1. ភ្ញាក់ផ្អើល! Erdogan អបអរការធ្លាក់ចុះរបស់សមាជិកព្រឹទ្ធសភាអាមេរិក
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយទួរគីបាននិយាយកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី Tayyip Erdogan បាននិយាយថាប្រទេសទួរគីចាំបាច់ត្រូវបង្វែរបញ្ហាផ្លូវច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកលោក Bob Menendez ដែលជាអ្នករិះគន់រដ្ឋាភិបាលរបស់លោកជាយូរមកហើយ ទៅជាឱកាសសម្រាប់ការស្នើសុំទិញយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក។ លោក Erdogan ត្រូវបានដកស្រង់សម្តីពេលប្រាប់អ្នកយកព័ត៌មាននៅក្នុងពេលជើងហោះហើរថា "លោក Menendez ត្រូវបានដកចេញគឺជាអត្ថប្រយោជន៍មួយ" បន្ទាប់ពីសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិករូបនេះត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីអ្នកជំនួញបីនាក់នៅរដ្ឋ New Jersey។ លោក Menendez ដែលជាអ្នកគណៈបក្សប្រជាធិបតេយ្យត្រូវបានលាលែងពីតំណែងជាបណ្តោះអាសន្នជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា បានប្រឆាំងជាយូរមកហើយចំពោះការលក់យន្តហោះ F-16 ទៅកាន់ប្រទេសទួរគី និងបានរិះគន់លើកំណត់ត្រាស្តីពីសិទ្ធិមនុស្សរបស់លោក Erdogan ជាច្រើន។ លោក Erdogan បាននិយាយថា "វានឹងផ្តល់អត្ថប្រយោជន៍ក្នុងការប្រែក្លាយស្ថានភាពនេះទៅជាឱកាស"។ "មិនត្រឹមតែនៅលើការទិញយន្តហោះ F-16 ប៉ុណ្ណោះទេ ប៉ុន្តែនៅលើបញ្ហាផ្សេងទៀតទាំងអស់ដែលលោក Menendez និងអ្នកដែលមានគំនិតស្រដៀងនឹងលោកនេះ ធ្លាប់បានរារាំងប្រឆាំងនឹងពួកយើង" ។
2.ការផុតពូជអំបូររបស់ប្រជាជនអ៊ុយក្រែន
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញាបានអោយដឹងថា ចំនួនកំណើតនៅអ៊ុយក្រែនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ2023នេះ គឺឃើញថាទាបជាងប្រមាណ 28% បើធៀបនឹងរយៈពេលដូចគ្នានេះនៅមុនពេលសង្រ្គាម រឺសូម្បីតែមុនពេលរុស្ស៊ីឈ្លានពានក៏ដោយ ក៏ឃើញថាអត្រានៃការមានកូនរបស់អ៊ុយក្រែន—ដោយក្នុងនោះចំនួនទារកបង្កើតឡើងដោយស្ត្រីម្នាក់—គឺមានភាពទាបជាងគេបំផុតនៅក្នុងអឺរ៉ុបហើយ។ អ្នកធ្វើប្រជាសាស្ត្រអ៊ុយក្រែនបានព្យាករឡើងថា ពួកគេនឹងក្លាយជាកម្រិតទាបជាងគេបំផុតក្នុងពិភពលោក ដោយបានបង្កើនល្បឿននៃការធ្លាក់ចុះចំនួនប្រជាជនដែលបានធ្លាក់ចុះរួចមកហើយក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ បន្ទាប់ពីឯករាជ្យភាពជាតិ ភាពចលាចលផ្នែកសេដ្ឋកិច្ចបានបញ្ជូនប្រជាជនអ៊ុយក្រែនជាច្រើននាក់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស ហើយការយកកូនតែម្នាក់ក៏បានក្លាយជាទំនៀមទំលាប់របស់អ៊ុយក្រែន។ អត្រាកំណើតបានធ្លាក់ចុះ12% បន្ទាប់ពីរុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបគ្រីមៀ និងឈ្លានពានភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ2014។ ដោយការលុកលុយពេញលេញកាលពីឆ្នាំមុន បានបណ្តាលអោយអត្រាមានកូនរបស់អ៊ុយក្រែនធ្លាក់ចុះមកត្រឹមប្រហែល1.2។ ដើម្បីអាចអោយចំនួនប្រជាជននៅរក្សាទំហំរបស់វាបាន នោះត្រូវការកុមារប្រហែល 2.1 កើតសម្រាប់ស្ត្រីម្នាក់ៗ។ សង្គ្រាមបានបង្កឲ្យមានការចាកចេញនៃស្ត្រីនិងកុមាររាប់លាននាក់ ហើយក្នុងនោះបុរសដែលមានអាយុចន្លោះពី18ទៅ60ឆ្នាំត្រូវបានហាមឃាត់មិនឲ្យចាកចេញ ដែលរឿងនេះបានបំបែកគូស្នេហ៍ជាច្រើន និងជំរុញឱ្យមានការពន្យារពេលយកកូន។”
3.រថក្រោះ Abrams របស់អាមេរិចបានមកដល់អ៊ុយក្រែនហើយ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញាបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃច័ន្ទថា រថក្រោះ Abrams ដំបូងបង្អស់របស់អាមេរិក ដែលសន្យានឹងផ្តល់អោយអ៊ុយក្រែន បានមកដល់ប្រទេសហើយ ហើយកំពុងត្រូវបានរៀបចំដើម្បីបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធ។ ប្រធានាធិបតី Biden កាលពីខែមករាបានយល់ព្រមបញ្ជូនរថក្រោះ Abrams ចំនួន ៣១ គ្រឿងទៅកាន់ទីក្រុង Kyiv ដើម្បីជួយកងទ័ពអ៊ុយក្រែនរុញច្រានប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម X ថា"ដំណឹងល្អពីរដ្ឋមន្ត្រីការពារជាតិ Rustem Umerov ដោយរថក្រោះ Abrams របស់អាមេរិកបានមកដល់អ៊ុយក្រែនហើយ ហើយយើងកំពុងត្រៀមរៀបចំពង្រឹងដល់កងពលតូចរបស់យើង។ ខ្ញុំពិតជាមានក្តីសោមនស្សចំពោះសម្ព័ន្ធមិត្តដែលបានបំពេញកិច្ចព្រមព្រៀងមួយនេះ!»។