ខេត្តស្ទឹងត្រែង៖ ជាបញ្ហាមួយដែលគ្រប់គ្នា ត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាវីរុសកូវីដបំប្លែងប្រភេទ ដែលតា(Delta) ហើយនៅខេត្តស្ទឹងត្រែង មានអ្នកកើតជំងឺកូវីដប្រភេទ ដែលតា(Delta) បានកើនឡើងរហូតដល់២៤នាក់ហេីយ បើគិតត្រឹមម៉ោង៥ល្ងាច នាថ្ងៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ បេីយោងតាមរបាយការណ៍របស់សាលាខេត្តស្ទឹងត្រែង ដែលបានបញ្ជាក់និងជូនដំណឹងដល់សាធារណ:ជន។
ក្នុងរបាយការណ៏បានបង្ហាញអោយដឹងទៀតថា មេរោគប្រភេទដែលតា(Delta) បានកើនឡើងយ៉ាងខ្ពស់ក្នុងរយ:ពេលពីរថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២១-២២ខែសីហានេះ ពោលគឺនៅថ្ងៃទី២១រកឃើញមានអ្នកឆ្លងកូវីដប្រភេទDeltaនេះចំនួន១០នាក់បន្ថែម និងថ្ងៃទី២២រកឃើញអ្នកឆ្លងប្រភេទដែលតាDeltaនេះចំនួន៥នាក់បន្ថែមទៀតផងដែរ។
ក្នុងរបាយការណ៏ក៏បានបន្តបញ្ជាក់ទៀតថា ចាប់តាំងពីពីមានការឆ្លងក្នុងព្រឹត្តការណ៍ថ្ងៃ២០កម្ភ:មក ខេត្តស្ទឹងត្រែងមានអ្នកឆ្លងសរុបចំនួន ៨៧៦នាក់ ជាសះស្បើយ ៥០៤នាក់ កំពុងសំរាកព្យាបាល ២០៥នាក់ ស្លាប់៧នាក់ អ្នកឆ្លងមេរោគប្រភេទDeltaចំនួន២៤នាក់។
សូមបញ្ជាក់បន្ថែមថា÷ អាជ្ញាធរខេត្តស្ទឹងត្រែង បានសម្រេចបិទខ្ទប់ក្រុងស្ទឹងត្រែងរយៈពេល១សប្តាហ៍ ក្រោយរក ឃើញ ករណីឆ្លង ជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ “ដែលតា” (Delta) ចំនួន៩ករណី។
ដោយយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ស្ទឹងត្រែង កាលពីថ្ងៃទី ១៧ ខែសីហា បាន ឱ្យ ដឹងថា ការបិទខ្ទប់នេះមានរយៈពេល៧ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោង១១និង៥៩នាទីយប់មិញ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ភូមិសាស្ត្រដែលត្រូវបិទខ្ទប់អាចត្រូវបានបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» ឬ «តំបន់លឿង» អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងមូលដ្ឋានជាក់ស្តែង៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក