លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការដោយផ្ទាល់ នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ដែលទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់លោក ឆុង អើយយ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។
ក្រសួងការបរទេសបានឲ្យដឹងនារសៀល ថ្ងៃទី០២ ខែកញ្ញា នេះថា នៅសាធារណរដ្ឋកូរ៉េលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញជួបពិភាក្សាផ្លូវការជាមួយលោក ឆុង អើយយ៉ុង ដែលនៅក្នុងឱកាសនោះ បញ្ហានានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាននយោបាយនិងការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នឹងត្រូវបានលើកយកមកពិភាក្សា សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដែលល្អស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួមក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ។
ចំណែកនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ឆុង អើយយ៉ុង នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់។ ដោយឡែករដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូផងដែរ។
កិច្ចប្រជុំនេះនឹងធ្វើកាពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ យន្តការដែលបានកំណត់នៅក្នុងផែនការសកម្មភាព (២០២១-២០២៥) ការចូលរួមចំណែករបស់វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកនូវទស្សនៈនានា ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ និងសកលរួមមានការប្តេជ្ញារួមក្នុងការដោះស្រាយវិបត្តិគំរាមកំហែងសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ជាដើម។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះជំងឺកូវីដ១៩ ជាពិសេសប្រភេទ Delta កំពុងតែវាយប្រហារយ៉ាងសកម្មនៅឡើយ នៅលើពិភពលោក ក្នុងនោះសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង កំពុងតែទទួលរងការវាយប្រហារផងដែរ។ ក្នុងនោះគិតត្រឹមម៉ោង១១ និង៤៤ នាទីថ្ងៃត្រង់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១នេះ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងថ្មី ចំនួន១៩៥៦ករណី និងស្លាប់ចំនួន ១១ នាក់ ហើយសរុបមាន ២៥៥,៤០១ករណី និងស្លាប់សរុប ២,៣០៣ នាក់៕
អត្ថបទ និងរូបភាពដោយ មានជ័យ