ភ្នំពេញ៖ កំពូលអ្នកប្រដាល់ Dave Leduc របស់ប្រទេសមីយ៉ាន់ម៉ា បានអបអរសាទរដល់កីឡាករ ព្រំ សំណាង ដែលឈ្នះមេដាយមាសនៅស៊ីហ្គេម និងទន្ទឹងរងចាំការប្រគួត ព្រមទាំងចង់បានមេដាយមាសស៊ីហ្គេមរបស់ ព្រំ សំណាង ថែមទៀតផង។ Dave Leduc ដែលគេស្គាល់ថា ជាអ្នកប្រដាល់ Lethwei របស់ប្រទេសមីយ៉ាន់ម៉ា បានសរសេរលើបណ្ដាញសង្គម កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយបានអបអរសាទរដល់កីឡាករ ព្រំ សំណាង ដែលបានប្រគួតឈ្នះ កីឡាករ ទុនទុនមីន របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ដណ្ដើមមេដាយមាស នៅស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ កំពូលអ្នកប្រដាល់ Lethwei រូបនេះ បានចាត់ទុកកីឡាករ ព្រំ សំណាង គឺជាអ្នកប្រយុទ្ធដ៏ជំនាញមួយរូប ហើយរំពឹងថា នឹងបានជួបគ្នានៅលើសង្វៀនឆាប់ៗនេះ។ ជាមួយគ្នានេះ Dave Leduc ប្រាថ្នាចង់បានមេដាយមាសស៊ីហ្គេម ប្រសិនបើរូបគេប្រគួតឈ្នះកីឡាករ ព្រំ សំណាង ទៀតផង។ សូមបញ្ជាក់ថា កីឡាករ ព្រំ សំណាង បានឈ្នះពិន្ទុនិងដណ្ដើមបានមេដាយមាស ក្នុងការប្រ គួតជាមួយកីឡាករ ទុនទុនមី របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាដៃគូចាស់របស់កីឡាករ Dave Leduc នាព្រឹត្តិការណ៍ស៊ីហ្គេម កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបចំធ្វើក្នុងរាជធានីភ្នំពេញ៕