តារាចម្រៀង Ed Sheeran បាន ប្រកាសកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្ដឃើញវិជ្ជមានជំងឺ Covid-19។
តារាចំរៀងវ័យ 30 ឆ្នាំរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើគណនី Instagram របស់គាត់ថា "មានដំណឹងមួយដើម្បីប្រាប់ទៅអ្នកទាំងអស់គ្នាថា ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដូច្នេះខ្ញុំកំពុងនៅដាច់ដោយឡែកពីគេហើយនឹងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល" ។
ដំណឹងនេះកើតឡើងមុនអាល់ប៊ុមស្ទូឌីយោទីបួនរបស់គាត់ ដែលមានចំណងជើងថា "=" (មានន័យថា "equals") ដែលត្រូវបាននឹងដាក់បង្ហាញនៅថ្ងៃសុក្រ - គាត់បានចំណាយពេលបួនឆ្នាំបន្ទាប់ពីគាត់បានចាប់ផ្តើមថតវា។
លោក Sheeran បានបន្ថែមនៅលើគណនី Instagram របស់លោកថា "វាមានន័យថា ឥឡូវនេះខ្ញុំមិនអាចដើរឈានទៅមុខជាមួយនឹងការប្តេជ្ញាចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំនៅពេលនេះបានទេដូច្នេះខ្ញុំនឹងធ្វើការសម្ភាសន៍ ឬការសម្តែងដែលបានគ្រោងទុក ឲ្យបានច្រើនតាមដែលខ្ញុំអាចធ្វើបាននៅផ្ទះរបស់ខ្ញុំ" "សុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំបានធ្វើឲ្យខកបំណង" ។
លោក Sheeran មិនបានបញ្ជាក់ថា តើគាត់បានចាក់វ៉ាក់សាំងហើយ ឬនៅនោះទេ។ ប៉ុន្តែកាលពីខែកក្កដាគាត់បានចូលរួមជាមួយលោក James Corden នៅលើកម្មវិធី "The Late Late Show with James Corden" ដែលអ្នកទាំងពីរបានផ្លាស់ប្តូរអត្ថបទចម្រៀងរបស់លោក Sheeran ដែលមានចំណងជើងថា "Shape of You" ជាមួយនឹងឃ្លាអំពីការទទួលការចាក់វ៉ាក់សាំងជំងឺ Covid-19 ៕
អត្តបទដកស្រង់ពី Suffolk
បកប្រែនិងកែសម្រួលដោយលោក គីមម៉េង