កាលពីព្រឹកមិញ លោកពាក់មីដែលជាតារាកំប្លែងដ៏ល្បីម្នាក់ប្រចាំនៅទូរទស្សន៍ ស៊ី ធី អិន (CTN) បានប្រកាសលាឈប់ពីការសម្តែងនៅស្ថានីយ៍ទូរទស្សន៍មួយនេះ។សូមបញ្ជាក់ផងដែរថា លោក ពាក់មីគឺជាតារាកំប្លែង ដ៏ល្បី និងពោរពេញទៅដោយសមត្ថភាពម្នាក់ ដែលបានធ្វើឲ្យមហាជនខ្មែរនៅទូទាំងប្រទេសសើចសប្បាយ ក្អាកក្អាយ និងស្រឡាញ់ចូលចិត្តលោក។ កាលពីឆ្នាំ២០០៩ លោកទទួលបាន ពានរង្វាន់ “ជ័យលាភី មហាកំប្លែង ឆ្នាំ២០០៩”។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការសម្តែងរបស់លោក ហាក់ដូចជាមានភាពស្ងាត់បន្តិច តែលោកនៅមានប្រជាប្រិយភាពខ្លាំងតាមបណ្តាញសង្គម ដូចជា ហ្វេសប៊ុកជាដើមតែកាលពីព្រឹកមិញលោកបានបង្ហាញសារកើតទុក្ខមិនសុខចិត្តនឹងរឿងមេដឹកនាំថ្មីរបស់លោកនៅប៉ុស្តិទូរទស្សន៍ ស៊ី ធី អិន។ ដោយយោងទៅតាម សារដែលលោកបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក លោកបានសរសេរថា “ខ្ញុំប្រហែលជាត្រូវលាឈប់ពី ស៊ី ធី អិន ហើយបងប្អូន។
បើមិនឈប់ដោយសារក្រុមហ៊ុនដកចេញទេ ក៏ខ្ញុំសូមឈប់ដោយខ្លួនឯងដែរ ពីព្រោះដោយសារតែខ្ញុំមិនពេញចិត្ត នឹងការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។ តាមពិតទៅ ខ្ញុំមិនចង់ចាកចេញពី ស៊ី ធី អិនទេ ពីព្រោះវាធ្លាប់ជាផ្ទះ និងជាកន្លែងដែលផ្តល់កំណើតសិល្បៈដល់ខ្ញុំ តែខ្ញុំសុខចិត្តចេញ ដើម្បីតវ៉ា ទៅនឹងរឿងដែលរិតត្បិតតឹងតែងពេករបស់អ្នកដឹកនាំថ្មី ជាហេតុធ្វើឲ្យបុគ្គលិកមានសម្ពាធ។ សង្ឃឹមថាការឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើឲ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ថូរបន្ថយ នូវច្បាប់ថ្មីដ៏តឹងតែងរបស់គាត់ខ្លះ ដើម្បីឲ្យបុគ្គលិកដែលនៅធ្វើការបន្ត ពួកគាត់បានសុខសប្បាយ និងមិនសូវមានសម្ពាធ។
សូមអរគុណ!”។ ប្រហែលជា ២ម៉ោងក្រោយមក លោកបានបន្ថែមទៀតថា “សូមបញ្ជាក់ថា អ្វីដែលខ្ញុំតវ៉ា គឺដើម្បីបុគ្គលិកដែលគាត់ធ្វើការនៅ ស៊ី ធី អិន ពីព្រោះពួកគាត់បានរងសម្ពាធ តែមិនហ៊ានតវ៉ាដោយសារខ្លាចបាត់បង់ការងារ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។ដូចនេះសង្ឃឹមថាការផុសរបស់ខ្ញុំ ការលាឈប់របស់ខ្ញុំ និងអ្នកកំប្លែង៣នាក់ផ្សេងទៀត អាចជួយធ្វើឲ្យអ្នកគ្រប់គ្រងថ្មី គាត់ជួយសម្រួលច្បាប់ និងកាត់បន្ថយការរិតត្បិតដ៏តឹងតែងរបស់គាត់។ សូមអរគុណ!”។ លោកពាក់មីផងដែរ ក៏បានខំមិននៅខាងក្រោមអត្ថបទរបស់លោកទៀតថា “សូមបងប្អូនសិល្បៈ ឬ បុគ្គលិក ដែលចូលទៅក្នុង CTN ហើយមានការសួរនាំច្រើន តឹងតែង ត្រូវបំពេញឯកសារផ្សេងៗ ……ពីខាងសន្តិសុខ។ សូមបងប្អូន កុំខឹងនឹងគាត់អី ពីព្រោះគាត់ធ្វើតាមតែបញ្ជាថ្នាក់លើទេ ហើយបើគាត់មិនធ្វើតាមទេគេនឹងដកគាត់ចេញ។ដូចនេះសូមបងប្អូនអនុគ្រោះឲ្យខាងសន្តិសុខផង។ សូមអរគុណ!”។
អត្ថបទដោយ KuyDorng