Cristiano Ronaldo មានស្រុកកំណើតនៅលើកោះម៉ាឌីរ៉ា (Madeira) ហើយរស់នៅក្នុងគ្រួសារដ៏ក្រីក្រមួយ។ ជីវិតនៅពេលវ័យក្មេងរបស់គាត់ ពោរពេញទៅដោយការលំបាក ស្ទើរតែពុំមានអាហារហូបគ្រប់គ្រាន់ ដើម្បីបំពេញក្រពះក្នុងការតស៊ូក្នុងជីវិតដ៏លំបាកមួយនេះ។ គ្រួសារមានបញ្ហាជីវភាពទៅហើយ ប៉ុន្តែឪពុករបស់គាត់ ដែលត្រឹមតែជាអ្នកថែសួនម្នាក់ បែប្រែខ្លួនជាមនុស្សប្រមឹក ដែលបានបន្ថែមបន្ទុកដល់គ្រួសារទៀតផង តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ២០០៥ គាត់បានស្លាប់ ដោយសារជំងឺថ្លើម។ ដូច្នេះ បន្ទុកគ្រួសារទាំងអស់បានធ្លាក់មកលើម្តាយរបស់គាត់ ដែលបានខំធ្វើការងារដល់ទៅពីរ គឺជាមេចុងភៅ និងជាអ្នកសំអាត។ គាត់ខំធ្វើការទាំងពីរនេះ គឺដើម្បីតែអាចផ្តល់អាហារក្តៅៗសម្រាប់ផ្គត់ផ្គង់កូនទាំងបីរបស់គាត់ ដែលគាត់ស្រលាញ់ស្មើរជីវិតរបស់គាត់។
“ខ្ញុំបានធំដឹងក្តីដោយគ្មានអ្វីសោះឡើយ។ យើងជាគ្រួសារមួយដែលមានជីវភាពក្របំផុត។ ខ្ញុំគ្មានសូម្បីតែប្រដាប់ក្មេងលេង និងកាដូនៅថ្ងៃបុណ្យណូអែល។ ខ្ញុំត្រូវគេងនៅក្នុងបន្ទប់មួយ ជាមួយបងប្រុសខ្ញុំ និងបងស្រីខ្ញុំពីរនាក់ទៀត ហើយឪពុកម្តាយរបស់ខ្ញុំត្រូវគេងនៅបន្ទប់ផ្សេងទៀត។”
ប៉ុន្តែសំណាងល្អដែលមានបាល់មួយ ដែលតែងតែធ្វើឱ្យគាត់ភ្លេចអស់នូវរាល់ការលំបាកដែលកើតមានរៀងរាល់ថ្ងៃ ហើយផ្តោតលើការក្លាយខ្លួនជាមនុស្សដែលល្អបំផុត ដែលតែងតែនាំមកនូវស្នាមញញឹមសម្រាប់គាត់ជានិច្ច។ នៅពេលគាត់មានអាយុ ៨ ឆ្នាំ Christiano បានចាប់ផ្តើមលេងឱ្យក្លឹប Andorinha ដែលជាក្លឹបដំបូងរបស់គាត់ ហើយក៏ជាកន្លែងដែលឪពុករបស់គាត់ ធ្លាប់ធ្វើការជាត្រួតពិនិត្យឧបករណ៍របស់កីឡាករផងដែរ។ សូម្បីតែនៅថ្ងៃដំបូង ទេពកោសល្យរបស់គាត់ត្រូវបានបង្ហាញយ៉ាងច្បាស់ ហើយគួរឱ្យសរសើរចំពោះក្រមសីលធម៌នៃវិជ្ជាជីវៈការងាររបស់គាត់។
នៅក្នុងវ័យ ១១ ឆ្នាំ Ronaldo បានទទួលការចាប់អារម្មណ៍ពីក្លឹបកីឡា Sporting Clube de Portugal។ នៅពេលគាត់ធំឡើង មនុស្សគ្រប់គ្នាបានទទួលស្គាល់ថា គាត់ជាមនុស្សដែលមានទេពកោសល្យ ប៉ុន្តែពួកគេក៏បាននិយាយទៀតថា គាត់ជាមនុស្សដែលមានមាឌតូច ហើយស្គម។ Cristiano មិនចូលចិត្តឲ្យគេនិយាយដូច្នេះនោះទេ។
