ចាប់តាំងពីសាធារណៈរដ្ធទីពីរមក ប្រទេសបារាំងបានឆ្លងកាត់ និងផ្លាស់ប្តូរមេដឹកនាំជាច្រើន ហើយនៅក្នុងឆ្នាំ២០១៧ យើងឃើញមានវត្តមានមេដឹកនាំថ្មីម្នាក់មកពីគណបក្ស អង់ ម៉ាស្ហ (En Marche) ដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីរបស់បារាំង ហើយត្រូវបានគេចារទុកនៅក្នុងប្រវត្តិសាស្ត្រថា ជាមេដឹកដែលមានវ័យក្មេងជាងគេបំផុត។ ដូច្នេះបើចង់ដឹងច្បាស់ សូមទស្សនាវីដេអូនេះរហូតដល់ចប់!
តើម៉ាក្រុងជានរណា?
អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ឬ ឈ្មោះពេញថា អែមម៉ានុយអែល ហ្សង់ ម៉ីស្ហែល ហ្វ្រេដេរិក ម៉ាក្រុង (Emmanuel Jean-Michel Frédéric Macron) កើតនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៧៧នៅអាម្ញៀង(Amiens)ប្រទេសបារាំង។លោកMacronគឺជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ ដែលកើតក្នុងគ្រួសារវេជ្ជបណ្ឌិត ដែលមានទស្សនៈនយោបាយសេរី។ តាំងពីក្មេងមក លោកកត់សម្គាល់ខ្លួនឯងថា មានសមត្ថភាពខាងអក្សរសាស្ត្រ នយោបាយ និងល្ខោន។ ម៉ាក្រុងបានបញ្ចប់ថ្នាក់វិទ្យាល័យនៅ លីសេ ហង់រី ទីបួន (Lycée Henri IV) ដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីស។ ក្នុងឆ្នាំ ២០០១ លោក Macron បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈពី Sciences Po ក៏ដូចជាសញ្ញាបត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យ ប៉ារីស ណង់ទែរ Paris Nanterre ។ ក្នុងឆ្នាំ ២០០៤ លោកបានបញ្ចប់ថ្នាក់ឧត្តមសិក្សា នៅ អុី អឹន អេ (École Nationale d'Administration -ENA) ដែលជាសាលាមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញខាងតម្រង់ទិសឆ្ពោះទៅរកអំណាចនយោបាយ។
ការងារនិងអាជីពជាអ្នកនយោបាយ
ក្នុងឆ្នាំ ២០០៤ លោកបានបម្រើការងារនៅក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុបារាំងជាអ្នកត្រួតពិនិត្យ។ ក្នុងឆ្នាំ ២០០៧ លោកត្រូវបានប្រធានាធិបតី នីកូឡាស សាកូហ្ស៊ី ជ្រើសរើសឲ្យចូលរួមជាមួយគណកម្មាធិការ បាយផាទីស្ហែន អាតាលី (bipartisan Attali) ស្តីអំពីកំណើនសេដ្ធកិច្ច។ បួនឆ្នាំក្រោយមកគាត់បានទិញកិច្ចសន្យារដ្ឋាភិបាលរបស់គាត់ក្នុងតម្លៃ ៥0,000 អឺរ៉ូ (ប្រហែល ៧0,000 ដុល្លារ) ដើម្បីចូលវិស័យឯកជន។ បន្ទាប់ពីបានចូលបម្រើការងាររយៈពេល 4 ឆ្នាំនៅធនាគារវិនិយោគ គាត់បានចូលរួមជាមួយបុគ្គលិករបស់ប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ (François Hollande) ក្នុងឆ្នាំ ២០១២ ហើយទីបំផុតបានក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
