Reuters-
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្យាករណ៍ថា រុស្សីនឹងបង្កើនការវាយប្រហារក្នុងសប្តាហ៍នេះ ខណៈដែលមេដឹកនាំសហគមន៍អឺរ៉ុបពិចារណាថា តើនឹងគាំទ្រគោលបំណងប្រទេសរបស់លោក ក្នុងការចូលរួមជាមួយនឹងប្លុក ហើយរុស្សីក៏បានប្រឹងប្រែងដាក់ការគៀបសង្កត់ក្នុងយុទ្ធនាការរបស់គេ ដើម្បីឈ្នះចូលកាន់កាប់អ៊ុយក្រែនភាគខាងកើត។ “ប្រាកដណាស់ ក្នុងសប្តាហ៍នេះយើងគួរតែរំពឹងគិតថា រុស្សីនឹងរិតបន្តឹងបង្កើននូវភាពតានតឹងក្នុងសកម្មភាពជម្លោះរបស់ពួកគេ” Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាពេលយប់តាមរយៈវីឌីអូ “យើងបានប្រុងប្រៀប រួចជាស្រេច” លោកនិយាយ។
អ៊ុយក្រែនបានដាក់ពាក្យសុំចូលរួមក្នុងសហគមន៍អឺរ៉ុប បន្ទាប់ពីកងទ័ពរុស្សីបានហូរចូលឆ្លងកាត់ព្រំប្រទល់កាលពីខែកុម្ភៈ ក្រុមប្រតិបត្តិនៃសហគមន៍អឺរ៉ុប គណកម្មាធិការអឺរ៉ុប កាលពីថ្ងៃសុក្រ បានផ្តល់នូវអនុសាស្ត្រថា អ៊ុយក្រែនត្រូវបានទទួលឋានៈជាបេក្ខភាព។ មេដឹកនាំនៃប្រជាជាតិសហគមន៍ទាំង២៧ប្រទេសនឹងពិចារណានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងកិច្ចប្រជុំកំពូល និងត្រូវបានគេរំពឹងគិតថា នឹងទទួលបានការគាំទ្រជាសាធារណៈនូវការដាក់ពាក្យរបស់អ៊ុយក្រែន ទោះបីជាមានការមិនយល់ស្របពីសមាជិកខ្លះ។ ដំណើរការនេះអាចនឹងប្រើពេលជាច្រើនឆ្នាំដើម្បីបញ្ចប់វា។
ការអោបក្រសោបរបស់សហគមន៍អឺរ៉ុបចំពោះអ៊ុយក្រែន អាចចាត់ទុកថាជា ការជ្រៀតជ្រែកនៃគោលបំណងមួយរបស់លោកប្រធានាធិបតី Vladimir Putin នៅពេលដែលលោកបានបញ្ជាឲ្យកងទ័ពរបស់លោក ចូលទៅក្នុងអ៊ុយក្រែនដើម្បីរក្សានូវប្រទេសជិតខាងនៅផ្នែកខាងត្បូងនៃទីក្រុងមូស្គូ ឲ្យនៅក្រៅរង្វង់នៃឥទ្ធិពលប្រទេសលោកខាងលិច។ Putin កាលពីថ្ងៃសុក្របាននិយាយថា ទីក្រុងមូស្គូគ្មានអ្វីប្រឆាំងទៅនឹងសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហគមន៍អឺរ៉ុបទេ ប៉ុន្តែអ្នកនាំពាក្យនៃវិមានក្រឹមឡាំង បាននិយាយថា រុស្សីបានតាមដានមើលយ៉ាងយកចិត្តទុកដាក់ពីគោលបំណងរបស់ទីក្រុង Kyiv ជាពិសេសក្នុងពន្លឺនៃការបង្កើននូវកិច្ចសហប្រតបត្តិការណ៍ ខាងការពារជាតិក្នុងចំណោមសមាជិកអឺរ៉ុប។
នៅក្នុងសមរភូមិកងកម្លាំងរុស្សីបានព្យាយាមចូលកាន់កាប់ទាំងស្រុងនៃតំបន់ Donbas ភាគខាងកើត ដែលជាផ្នែកមួយដែលកាន់កាប់ដោយក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី មុនពេលការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈ។ មុខព្រួញជាចម្បងនៃការវាយលុករបស់រុស្សីចូលតំបន់ខាងកើតគឺទីក្រុងឧស្សហកម្ម Sievierodonetsk ។ រុស្សីបាននិយាយកាលពីថ្ងៃអាទិត្យថា គេបានចាប់យក Metyokine ជាភូមិមួយនៅជាយក្រុង Sievierodonetsk និងទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្សី Tass បានរាយការណ៍ថា អ្នកប្រយុទ្ធអ៊ុយក្រែនជាច្រើនបានចុះចូលនៅទីនោះ។ យោធាអ៊ុយក្រែនបាននិយាយថា រុស្សីបានទទួលជោគជ័យពាក់កណ្តាលនៅទីនោះ៕