Kyiv,AP-
យោធារុស្សីបានពង្រីកនូវការកាន់កាប់នៅលើទឹកដីភាគខាងកើតអ៊ុយក្រែន ក្នុងពេលដែលគេបានស្វែងរកការកាត់ផ្តាច់ចរន្តផ្គត់ផ្គង់និងឡោមព័ទ្ធកងទ័ពអ៊ុយក្រែននៅសមរភូមិមុខ ខណៈដែលយោធាអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នូវការមកដល់នៃប្រព័ន្ធរ៉ុក្កែតដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែលជាក្តីសង្ឃឹមថានឹងផ្តល់នូវភាពចំណេញនៅលើសមរភូមិ។ កងកម្លាំងអ៊ុយក្រែនបានដកចេញពីទីកន្លែងខ្លះនៅជិតទីក្រុង Lysychansk ដើម្បីជៀសវាងការឡោមព័ទ្ធ ខណៈដែលរុស្សីបានបញ្ជូនកងអន្តរាគមន៍និងផ្តោតកំលាំងយោធារបស់ខ្លួននៅក្នុងទីកន្លែងនោះ ក្រសួងការពារជាតិអង់គ្លេសបាននិយាយ។
ទីក្រុងដែលស្ថិតនៅក្នុងខេត្ត Luhansk ដែលជាសមរភូមិដ៏ធំនៃសង្រ្គាមរបស់លោកប្រធានាធិបតី Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែន។ អគ្គសេនាធិការរបស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់រុស្សីបានចូលកាន់កាប់ភូមិ Loskutivka និង Rak-Oleksandrivka និងបានព្យាយាមចូលកាន់កាប់ Syrotyne ដែលជាជម្រកនៃមជ្ឈមណ្ឌលរដ្ឋបាលខេត្ត, Sievierodonetsk។ អភិបាលតំបន់ Luhansk លោក Serhyi Gaidai បានប្រាប់ AP ថារុស្សីបានដុតកំទេចអ្វីៗគ្រប់យ៉ាងបំផ្លាញចោល នៅក្នុងការវាយលុកដើម្បីឡោមព័ទ្ធអ្នកប្រយុទ្ធអ៊ុយក្រែន។ “រុស្សីបានរុលមកមុខដោយគ្មានការព្យាយាមសន្សំសំចៃគ្រាប់រំសេវឬកំលាំងប្រយុទ្ធនោះទេ ហើយពួកគេក៏មិនអស់គ្រាប់និងខ្វះនូវកម្លាំងប្រយុទ្ធដែរ” Gaidai បាននិយាយ "ពួកគេមានការគាំទ្រដោយកាំភ្លើងធំផ្លោងនិងចំនួននៃកងទ័ពយ៉ាងច្រើន"។
បន្ទាប់ពីការស្នើរសុំដោយទទូចពីសម្ព័ន្ធមិត្តលោកខាងលិចនូវអាវុធធុនធ្ងន់ដើម្បីប្រឆាំងទប់ទល់អំណាចយោធារបស់រុស្សី លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Oleksii Reznikov បាននិយាយថា ការឆ្លើយតបមួយបានមកដល់នៅក្នុងសណ្ឋាននៃប្រព័ន្ធរ៉ុក្កែតដែលមានរង្វង់ប្រតិបត្តិការណ៍ធុនមធ្យមរបស់សហរដ្ឋអាមេរិក។ "រដូវក្តៅវានឹងមានអាកាសធាតុក្តៅសំរាប់ពួកឈ្លានពាន និងជាឱកាសចុងក្រោយរបស់ពួកគេ" Reznikov បានសរសេរនៅលើ Twitter ព្រមទាំងបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក នៃអាវុធដ៏មានកម្លាំងខ្លាំងក្លានេះ។ មន្ត្រីការពារជាតិនៃសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ប្រព័ន្ធកាំជ្រួច HIMARS បានមកដល់ដៃកងទ័ពអ៊ុយក្រែនហើយ ប៉ុន្តែមិនទាន់ដឹងថាតើគេបានប្រើប្រាស់វាហើយឬនៅ។
ការអនុមត្តិផ្តល់ឲ្យនូវអាវុធដ៏ទំនើបដែលបាញ់បានចំគោលដៅយ៉ាងជាក់លាក់នេះបានធ្វើឡើងនៅចុងខែឧសភា និងនៅពេលដែលវាបានមកដល់តំបន់ កងកម្លាំងអ៊ុយក្រែនត្រូវការពេលវេលាប្រហែលជា ៣អាទិត្យដើម្បីហាត់ប្រើប្រាស់វា។ រ៉ុក្កែតនេះអាចបាញ់បានចម្ងាយ៧០គ.ម.។ សហរដ្ឋអាមេរិកនឹងបញ្ជូនបន្ថែមនូវជំនួយយោធាចំនួន៤៥០លាដុល្លារសហរដ្ឋអាមេរិកថែមទៀតទៅដល់អ៊ុយក្រែន រួមបញ្ចូលទាំងប្រព័ន្ធរ៉ុក្កែតដែលបាញ់បានចម្ងាយមធ្យម គ្រាប់ និងសម្ភារៈផ្សេងទៀត មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។