នៅក្នុងឆ្នាំដដែល តាមរយៈការបង្កើតទំនាក់ទំនងស្និទ្ធស្នាល ជាមួយមេដឹកនាំគណបក្សសង្គមនិយមលោក François Hollande រួចហើយ លោក Macron បានក្លាយជាអគ្គលេខាធិការរងនៅ អុីលីសេ (Elysée) នៅពេលដែលលោក Hollande បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីបារាំង។ នៅក្នុងឆ្នាំ ២០១៤ លោក Macron ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឧស្សាហកម្ម និងទិន្នន័យឌីជីថលរបស់ប្រទេសបារាំង។លោកបានបំពេញភារកិច្ចលើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយបានជួយដោះស្រាយបញ្ហាប្រឈមដំបូងដោយជួយសម្របសម្រួលជាមួយប្រទេសអាល្លឺម៉ង់ជុំវិញវិបត្តិនៅតំបន់អឺរ៉ុបដែលកំពុងបន្ត។ក្នុងឆ្នាំ ២០១៦ លោកបានបង្កើតគណបក្សអ្នកនិយមកណ្តាល En Marche ហើយបានក្លាយជាអ្នកនាំមុខដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រជែងតំណែងប្រធានាធិបតី។ គាត់បានផ្តួលមេដឹកនាំរណសិរ្សជាតិ ម៉ារីណ លើប៉ង់ (Marine Le Pen) ដែលជាគូរប្រជែង ក្នុងខែឧសភា ឆ្នាំ ២០១៧ ហើយបានក្លាយជាប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៧ នៅអាយុ 39 ឆ្នាំ។
ស្នាដៃ និងបញ្ហាដែលត្រូវប្រឈម
ក្រោយពីជាប់ឆ្នោតជាប្រធានាធិបតីលោកម៉ាក្រុងបានចំណាយពេលតិចតួចដើម្បីរៀបចំផែនការនិងធ្វើកំណែទម្រង់រដ្ធបារាំង ព្រមទាំងពង្រឹងឥទ្ធិពលរបស់ប្រទេសឡើងវិញនៅលើឆាកអន្តរជាតិ។ លោកបានប្តេជ្ញា ព្យាយាមជម្រុញប្រទេសបារាំងឲ្យក្លាយជា "ប្រទេសចាប់ផ្តើមអាជីវកម្ម" តាមរយៈការផ្លាស់ប្តូរច្បាប់ាការងារ ហើយនៅទីបំផុតអត្រាគ្មានការងារធ្វើបានធ្លាក់ចុះជាលំដាប់ពី ៩.៦ ភាគរយនៅក្នុង Q2 ២០១៧ មក ៨.១ ភាគរយនៅក្នុង Q4 ២០១៩ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៨។ តែទោះបីជាយ៉ាងណាក៏ដោយ អត្រាគ្មានការងារធ្វើរបស់យុវជននៅតែខ្ពស់ គឺនៅ២០ភាគរយ។ ចំណែកឯចំនួនអាជីវកម្មថ្មីវិញបានកើនឡើង ពី៤៧,៤៥០ ដល់កម្រិតខ្ពស់នៃ ៧៣,០៣៦ ក្នុងខែធ្នូ ឆ្នាំ ២០១៩ មុនពេលវាធ្លាក់ចុះខ្លាំងនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយសារតែបញ្ហាជំងឺកូវីដ ១៩។
ទោះបីជាយ៉ាងណាក៏ដោយក្នុងនាមជាប្រធានាធិបតីបារាំង លោកម៉ាក្រុងប្រឈមនឹងបញ្ហាជាច្រើនទាំងបញ្ហានៅក្នុងប្រទេស និងបញ្ហាខាងក្រៅ។ នៅក្នុងប្រទេស លោកត្រូវទប់ទល់នឹងការធ្វើប៉ាតុកម្មប្រឆាំងរបស់ក្រុមអាវកាក់លឿង (gilets jaunes) ទាក់ទងនឹងការតំឡើងពន្ធប្រេងឥន្ធនៈ ហើយបន្ទាប់មកលោកបានធ្វើសម្បទានចំពោះការតវ៉ានេះ។ ក្រោយពីការថយចុះការតវ៉ារឿងប្រេង លោកក៏ត្រូវប្រឈមនឹងការតវ៉ាមួយទៀតដែរទាក់ទងនឹង របបសោធននិវត្តន៍ ដែលលោកចង់ធ្វើកំណែទម្រង់ទៅជាប្រព័ន្ធកណ្តាលតែមួយ។ បញ្ហាមួយទៀតគឺការឆេះ វិហារ ណូត្រឹ ដាម (Notre-Dame) ដែលមានអាយុរាប់សតវត្សនៅទីក្រុងប៉ារីស តែទោះជាយ៉ាងណា លោកបានសន្យាថានឹងសាងឲ្យបានវិញ ក្នុងរយៈពេល៥ឆ្នាំ។ នៅក្នុងវិបត្តិជំងឺ កូវីដ ១៩ លោកក៏ដូចជាមេដឹកនាំដទៃទៀតដែរបានខិតខំប្រឹងប្រែងព្យាយាមដោះស្រាយវា តែពាក្យដ៏មានខ្លឹមសាររបស់លោកដែលបាននិយាយទៅកាន់ប្រជាជនរបស់លោកថា "គ្មានអាជីវកម្មណាមួយនឹងត្រូវបានអនុញ្ញាតឱ្យបរាជ័យទេ" ។នៅលើឆាកអន្តរជាតិ លោកម៉ាក្រុង ត្រូវដោះស្រាយបញ្ហាបំលាស់ប្តូរអាកាសធាតុនៅពេលលោកត្រាំបានប្រកាសដកសហរដ្ធអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ហើយនិងបញ្ហាការចាកចេញពីសមាជិកភាពអឺរ៉ុបរបស់អង់គ្លេសជាដើម។
អត្ថបទដោយ៖ ម៉ៅ គុយដង់