សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាថ្មីមួយ ដោយបញ្ជាឲ្យកងទព័បាញ់ទម្លាក់យន្តហោះដ្រូន ដែលបានហោះរំលោភដែនដីរបស់កម្ពុជា នៅខេត្តជាប់ព្រំដែនប្រទេវៀតណាម។ តាមរយៈសារសម្លេងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោបានបញ្ជាឲ្យសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី នៃរដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៏ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជានាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអក្ស និងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះជាដើម ខិតខំសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ក្រុមប្រដាប់អាវុធ ដែលរត់ឆ្លងពីវៀតណាមចូលមកទឹកដីកម្ពុជា។
បើតាមសម្តេចនាយករដ្ឋមន្រ្តី កម្ពុជាបានសហការបានល្អជាមួយភាគីវៀតណាម ដើម្បីរក្សាស្ថេរភាពទាំងកម្ពុជា និងវៀតណាម។ អ្វីដែលជាបញ្ហាពេលនេះ គឺត្រូនជាច្រើនគ្រឿងបានហោះចូលទឹកដីកម្ពុជាជាបន្តបន្ទាប់នៅក្នុងតំបន់ខេត្តរតនគិរី។ ករណីនេះ កម្ពុជាបានសួរបញ្ជាក់ទៅភាគីវៀតណាមហើយ គឺមិនមែនជាត្រូនរបស់វៀតណាមទេ ដូច្នេះវាគឺជាត្រូនរបស់ពួកបញ្ជាមិត្ត ដែលធ្វើសកម្មភាពវាយប្រហារនៅលើទឹកវៀតណាម។ ស្ថិតក្នុងសភាពការណ៍នេះសម្តេចបញ្ជាក់ថា “ខ្ញុំសូមចេញបទបញ្ជាឲ្យឯកឧត្តម ហ៊ីង ប៊ុនហៀង បញ្ចេញអាវុធសម្រាប់បាញ់យន្តហោះទៅកាន់ទីកន្លែងដែលត្រូនហោះចេញនោះ។...ត្រូវប្រើអាវុធដ៏ទំនើបសម្រាប់បាញ់ត្រូនណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា។ សូមចាត់ចែងជាបន្ទាន់ បញ្ចេញកម្លាំងឲ្យបានឆាប់ទាំងកម្លាំង និងអាវុធនៅបញ្ជាការដ្ឋានអង្គរក្ស”។
សម្តេចបញ្ជាក់បន្ថែមថា ត្រូវបញ្ចេញកម្លាំង៥០០នាក់ និងអាវុធយ៉ាងហោចណាស់២០០ដើម ដើម្បីពង្រាយគ្រប់ច្រកសម្រាប់ការបាញ់ទម្លាក់ត្រូននោះជាបន្ទាន់។ សម្តេចក៏បានបន្ថែមថា បើសិនត្រូវការកម្លាំងបន្ថែមទៀតចាំបាច់ក៏ត្រូវបន្ថែមដែរ។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានការវាយប្រហារមួយបានកើតឡើង ដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានជិះម៉ូតូ ប្រដាប់ដោយកាំភ្លើង និងអាវុធផ្សេងៗ ចូលមកវាយប្រហារការិយាល័យរដ្ឋបាលឃុំ Ea Tieu និងមួយកន្លែងទៀតនៅទីស្នាក់ការនគរបាលឃុំ Ea Ktur ក្នុងស្រុក Cu Kuin ក្នុងខេត្ត ដាក់ឡាក់ បណ្ដាលអោយស្លាប់មន្ត្រីប៉ូលិស៤នាក់ មន្ត្រីឃុំ២នាក់ និងជនស៊ីវិល៣នាក់ ហើយមន្ត្រីប៉ូលិស២នាក់ទៀតបានរងរបួស។ នេះបើយោងតាមបណ្តាញព័ត៌មានផ្សេងៗ។
ក្រោយការវាយប្រហារនោះ មនុស្សចំនួន៤៥នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ នាំឲ្យចំនួនជនសង្ស័យដែលត្រូវចាប់ខ្លួន នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express ។ លោក To An Xo មន្ត្រីអ្នកនាំពាក្យនគរបាលជាតិវៀតណាម បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ មិថុនា ថា អាជ្ញាធរកំពុងស្វែងរកជនសង្ស័យដែលនៅសេសសល់៕