លោក Daniel Ek (ដាហ្ញៀល អ៊ែក) គឺជាស្ថាបនិកជនជាតិស៊ុយអែតដែលបានបង្កើតកម្មវិធីចំរៀងអនឡាញ Spotify (ស្ពតធីហ្វាយ) នៅក្នុងឆ្នាំ២០០៨ជាមួយនឹងដៃគូរបស់លោក Martin Lorentzon ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Tradedoubler (ថ្រេដ ដប់ប្ល៊រ)។ កាលពីឆ្នាំ២០០៦កន្លងទៅលោក Daniel Ek បានលក់ក្រុមហ៊ុនវែបសាយរកទីផ្សារដែលមានឈ្មោះថា Advertigo (អាវឺធីហ្កូ) មកកាន់មិត្តភក្តិរបស់លោកគឺលោក Martin Lorentzon (ម៉ាទីន ឡរ៉េនសន) បន្ទាប់មកពួកគេក៏បានចាប់ផ្តើមដាក់ដំណើរការកម្មវិធី Spotify នេះឡើងជាមួយគ្នា។ កាលពីពេលកន្លងមកលោក Daniel Ek តែងតែចាប់អារម្មណ៍រៀនសូត្រនៅលើជំនាញ IT និងចូលចិត្តការស្តាប់តន្រ្តីខ្លាំងណាស់។ មុននឹងលោកបានឈានចូលមកបង្កើតក្រុមហ៊ុន Advertigo លោកបានបំរើការងារនៅលើក្រុមហ៊ុនវែបសាយមួយចំនួនរួមមកហើយ និងជាពិសេសគួរអោយកត់សម្គាល់បំផុតនោះគឺក្រុមហ៊ុន Torrent ផងដែរ។
នេះគ្រាន់តែជាប្រវត្តិត្រួសៗអំពីដំណើរការងារ និងជីវិតរបស់លោកតែប៉ុណ្ណោះតែចំណុចចាប់ផ្តើមនៃភាពជោគជ័យរបស់លោកគឺនៅលើការរុករកកម្មវិធី Spotify នេះតែម្តង។ លោក Daniel Ek បានអោយដឹងថាពីដំបូងឡើយមូលហេតុដែលលោកចាប់ផ្តើមបង្កើតកម្មវិធី Spotify នេះគឺព្រោះតែលោកចង់រុករកអ្វីមួយថ្មីដែលអាចជួយលើផ្នែកតន្រ្តីទី១គឺលោកចង់អោយមនុស្សជាច្រើនអាចស្តាប់តន្រ្តីអនឡាញបានដោយភាពងាយស្រួល មិនចាំបាច់ត្រូវមាន CD ចាក់ចំរៀង រឺត្រូវបង់លុយដើម្បីស្តាប់ចំរៀងមួយបទៗនោះទេ ចំណែកទី២លោកចង់ជួយរកប្រាក់ចំណូលដល់សិល្បករ រឺសហគ្រាសចំរៀងដែលប្រឡូកនៅក្នុងវិស័យតន្រ្តីនេះផងដែរ។ ចំណែកនៅក្នុងថ្ងៃ InvesterDay2022 (អ៊ីន វែនស្ទ័រដេយ) ផងដែរលោក Daniel Ek បានចែករំលែកបទបង្ហាញអំពីយុទ្ធសាស្រ្តមួយចំនួនដែលលោកនិងក្រុមរបស់លោកបានអនុវត្តន៍ឡើងក្នុងការរៀបចំកម្មវិធី Spotify ដើម្បីទទួលបានជោគជ័យ។
ទី១ លោកលើកឡើងអំពីភាពទូលំទួលាយ ដែលនោះមានន័យថាមនុស្សទាំងអស់គ្នាអាចចូលទៅកាន់ស្តាប់តន្រ្តីនោះបានមានន័យថាជាយុទ្ធសាស្រ្តទីផ្សារល្អមួយធ្វើអោយបានទៅដល់ដៃមនុស្សគ្រប់គ្នា។ ទី២ គឺជាសមត្ថភាពនៃការរុករករបស់ក្រុមហ៊ុន Spotify ដែលអាចផ្សារភ្ជាប់មាតិកា រឺចំរៀងណាមួយបានត្រឹមត្រូវទៅកាន់អ្នកប្រើប្រាស់ផ្សេងៗគ្នាដែលនេះហៅថា Personalization (ផ័រសនណាឡាយសេហ្សិន)។ ចំណែកទី៣គឺគោលការណ៍របស់លោកដែលកំណត់យក Freemium (ហ្វ្រីមៀម) នោះគឺការរួមបញ្ចូលគ្នាដែលអាចអោយអ្នកប្រើប្រាស់ប្រើដោយឥតគិតថ្លៃដោយគ្រាន់តែទស្សនាពាណិជ្ជកម្មមួយចំនួន និងមួយផ្នែកទៀតគឺការប្រើប្រាស់ដោយគិតថ្លៃជា Subscription (សាប់ស្គ្រីបសិន)ប្រចាំខែ រឺប្រចាំឆ្នាំ។
គួរបញ្ជាក់ផងដែរលោក Daniel Ek បានលើកឡើងថាក្រុមហ៊ុន Spotify អាចរកប្រភពចំណូលបានតាម៣យ៉ាងទី១គឺ Subscription ទី២ការផ្សាយពាណិជ្ជកម្ម និងទី៣ដំណើរចាប់ផ្តើមដែល Platform (ផ្លេតហ្វម) មួយនេះបានក្លាយជាទីផ្សារហើយពេលនេះលោក Daniel Ek បានបន្ថែមពីលើនេះទៀតថាកម្មវិធី Spotifyប្រៀបដូចជាផ្ទះរបស់សិល្បករ អ្នកបង្កើត និងអ្នកអប់រំនៅទូទាំងសកលលោកមកប្រមូលផ្តុំគ្នានៅទីនេះ។ ប្រសិនបើមានអ្នកបង្កើតហើយក៏នឹងមានអ្នកចូលមកស្តាប់ជាច្រើននាក់ផងដែរ។ ទាំងអ្នកបង្កើត និងទាំងអ្នកស្តាប់បានបង្កើតអោយក្លាយជាទីកន្លែងទីផ្សារមួយដែលទាក់ទាញដៃគូជំនួញមកផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ នេះជា Business Model មួយរបស់ក្រុមហ៊ុន Spotify ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?