យន្តហោះចម្បាំងអាមេរិកចំនួនពីរគ្រឿងបានហោះហើរកាត់លើប្រទេសបូស្នៀកាលពីថ្ងៃច័ន្ទក្នុងដំណើរបង្ហាញពីការគាំទ្រចំពោះអធិបតេយ្យភាពប្រទេសបាល់កង់មួយនេះដែលប្រឈមមុខនឹងការកើនឡើងនៃក្រុមបំបែកខ្លួនស៊ែបកាន់តែខ្លាំងឡើងដែលដឹកនាំដោយមេដឹកនាំគាំទ្ររុស្ស៊ីគឺលោក Milorad Dodik។ មន្ត្រីស៊ុយអែតបានជំរុញឱ្យពលរដ្ឋរបស់ប្រទេសនេះត្រៀមខ្លួនសម្រាប់សង្គ្រាមដែលអាចកើតឡើងនៅក្នុងខណៈពេលកំពុងមានការកើនឡើងនៃសង្គ្រាម។ កងទ័ពអ៊ីស្រាអែលបាននិយាយថាខ្លួនបានរកឃើញរោងចក្រផលិតសព្វាវុធ និងផ្លូវរូងក្រោមដីជាច្រើនដ៏ធំជាងគេបំផុតនៅកណ្តាលតំបន់ហ្គាហ្សាដែលក្រុមហាម៉ាសប្រើប្រាស់ដើម្បីផលិតគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ។
-
យន្តហោះ F-16 ហោះកាត់ Bosnia ខណៈអាមេរិកព្រមានក្រុមបំបែកខ្លួនស៊ែប
យោងតាមសារព័ត៌មាន The New Arab ចុះផ្សាយថ្ងៃទី០៩ ខែមករាបានអោយដឹងថា យន្តហោះចម្បាំងអាមេរិកចំនួនពីរគ្រឿងបានហោះហើរកាត់លើប្រទេសបូស្នៀកាលពីថ្ងៃច័ន្ទក្នុងដំណើរបង្ហាញពីការគាំទ្រចំពោះអធិបតេយ្យភាពប្រទេសបាល់កង់មួយនេះ ដែលប្រឈមមុខនឹងការកើនឡើងនៃក្រុមបំបែកខ្លួនស៊ែបកាន់តែខ្លាំងឡើង ដែលដឹកនាំដោយមេដឹកនាំគាំទ្ររុស្ស៊ីគឺលោក Milorad Dodik។
យន្តហោះចម្បាំង F-16 Fighting Falcons របស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានហោះហើរឡើងដោយជាផ្នែកមួយនៃការហ្វឹកហាត់រួមគ្នាពីអាកាសមកដីរបស់កងកម្លាំងអាមេរិក និងកងកម្លាំងបូស្នៀ។
យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំទីក្រុង Sarajevo បានឱ្យដឹងថា ការហោះហើរនេះបានធ្វើឡើងនៅក្នុងតំបន់នៃភាគខាងកើតនៃទីក្រុង Tuzla និងភាគខាងជើងទីក្រុង Brcko ។
ស្ថានទូតក៏បាននិយាយដែរថាសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញប្រទេសបូស្នៀមិនបានផ្តល់សិទ្ធិផ្តាច់ខ្លួននោះឡើយ។
អាមេរិកបានព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងការប៉ុនប៉ងធ្វើក្រុមបំបែកខ្លួនទាំងអស់ក្នុងប្រទេស។
-
ស៊ុយអែតស្នើពលរដ្ឋត្រៀមខ្លួនប្រឈមមុខនឹងរុស្ស៊ី
យោងតាមសារព័ត៌មាន RBC-Ukraine ចុះផ្សាយថ្ងៃទី០៨ ខែមករាបានអោយដឹងថាមន្ត្រីស៊ុយអែតបានជំរុញឱ្យពលរដ្ឋរបស់ប្រទេសនេះត្រៀមខ្លួនសម្រាប់សង្គ្រាមដែលអាចកើតឡើងនៅក្នុងខណៈពេលកំពុងមានការកើនឡើងនៃសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោក Tobias Billstrom បាននិយាយថា សមាជិកភាពរបស់ស៊ុយអែតដែលត្រូវបានរំពឹងទុកនៅក្នុងអង្គការ NATO "គឺជាការផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងគោលនយោបាយសន្តិសុខស៊ុយអែតក្នុងរយៈពេលជាង 200 ឆ្នាំ"។
រដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Pal Jonson បាននិយាយថា "សង្រ្គាមក៏អាចនឹងមករកយើងដែរ" ដោយអះអាងថាអ៊ុយក្រែនកំពុងដើរតួជា"ខែលការពាររបស់អឺរ៉ុប"ក្នុងជម្លោះជាមួយរុស្ស៊ីនេះ។
-
រោងចក្រមីស៊ីលហាម៉ាសស្ថិតនៅលើផ្លូវសំរាប់ជំនួយមនុស្សធម៌
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៩ ខែមករាបានអោយដឹងថា កងទ័ពអ៊ីស្រាអែលបាននិយាយថាខ្លួនបានរកឃើញរោងចក្រផលិតសព្វាវុធ និងផ្លូវរូងក្រោមដីជាច្រើនដ៏ធំជាងគេបំផុតនៅកណ្តាលតំបន់ហ្គាហ្សាដែលក្រុមហាម៉ាសប្រើប្រាស់ដើម្បីផលិតគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ។
កងទ័ពអ៊ីស្រាអែល IDF ដែលកំពុងប្រតិបត្តិការនៅជំរុំ Bureij បានរកឃើញ"បន្ទាយក្រុមភេរវករ" មួយនេះ។
កាលពីថ្ងៃទី៨ ខែមករា យោធាអ៊ីស្រាអែលបាននាំយកអ្នកកាសែតមួយក្រុមទៅមើលទីតាំងមួយនេះ។
កងកម្លាំង IDF ដំបូងបាននាំអ្នកកាសែតទៅកាន់ឃ្លាំងផ្ទុកគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលមានកាំជ្រួចមីស៊ីលមានចម្ងាយលើសពី 100 គីឡូម៉ែត្រឯណោះ។
នៅខាងក្នុងរូងក្រោមដីដែលចុះទៅប្រហែល 20 ម៉ែត្រ កងកម្លាំង IDF បានរកឃើញមន្ទីរពិសោធន៍គីមីដ៏ធំមួយដែលប្រើសម្រាប់ផលិតគ្រឿងផ្ទុះ និងម៉ាស៊ីនរ៉ុក្កែត។
យ៉ាងណាមិញផងដែរ មន្ត្រីអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាសមានចេតនាកំណត់ទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងផ្លូវរូងក្រោមដីទាំងនេះនៅលើផ្លូវ Salah a-Din សម្រាប់ជំនួយមនុស្សធម៌ឆ្លងកាត់ ដែលនៅក្នុងតំបន់ស៊ីវិលដូច្នេះ គឺដើម្បីបង្កការលំបាកក្នុងការវាយប្រហារផងដែរ។