃអាទិត្យ នៅតាម Reddit និង Twitter ។ យន្តហោះបំបាំងកាយដែលមានតន្លៃ១០៣លានដុល្លារ ត្រូវបានគេមើលឃើញថា បានបុកនឹងកម្រាលនាវាផ្ទុកយន្តហោះ USS Carl Vinson ហើយបានផ្ទុះក្លាយជាអណ្តាតភ្លើង បន្ទាប់មកបានរអិលធ្លាក់ចូលទៅទៅក្នុងសមុទ្ទ។
“យើងបានដឹងថា មានការបញ្ចេញនូវរូបភាពវីឌីអូដែលមិនបានអនុញ្ញាតឲ្យបង្ហោះ ពីកាមេរ៉ានៅលើនាវាផ្ទុកយន្តហោះ Carl Vinson ដែលមានការធ្លាក់ឆេះយន្តហោះ F-35c កាលពីថ្ងៃទី២៤ ខែមករា នៅក្នុងសមុទ្ទចិនខាងត្បូង” អ្នកនាំពាក្យកងអាកាសនៃនាវីប្រចាំប៉ាស៊ីហ្វីក លោក Zachary Harrell បាននិយាយនៅក្នុង e-mail ។ វានឹងមានការស៊ើបអង្កេតជាបន្តទៅទៀតទៅលើរឿងទាំង២ គឺការធ្លាក់យន្តហោះនិងការបញ្ចេញរូបភាពវីឌីអូដោយគ្មានការអនុញ្ញាត។
ទូរស័ព្ទចល័តមួយទំនងជាត្រូវបានគេប្រើដើម្បីថតនូវឃ្លិបវីឌីអូ ដែលមានរយៈពេល១នាទីនិង២វិនាទី ដែលបានចម្លងចេញពីប្រព័ន្ធកុំព្យូទ័រនៅលើតុ ដែលសំរាប់ជំនួយការតាមដានការចុះចត និងហោះហើរដើម្បីកត់ត្រាកំណត់ហេតុ។ នៅក្នុងវីឌីអូ មន្ត្រីដែលផ្តល់សញ្ញាឲ្យយន្តហោះចុះត្រូវបាន គេលឺស្រែកថា “ឡើងវិញ ឡើងវិញ” ជាបញ្ជាសំរាបអាកាសយានិកដែលចុះខុស មុនពេលដែលយន្តហោះបុកនឹងកម្រាលនាវា អាកាសយានិកបានចុចកៅអីដើម្បីលោតចេញពីតួយន្តហោះ មុនដែលយន្តហោះផ្ទុះឆេះហើយធ្លាក់ចូលទៅក្នុងសមុទ្ទ។
ការបែកធ្លាយនូវរូបភាពវីឌីអូនេះវាមិនមែនជាលើកទី១ទេ ក្នុងការបែកធ្លាយនូវឧប្បទ្ទវហេតុចេញមកក្រៅ។ កាលពីចុងខែមករា រូបថតដែលបានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យឃើញយន្តហោះ F-35 នៅក្នុងទឹក និងរូបភាពវីឌីអូដ៏ខ្លីដែលបង្ហាញពីយន្តហោះបានចូលមកជិតនាវាផ្ទុកយន្តហោះ មុនពេលដែលហោះរំលងក្បាល ហើយរូបភាពក៏បាត់ទៅ។ កងនាវីក៏បានបញ្ជាក់ពីភាពពិតនៃការបែកធ្លាយរូបភាពនោះដែរ៕