ប្រធានាធិបតីអ៊ុយក្រែនខ្លួនឯងបានប្រកាសពីតម្រូវការរបស់លោកសម្រាប់យន្តហោះចម្បាំង Gripen ស៊ុយអែត ដែលនេះស្តែងពីអារម្មណ៍របស់ទីក្រុង Kiev អំពីភាពមិនគ្រប់គ្រាន់នៃយន្តហោះចម្បាំង F-16 ដើម្បីដោះស្រាយសង្គ្រាមដ៏លំបាកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ នៅក្នុងបរិបទស្របគ្នានេះ បណ្តាញសារព័ត៌មាន CNN របស់អាមេរិកក៏បានចេញផ្សាយរបាយការណ៍ស្តីពីភាពជោគជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងការយកឈ្នះលើបណ្តាញមីនរបស់រុស្សីនៃតាមរយៈការប្រើប្រាស់ Infrared Glasses ដែលរកឃើញទីតាំងនៃមីនទាំងនោះហើយដូច្នេះអាចទប់ស្កាត់វាបានមុនពេលបង្កគ្រោះថ្នាក់ដល់យានយន្ត និងរថក្រោះអ៊ុយក្រែនបាន។
-
អាមេរិកបង្ហាញពីប្រព័ន្ធ Thermal Camera ថ្មីរបស់អ៊ុយក្រែន
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី១៥ ខែសីហាបានអោយដឹងថា ប្រឈមមុខនឹងគ្រាប់មីនរុស្ស៊ីរាប់ពាន់គ្រាប់នៅក្នុងការវាយបកដ៏ឃោរឃៅមួយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងប្រើប្រាស់បច្ចេកទេសពិសោធន៍នៃរូបភាពកម្ដៅដើម្បីកំណត់ទីតាំងវត្ថុគំរាមកំហែងដែលបានឆក់យកជីវិតមនុស្សជាច្រើននាក់។
សារព័ត៌មាន CNN បានឃើញទាហានជួរមុខរបស់អ៊ុយក្រែនដាក់កាមេរ៉ាកម្ដៅនៅលើដ្រូនកនៅពេលព្រលប់។ កាមេរ៉ាអណ្តែតពីលើវាលមីនរបស់រុស្ស៊ី ហើយអាចរកឃើញសញ្ញានៃកំដៅជាច្រើន។ ខ្លះជារណ្ដៅ ប៉ុន្តែជាច្រើនទៀតគឺជាគ្រាប់មីនដែលលាក់នៅក្រោមផ្ទៃដីនោះ។ កំដៅដែលពួកវាទទួលបានពីព្រះអាទិត្យនៅក្នុងអំឡុងពេលថ្ងៃត្រូវបានរក្សាទុកនៅពេលដែលព្រះអាទិត្យលិច ដែលអាចធ្វើឱ្យពួកវាបង្ហាញកាន់តែច្បាស់នៅលើកាមេរ៉ាកម្ដៅ។
ដ្រូនដែលមានកាមេរ៉ាកម្ដៅគឺអាចរកឃើញជាញឹកញាប់ប្រើប្រាស់ឡើងដោយកងទ័ពជួរមុខរបស់អ៊ុយក្រែន ហើយមានតម្លៃថោកប្រហែល 5,000 ដុល្លាក្នុងមួយគ្រឿង។ ប៉ុន្តែទំហំនៃកិច្ចការគឺមានលក្ខណៈធំធេង ដោយជារឿយៗមានគ្រាប់មីនរហូតដល់ប្រាំគ្រាប់ក្នុងមួយម៉ែត្រការ៉េនៅទូទាំងផ្ទៃដីជាង180,000គីឡូម៉ែត្រក្រឡានៃផ្ទៃដីដែលរងផលប៉ះពាល់ដោយមីន នេះបើយោងតាមការប៉ាន់ស្មានជាផ្លូវការរបស់អ៊ុយក្រែន។
-
Zelenskyy ចរចាជាមួយស៊ុយអែតពីការទទួលយន្តហោះ Gripen
