លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា កន្លងមកវីរុសកូវីដ១៩ប្រភេទអាល់ហ្វាមានលទ្ធភាពអាចសម្លាប់មនុស្សបានដែរ ហើយក្រោយមកទៀតបានយើងរកឃើញថាមានកូវីដដែលតាដែលបានចូលមកក្នុងព្រះរាជាណចក្រកម្ពុជារបស់យើងតាមរយៈការបម្លាស់ទីរបស់បុគ្គលឬមនុស្ស។
លោកជំទាវ បានបន្ថែមថា “អ្វីដែលគេសង្កេតឃើញទៀតនៅលើសាកលលោក គឺវីរុសអាល់ហ្វា វាមានប្រភេទផ្សេងទៀតដែលវាបបំប្លែងខ្លួនទៅគឺE484K។
វីរុសE484Kគឺជាប្រភេទនៃវីរុសអាល់ហ្វាដែលបានបម្លែងខ្លួន ហើយប្រភេទនេះឯងដែលពិភពលោកគេគិតថា គឺខ្លាំងជាងកូវីដដែលតាទៀត ដោយសារតែគេកំពុងតែដាក់ការសង្ស័យថា កូវីដ E484K វាអាចទៅបំបែកឆ្លងកាត់ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើង។
លោកជំទាវបានបញ្ចាក់ថា “បើខ្ញុំនិយាយជាសាមញ្ញនោះគឺ យើងមានរបងការពារ ដល់ពេលពពួកកូវីដអាល់ហ្វា E484Kនេះវាចូលមក គឺវាដើរឆ្លងកាត់របងការពាររបស់យើងដោយមិនលំបាកនោះឡើយ។
ត្រង់ចំណុចនេះហើយទើបមានការអំពាវនាវលើពិភពលោក ថាធ្វើយ៉ាងណាកុំឱ្យមានវីរុសបំប្លែងថ្មីនេះ ចរាចរណ៍ច្រើនពេក កាលណាវាមានការចម្លងច្រើនពេក វានឹងមានលទ្ធភាពក្នុងការបំប្លែងវីរុសខ្លួនវាទៅមុខទៀតហើយ។
លោកជំទាវបានបញ្ចាក់ថា បុគ្គលម្នាក់មិនមែនថាឆ្លងអាល់ហ្វាហើយមិនឆ្លងដែលតានោះទេ គឺបុគ្គលម្នាក់អាចឆ្លងកូវីដអាល់ហ្វារួចទៅឆ្លងដែលតាបន្តទៀតឬក៏ឆ្លងកូវីដប្រភេទផ្សេងទៀតក៏មានដែរ។ ចុះបើឧបមាថា វីរុសកូវីដទាំង២ដែលចូលក្នុងសរីរាង្គបុគ្គលមួយនោះ វាចាប់ដៃគ្នា មានអាល់ហ្វាផង និងដែលតាផង តើវានឹងបង្កើតជាអ្វី? ហើយឆ្លងទៅមនុស្សផ្សេង៥ឬ១០នាក់ទៀតនោះ វាមិនកើតជាវីរុសកូវីដបំប្លែងខ្លួនថ្មីទៀតហើយទេ?
វិធីល្អយើងត្រូវទប់ស្កាត់ការឆ្លងកុំឱ្យរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬកុំមានការចល័តទីដើម្បីការពារការបំប្លែងខ្លួនរបស់វីរុសនេះ៕