“វាជាការពិតដែលខ្ញុំស្គម។ ខ្ញុំគ្មានសាច់ដុំទេ។ ដូច្នេះ ខ្ញុំបានធ្វើការសម្រេចចិត្តមួយនៅអាយុ ១១ ឆ្នាំ។ ខ្ញុំដឹងថា ខ្ញុំមានទេពកោសល្យជាច្រើន ប៉ុន្តែខ្ញុំបានសំរេចថា ខ្ញុំនឹងប្រឹងប្រែងជាងអ្នកទាំងអស់គ្នា។ ខ្ញុំចាប់ផ្តើមលួចចេញពីកន្លែងសម្រាក់ពេលយប់ដើម្បីទៅហាត់ប្រាណ។ មាឌរបស់ខ្ញុំចាប់ផ្តើមធំទៅ ហើយអាចរត់នូវល្បឿនលឿន។ ខ្ញុំនឹងដើរនៅលើទីលានទាត់បាល់ និងមនុស្សដែលធ្លាប់និយាយគ្នាថា គាត់មានខ្លួនស្គមណាស់។ ឥឡូវនេះពួកគេនឹងសម្លឹងមកខ្ញុំ ដូចវាជាថ្ងៃចុងបញ្ចប់នៃពិភពលោក។”
ខណៈពេលដែលគាត់មានប្រជាប្រិយភាពជាមួយសិស្សដទៃទៀត ប៉ុន្តែឯសាលាគាត់មិនសូវមានប្រជាប្រិយភាពជាមួយគ្រូនោះទេ។ Christian ត្រូវបានបណ្តេញចេញពីសាលា បន្ទាប់ពីគប់កៅអីទៅលើគ្រូរបស់គាត់ដែលបាននិយាយលេងសើចពីគាត់ និងគ្រួសាររបស់គាត់ អំពីជីវភាពក្រីក្រ ដែលមិនអាចផ្គត់ផ្គង់ការសិក្សារបស់គាត់។ ចាប់ពីពេលនោះមក គាត់បានផ្តោតការយកចិត្តទុកដាក់ទៅលើបាល់ទាត់ដែលជាបានកែប្រែជីវីតរបស់គាត់ទាំងស្រុង។ គ្រាដ៏លំបាកបំផុតមួយសម្រាប់ Christian គឺត្រូវចាកចេញពីកោះម៉ាឌីរ៉ា (Madeira) ដើម្បីចូលរួមជាមួយក្លឹប Lisbon Academy football បាន។
“បាល់ទាត់បានផ្តល់អ្វីៗគ្រប់យ៉ាងដល់ខ្ញុំ ប៉ុន្តែវាបាននាំខ្ញុំទៅឆ្ងាយពីផ្ទះ ទាំងដែលខ្ញុំមិនបានត្រៀមខ្លួនជាមុន។ នៅពេលដែលខ្ញុំមានអាយុ ១១ ឆ្នាំ ខ្ញុំបានធ្វើការផ្លាស់ពីកោះម៉ាឌីរ៉ា (Madeira) ទៅក្លឹប Academy Sporting Lisbon វាគឺជាពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។”
នៅពេលដែល Cristiano Ronaldo កំពុងលេងឱ្យក្លឹប Sporting Lisbon នៅអាយុ ១៥ ឆ្នាំ អាជីពរបស់គាត់ស្ទើរតែបានបញ្ចប់មុនពេលដែលវាបានចាប់ផ្តើម។ Cristiano ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺបេះដូងដែលជាអកុសលបានធ្វើឱ្យបេះដូងរបស់គាត់លោតលឿន ទោះបីជាគាត់មិនបានរត់ ឬលេងក៏ដោយ។ គាត់ត្រូវឆ្លងកាត់ការវះកាត់បេះដូងដោយជោគជ័យ ដូច្នេះទីបំផុត គាត់អាចរត់ហាត់ប្រាណ និងផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់គាត់ម្តងទៀត គឺ សម្រេចក្តីសុបិន្តរបស់គាត់។