យោងតាមសារព័ត៌មាន Insider ចុះផ្សាយថ្ងៃទី២០ ខែសីហាបានអោយដឹងថា លោក Zelenskyy បានជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson កាលពីថ្ងៃសៅរ៍ និងបាននិយាយអំពីយន្តហោះ JAS 39 Gripen ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីលោក Zelenskyy នៅលើបណ្តាញសង្គម X ។
ទោះបីជាមានការយកចិត្តទុកដាក់ច្រើនជាងទៅលើយន្តហោះ F-16 ក៏ដោយ ក៏អ្នកជំនាញបានសរសើរយន្តហោះ Gripens នេះថាសក្តិសមជាងសម្រាប់ទាហានអ៊ុយក្រែន។ ទីមួយ សមត្ថភាពសង្គ្រាមអេឡិចត្រូនិករបស់ Gripen ដែលត្រូវបានរាយការណ៍ថា អាចយកឈ្នះលើយន្តហោះចម្បាំង Sukhoi របស់រុស្ស៊ីទៅទៀតដែលបាននាំមុខយន្តហោះ F-16។
លើសពីនេះ អ្នកជំនាញមកពីវិទ្យាស្ថាន Royal United Services បានអះអាងថា ភាពសាមញ្ញ និងសមត្ថភាពរបស់យន្តហោះក្នុងការ "ចាក់ប្រេងឡើងវិញ បំពាក់អាវុធឡើងវិញ និងផ្តល់ការថែទាំជាមូលដ្ឋាន" នឹងមានប្រយោជន៍ដល់ប្រជាជនអ៊ុយក្រែន។
ប៉ុន្តែសារព័ត៌មាន Insider ធ្លាប់បានរាយការណ៍កន្លងមកថា យន្តហោះនេះមិនដែលត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធពីមុនមកទេ ហើយមកក្នុងចំនួនផ្គត់ផ្គង់មានកំណត់ផងដែរ។
-
របាយការណ៍ចុងក្រោយនៃការវាយបករបស់អ៊ុយក្រែន
យោងតាមសារព័ត៌មាន Institute for the study of war ចុះផ្សាយថ្ងៃទី២១ ខែសីហាបានអោយដឹងថា កងកម្លាំងអ៊ុយក្រែនបានទទួលបានភូមិភាគមួយចំនួនធំនៅខាងក្នុង និងខាងកើតនៃភូមិ Robotyne ដែលស្ថិតនៅភាគខាងលិចនៃតំបន់ Zaporizhia កាលពីថ្ងៃទី 20-21 ខែសីហាកន្លងទៅនេះ ខណៈដែលពួកគេកំពុងបន្តប្រតិបត្តិការវាយលុកនៅតាមព្រំដែនរដ្ឋបាលតំបន់ Donetsk-Zaporizhia ថែមទៀត និងនៅតំបន់ភាគខាងកើតអ៊ុយក្រែនផងដែរ។
រូបភាពភូមិសាស្ត្រដែលបានចេញផ្សាយនៅថ្ងៃទី20 និងថ្ងៃទី 21 ខែសីហា បង្ហាញថា កងកម្លាំងអ៊ុយក្រែនបានទៅដល់ផ្នែកកណ្តាលនៃភូមិ Robotyne ហើយបានទម្លុះតំបន់ការពាររបស់រុស្ស៊ីមួយចំនួននៅភាគខាងត្បូងនៃភូមិ Mala Tokmachka ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនអ្នកស្រី Hanna Malyar បានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានទទួលជោគជ័យក្នុងទិសដៅភាគអាគ្នេយ៍នៃភូមិ Robotyne និងភាគខាងត្បូងនៃភូមិ Mala Tokmachka ហើយកងកម្លាំងរុស្ស៊ីបរាជ័យក្នុងការវាយបកទប់ស្កាត់នៅភាគខាងកើតទីក្រុង Robotyne ។ ប្រភពពីអ្នកស្រី Malyar និងរុស្សី បានបញ្ជាក់ថា ការប្រយុទ្ធគ្នាកំពុងបន្តនៅភូមិ Robotyne។