Ecuador -AP
សមរភូមិរវាងក្រុមអ្នកលេងនៅក្នុងពន្ធនាគារនាទីក្រុង Guayaquil នៃប្រទេស Ecuador បានសម្លាប់មនុស្សដែលជាអ្នកទោសយ៉ាងហោចណាស់ ១០០ នាក់និងរងរបួស៥២នាក់ទៀត ដែលអាជ្ញាធរបានហៅថាគឺជាការសម្លាប់យ៉ាងរង្គាលក្នុងមន្ទីរឃុំឃាំងដ៏អាក្រក់អាក្រីបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសមួយនេះ។មន្រ្តីជាច្រើនបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់ត្រូវបានកាត់ក្បាល។
ប្រធានាធិបតី Guillmo Lasso បានប្រកាសនិងចេញអនុក្រិតដាក់ប្រព័ន្ធពន្ធាគារ Ecuador ក្នុងគ្រាមានអាសន្ន ហើយអាជ្ញាធរបានកំណត់ថាការបង្ហូរឈាមនៅក្នុងពន្ធនាគារGuayasនេះទៅនឹងក្រុមអ្នកលេងដែលមានការពាក់ព័ន្ធរឿងគ្រឿងញៀនអន្តរជាតិដើម្បីត្រួតត្រាក្នុងពន្ធាគារ។
ការិយាល័យពន្ធនាគារ បានសរសេរនៅក្នុង Tweeter ថា “ក្នុងពេលនេះ របាយការណ៍បានបញ្ជាក់ច្បាស់ថាមានមនុស្សច្រើនជាង១០០នាក់បានបាត់បង់ជីវិត និង៥២នាក់រងរបួស ក្នុងការប្រយុទ្ធកាលពីថ្ងៃអង្គារ៍ដោយប្រើប្រាស់ កាំបិត,កាំភ្លើងនិងគ្រាប់បែក។ “ នេះគឺជាសោកនាដកម្ម…. ជាការប្រយុទ្ធរវាងក្រុមមួយនិងក្រុមមួយ ដែលក្រុមនិមួយៗស្វែងរកការត្រួតត្រាផ្ទៃក្នុងបានឈានដល់កំរិតនេះ “ នាយកពន្ធនាគារលោក Bolivar Garson បាននិយាយប្រាប់ វិទ្យុ FMundo ។នាយកដ្ឋានគមនាគមន៍នៃប្រទេស Ecuador បាននិយាយថា លោកប្រធានាធិបតីនឹងធ្វើសន្និសិទ្ធកាសែតដើម្បីប្រកាសលំអិតពីការដាក់ប្រព័ន្ធពន្ធនាគារក្នុងគ្រាមានអាសន្ន ។ លោកស្រី Ledy Zuniga អតីតប្រធានក្រុមប្រឹក្សារស្តារនិតិសម្បទាជាតិ Ecuador បាននិយាយថា “ នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេស មិនដែលមានឧប្បត្តិហេតុស្រដៀងឬក៏ដូចនេះទេ “។ Zuniga ដែលជារដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ផងដែរបាននិយាយទៀតថា លោកស្រីមានការសោកស្តាយ ចំពោះការដែលមិនមានវិធានការណ៍ដើម្បីទប់ស្កាត់ការសម្លាប់រង្គាលដូចនេះដោយការធ្វើកុប្បកម្មនៅក្នុងពន្ធនាគារកាលពីខែកុម្ភះកន្លងទៅ។
នាពេលព្រឹកព្រលឹម ចំនួនអ្នកស្លាប់បានបញ្ជាក់ត្រឹម៣០នាក់ប៉ុណ្ណោះ ប៉ុន្តែមេបញ្ជាការប៉ូលីសប្រចាំតំបន់ លោកFausto Buenano បាននិយាយថា មានសាកសពជាច្រើនដែលបាននិងកំពុងរកឃើញនៅក្នុងលូរដើម្បីកំណត់អត្តសញ្ញាណ។មន្រ្តីដដែលបាននិយាយថា គេបានចំណាយពេលប្រហែលជា៤ទៅ៥ម៉ោងដើម្បីត្រួតត្រាសភាពការណ៍នៅក្នុងពន្ធនាគារកាលពីថ្ងៃអង្គារ៍, អំពើហឹង្សារដោយការប្រើ កាំភ្លើង កាំបិត និងគ្រាប់បែក បានផ្ទុះឡើងដោយសារជម្លោះរវាងក្រុម “Los Lobo”និងក្រុម “Los Coneros”ដែលជាក្រុមអ្នកលេងនៅក្នុងពន្ធនាគារ។ “ពួកគេចង់សាបព្រួសនូវការភ័យខ្លាច “ វរសេនីយ៍ឯក Mario Pazmirio អតីតនាយកស៊ើបការ សម្ងាត់និងចារកម្មបាននិយាយប្រាប់ កាសែត AP។