នៅក្នុងឆ្នាំ ២០០៣ Cristiano Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលមានតម្លៃ ១៥ លានផោន និងបានក្លាយជាកីឡាករព័រទុយហ្កាល់ដំបូងគេ ដែលបានចូលរួមជាមួយក្លឹប Manchester United ។ បន្ទាប់ពីគាត់បានចូលរួមជាមួយក្រុមនេះ គឺជាការធានាអនាគតរបស់គាត់ក្នុងនាមជាកីឡាករបាល់ទាត់។ លោក Alex Ferguson គឺជាអ្នកទទូចចង់ផ្តល់ឱ្យគាត់នូវអាវលេខ ៧ ។ “ខ្ញុំគិតថាកីឡាករវ័យក្មេងដូច Ronaldo សមនឹងពាក់វា។ ខ្ញុំសង្ឃឹមថា គាត់នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងក្លឹបនេះ” នេះជាការបកស្រាយរបស់ Sir Alex នៅពេលដែលគាត់បានបញ្ចប់ការផ្ទេរ Ronaldo ពី Sporting Lisbon ទៅ Manchester United ។ នៅក្នុងការប្រកួតរបស់គាត់សម្រាប់ក្រុម Manchester United គាត់បានស៊ុតបាល់បញ្ចូលទី ១១៨ គ្រាប់ក្នុង ២៩២ ប្រកួត។
នៅឆ្នាំ ២០០៩ នៅពេលដែលកីឡាករ Cristiano Ronaldo បានផ្លាស់ប្តូរពីក្រុមបិសាចក្រហម Manchester United ទៅកាន់ក្លឹប Real Madrid ដែលបានធ្វើឲ្យគាត់ក្លាយជាកីឡាករបាល់ទាត់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្នុងតម្លៃ ៩៤ លានអឺរ៉ូ។ ហើយបន្ទាប់ពីជិតមួយទសវត្សរ៍ អាជីពរបស់គាត់ជាមួយក្រុម Real Madrid បានបញ្ចប់នៅពេលដែល Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លឹប Juventus ដោយការផ្ទេរនេះមានតម្លៃ ១០០ លានអឺរ៉ូ។ ការផ្ទេរនេះ គឺខ្ពស់បំផុតមិនធ្លាប់មានសម្រាប់កីឡាករដែលមានអាយុលើសពី ៣០ ឆ្នាំរូបនេះ។ នៅក្នុងឆ្នាំ២០២១នេះ ក្លិប Serie A បានប្រកាសថា ក្លិប Juventus បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Manchester United សម្រាប់ការផ្ទេរកីឡាករ Cristiano Ronaldo ក្នុងតម្លៃ ១៥ លានអឺរ៉ូដំបូង (១២,៨៦ លានផោន)។ Cristiano Ronaldo បាននិយាយថា: “ Manchester United គឺជាក្លឹបមួយដែលតែងតែមានកន្លែងពិសេសមួយនៅក្នុងបេះដូងខ្ញុំ ហើយខ្ញុំបានទទួលសារយ៉ាងច្រើនលើសលប់ ចាប់តាំងពីការប្រកាសកាលពីថ្ងៃសុក្រ។ ខ្ញុំមិនអាចរង់ចាំការទៅលេងនៅ Old Trafford នៅខាងមុខពហុកីឡាដ្ឋាន ហើយជួបអ្នកគាំទ្រទាំងអស់ម្តងទៀតបានទេ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយក្រុមនេះ បន្ទាប់ពីការប្រកួតអន្តរជាតិ ហើយខ្ញុំសង្ឃឹមថា យើងនឹងទទួលមកនូវភាពជោគជ័យនារដូវពេលខាងមុខ” ។ Cristiano Ronaldo ក៏បានបញ្ជាក់ថា "សម្រាប់ខ្ញុំលោក Sir Alex Ferguson គឺប្រៀបដូចជាឪពុកម្នាក់ នៅក្នុងវិស័យបាល់ទាត់នេះ។ គាត់បានជួយខ្ញុំ ហើយគាត់បានបង្រៀនខ្ញុំជាច្រើននៅក្នុងវិស័យនេះ ហើយតាមគំនិតរបស់ខ្ញុំ គាត់មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់មកកាន់ក្លឹប Manchester United វិញ ដោយសារតែទំនាក់ទំនងដែលយើងមាន យើងបានរក្សាទំនាក់ទំនងជាមួយគាត់ ទោះបីយើងនៅក្លឹបផ្សេងគ្នា ហើយគាត់គឺជា មនុស្សអស្ចារ្យដែលមិនគួរឱ្យជឿ។ ខ្ញុំពិតជាចូលចិត្តគាត់ខ្លាំងណាស់ ហើយគាត់គឺជាមនុស្សដ៏សំខាន់សម្រាប់ខ្ញុំ ក្នុងតំណែងដែលខ្ញុំបានចុះកុងត្រាជាមួយ Manchester United” ។
មកដល់ពេលនេះ រ៉ូណាល់ដូ បានឈ្នះពានរង្វាន់ធំៗ ចំនួន ៣០ ក្នុងអាជីពរបស់គាត់ រួមទាំងពានរង្វាន់ UEFA Champions League ចំនួន ៥ ពានរង្វាន់ FIFA Club World Cup ចំនួន ៤ ពានរង្វាន់លីកចំនួន ៧ នៅប្រទេសអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី និងពានរង្វាន់ UEFA European Championship សម្រាប់ប្រទេសព័រទុយហ្កាល់របស់គាត់ទៀតផង។
ប៉ុន្តែគាត់ក៏ដូចជាមនុស្សគ្រប់រូបដែរ Ronaldo ធ្លាប់ទទួលនូវការលំបាកការបរាជ័យ និងការខកចិត្ត ប៉ុន្តែគាត់មានសមត្ថភាពមិនគួរឱ្យជឿ ក្នុងការផ្តោតអារម្មណ៍លើការខិតខំប្រឹងប្រែងក្នុងការធ្វើការងារ និងហ្វឹកហាត់ដើម្បីបង្កើនជំនាញរបស់គាត់ជារៀងរាល់ថ្ងៃ ទាំងនេះគឺជាហេតុផលដែលបានធ្វើឱ្យគាត់មានអ្វីៗគ្រប់យ៉ាងនៅសព្វថ្ងៃនេះ។ ការទទួលបាននេះក៏ព្រោះតែ ៖ អាកប្បកិរិយាដែលមិនចេះបោះបង់ចោល “ខ្ញុំមិនមែនជាមនុស្សដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំចូលចិត្តអារម្មណ៍នៅពេលដែលអ្វីៗត្រូវបានធ្វើបានយ៉ាងល្អ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំមានអារម្មណ៍ថា រូបខ្ញុំត្រូវការការរៀនសូត្រ ដើម្បីកែលម្អ និងអភិវឌ្ឍន៍ដែលគ្មានទីបញ្ចប់ មិនមែនដើម្បីតែផ្គាប់ចិត្តគ្រូបង្វឹក និងអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធ្វើឲ្យខ្ញុំមានអារម្មណ៍ពេញចិត្តចំពោះខ្លួនឯងផងដែរ។ វាគឺជាការតាំងចិត្តរបស់ខ្ញុំថា ការសិក្សារៀនសូត្រគ្មានដែនកំណត់នោះទេ ហើយវាមិនអាចបញ្ឈប់បានឡើយ មិនថាអាយុរបស់យើងច្រើនយ៉ាងណា”
ដូច្នេះមិនថាគាត់ជួបឧបសគ្គ និងការបរាជ័យអ្វីនោះទេ រ៉ូណាល់ដូតែងតែត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងរាល់បញ្ហាទាំងអស់។ យើងមិនចង់ប្រាប់ក្តីសុបិន្តរបស់យើងទៅនរណាម្នាក់នោះទេ យើងចង់បង្ហាញភាពជោគជ័យទៅពួកគេ ដូច្នេះត្រូវចងចាំថា ឧបសគ្គ ការបរាជ័យ និងការខកចិត្ត គឺឱសថដ៏ល្អសម្រាប់អ្នក ដែលធ្វើឱ្យអ្នកកាន់តែរឹងមាំ ដូច្នេះសួរខ្លួនឯងថា តើការមិនបោះបង់ និងមិនចុះចាញ់មានន័យដូចម្តេចសម្រាប់អ្នក? នៅពេលដែលអ្នកទទួលបានសំណួរបែបនេះ អ្នកត្រូវនិយាយដោយភាពក្លាហានថា ចម្លើយរបស់វា គឺ ជឿជាក់នៅលើខ្លួនឯង! អ្វីក៏ដោយដែលអ្នកធ្វើ និងអ្វីដែលអ្នកនឹងប្រឈមមុខ អ្នកត្រូវតែជឿជាក់លើខ្លួនឯង។ តាំងពីក្មេង គ្រីស្ទៀណូរ៉ូណាល់ដូ តែងតែជឿជាក់លើខ្លួនឯងមិនថាស្ថានភាពលំបាកប៉ុណ្ណា និងមិនថាមានឧបសគ្គយ៉ាងណាក៏ដោយ។
“នៅក្នុងចិត្តខ្ញុំ ខ្ញុំគឺជាកីឡាករល្អបំផុតនៅលើពិភពលោក” សូម្បីតែជំងឺបេះដូងក៏មិនអាចបញ្ឈប់គាត់បានដែរ ដូច្នេះតើមានអ្វីដែលអាចបញ្ឈប់អ្នកបាន? អ្នកគឺជាមនុស្សពិសេស មនុស្សអស្ចារ្យ ដែលមានទេពកោសល្យ និងសមត្ថភាពធម្មជាតិផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកត្រូវវិនិយោគទៅលើពួកគេ ព្រោះគ្មាននរណាធ្វើសម្រាប់អ្នកឡើយ។ នៅពេលដែលអ្នកជឿជាក់លើខ្លួនឯង គ្មានអ្នកណាយកឈ្នះលើរូបអ្នកបានទេ។ បំណងប្រាថ្នាដើម្បីឲ្យខ្លួនឯងមានការអភិវឌ្ឍន៍ ក្លាយជាអ្វីដែលល្អបំផុត និងចង់ភ្លក់រសជាតិនៃភាពជោគជ័យ គឺជារឿងទូទៅ ទៅហើយសម្រាប់មនុស្សគ្រប់គ្នា ព្រោះមិនមានមនុស្សណាម្នាក់ដែលមិនចង់ទទួលបានភាពជោគជ័យនោះទេ។
ប៉ុន្តែជាអកុសលមានមនុស្សតែពីរ បីនាក់ប៉ុណ្ណោះ ដែលចំណាយពេលវេលាការងារ ញើសឈាម និងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីទទួលបានភាពជោគជ័យដែលពួកគេប៉ង់ប្រាថ្នា។ កុំធ្វើជាមនុស្សដែលមានក្តីសុបិន្ត ចង់សម្រេចបាននូវភាពជោគជ័យ ប៉ុន្តែបានត្រឹមតែស្រមៃនោះ។ នៅលើពិភពលោកនេះពោរពេញទៅដោយមនុស្សដែលមានទេពកោសល្យ មនុស្សដែលសមត្ថភាពធម្មជាតិ តែប្រែទៅជាជនបរាជ័យទៅវិញ។ ការខិតខំប្រឹងប្រែងតែងតែយកឈ្នះលើទេពកោសល្យ ... ប៉ុន្តែអ្វីដែលសំខាន់គឺថា អ្នកមានការលះបង់ប៉ុណ្ណាទៅលើអ្វីដែលអ្នកចង់បាន។ តើអ្នកចង់បានវាខ្លាំងប៉ុណ្ណា? ប្រសិនបើអ្នកចង់សម្រេចបានភាពជោគជ័យ ខិតខំប្រឹងប្រែងឡើង! “ អ្នកមិនចាំបាច់ក្លាយខ្លួនជាមនុស្សដែលពូកែជាងគេនៅលើពិភពលោកទេ សូមតែព្យាយាមដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ដែលល្អបំផុតសម្រាប់ខ្លួនឯងក៏គ្រប់គ្រាន់ដែរ! ដូច្នេះតើជីវិតរបស់អ្នកធ្លាប់បានឆ្លងកាត់អ្វីខ្លះ? តើអ្នកបានដោះស្រាយវាដោយរបៀបណា? ជីវិតគឺពោរពេញទៅដោយការលំបាក ប៉ុន្តែសូមកុំបោះបង់ចោលនូវក្តីស្រមៃរបស់អ្នក!