1. កូរ៉េខាងត្បូងស្តារទំនាក់ទំនងជាមួយជប៉ុនឡើងវិញបន្ទាប់ពីកូរ៉េខាងជើងពង្រីកកម្មវិធីនុយក្លេអ៊ែរ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ចុះទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុនដើម្បីស្វែងរកការបើកទំព័រថ្មីស្តីអំពីបញ្ហាជំុវិញជម្លោះតាំងពីអាណានិគមជប៉ុនលើឧបទ្វីបកូរ៉េឡើងវិញ និងដើម្បីបង្កើត"ទំនាក់ទំនងសំរាប់តម្រង់ទិសដៅក្នុងពេលអនាគត" ជាមួយទីក្រុងតូក្យូនៅខណៈដែលកូរ៉េខាងជើងកំពុងតែពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនយ៉ាងលឿន។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Yoon ដែលបានចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ គឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់មេដឹកនាំកូរ៉េខាងត្បូងក្នុងរយៈពេល 12 ឆ្នាំមកម្ល៉េះ។ ព័ត៌មានបានអោយដឹងថាលោក Yoon សង្ឃឹមថានឹងអាចពង្រីកវិស័យសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៍ផ្សេងៗក៏ដូចជាធ្វើឱ្យមានការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរឡើងវិញ "ដើម្បីយកឈ្នះលើប្រវត្តិសាស្រ្តដ៏អកុសលពីអតីតកាល និងធ្វើដំណើរឆ្ពោះទៅរកអនាគត"។ ការពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុនអាចត្រួសត្រាយផ្លូវសម្រាប់ប្រទេសជិតខាងទាំងពីរ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីសហការគ្នាកាន់តែជិតស្និទ្ធលើបញ្ហារួមគ្នាទាក់ទងនឹងកូរ៉េខាងជើង ក៏ដូចជាប្រទេសចិន។
2.Credit Suisse ខ្ចីប្រាក់ជាង 50 ពាន់លានដុល្លាពីធនាគារជាតិស្វីស
ធនាគារធំលំដាប់ទី២នៅប្រទេសស្វីស Credit Suisse បានលើកឡើងថាខ្លួននឹងខ្ចីប្រាក់រហូតដល់ទៅ 53.7 ពាន់លានដុល្លាពីធនាគារជាតិស្វីស ខណៈដែលភាគហ៊ុននៅក្នុងធនាគារ បានធ្លាក់ចុះដល់ទៅ 30% កាលពីថ្ងៃពុធនេះ។ ធនាគារបានហៅប្រាក់កម្ចីនេះថាជា«គំរោងពង្រឹងសាច់ប្រាក់របស់ខ្លួនជាមុន»។ បន្ទាប់ពីការបរាជ័យរបស់ធនាគារ Silicon Valley នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន វិនិយោគិនជាច្រើនបាននាំគ្នាលក់ភាគហ៊ុនដំណាលគ្នានៅក្នុងធនាគារស្វីសផងដែរនៅក្រោយនេះបន្តិច ធ្វើអោយពួកគេបានធ្លាក់ចុះភាគហ៊ុនដល់កម្រិតទាបថ្មីមួយក្នុងប្រវត្តិសាស្រ្ត។ ភាគហ៊ុនអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងសំរាប់ពេលចាប់ផ្តើមនៃថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែត្រលប់មកប្រសើរឡើងវិញបន្តិចបន្ទាប់ពីធនាគារ Credit Suisse បានចេញសកម្មភាពស្តារទំនុកចិត្តនៅក្នុងប្រតិបត្តិការរបស់ខ្លួនរួចមក។ ភាគហ៊ុនរបស់ធនាគារបានធ្លាក់ចុះចុងក្រោយ 24% នៅក្នុងទីក្រុង Zurich កាលពីថ្ងៃពុធ ហើយតម្លៃនៃការទិញធានារ៉ាប់រងប្រឆាំងនឹងហានិភ័យរបស់ធនាគារ Credit Suisse បានកើនឡើងដល់កម្រិតខ្ពស់បំផុត នេះបើយោងតាម S&P Global Market Intelligence ។ ការធ្លាក់ចុះនៃភាគហ៊ុននេះបានហៀរចូលទៅក្នុងភាគហ៊ុនធនាគារអឺរ៉ុបផ្សេងទៀត ដោយមានធនាគារបារាំង និងអាល្លឺម៉ង់ដូចជា BNP Paribas, Societe Generale, Commerzbank និង Deutsche Bank បានធ្លាក់ចុះពី 8% ទៅ 12% ។ ធនាគារអ៊ីតាលី និងចក្រភពអង់គ្លេសក៏បានធ្លាក់ចុះផងដែរ។
3. តំលៃមាសកើនឡើងខណៈដែលអ្នកជំនួញកំពុងបារម្ភអំពីវិបត្តិធនាគារ
តំលៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែកុម្ភៈមក នៅក្នុងពេលដែលអ្នកជំនួញកាន់តែមានកង្វល់លើវិស័យហិរញ្ញវត្ថុបន្ទាប់ពីធនាគារ Credit Suisse បានក្លាយជាចំណុចស្នូលតាមដានចុងក្រោយគេបង្អស់សម្រាប់ភាពភ័យខ្លាចនៃវិបត្តិធនាគារកំពុងកើតមានឡើង។ Spot Gold បានធ្លាក់ចុះ 0.3% នៅតំលៃ $1,912.48 ក្នុងមួយអោន គិតត្រឹមម៉ោង 03:28 នាទីព្រឹក បន្ទាប់ពីបានកើនឡើងច្រើនជាង 1% កាលពីថ្ងៃពុធកន្លងទៅនេះ។ U.S. gold futures បានធ្លាក់ចុះ 0.8% ដល់តំលៃ 1,915.10 ដុល្លា។ លោក Hareesh V ប្រធានផ្នែកស្រាវជ្រាវទំនិញនៅ Geojit Financial Services បាននិយាយថា "វិនិយោគិនកំពុងស្វែងរកទ្រព្យសកម្មដែលមានសុវត្ថិភាពបំផុតដើម្បីរក្សាទឹកប្រាក់របស់ពួកគេបន្ទាប់ពីមានវិបត្តិវិស័យធនាគារដ៏ធំនៅសហរដ្ឋអាមេរិក ដែលនេះធ្វើអោយពួកគេងាកទៅរកតំលៃមាសដែលមានសុវត្ថិភាពរបស់ពួកគេ" ។ រូបិយប័ណ្ណដែលមានសុវត្ថិភាពដូចជាប្រាក់ដុល្លាអាមេរិកគឺស្ថិតនៅក្នុងតម្រូវការកាលពីថ្ងៃព្រហស្បតិ៍។ មាសបានប្រកួតប្រជែងជាមួយប្រាក់ដុល្លាដែលជាការរក្សាតំលៃសុវត្ថិភាពមួហើយការកើនឡើងនៃរូបិយប័ណ្ណធ្វើឱ្យមាសដុំលែងសូវមានភាពទាក់ទាញវិញសម្រាប់អ្នកទិញក្រៅប្រទេស។ អ្នកវិភាគនៅក្រុមហ៊ុន JP Morgan បានរំពឹងថា មាសនឹងឡើងដល់កំពូលក្នុងតំលៃ $2,000 ក្នុងមួយអោន នៅឆ្នាំនេះ។កត់សម្គាល់ផងដែរថា Spot silver បានធ្លាក់ចុះ 0.4% ដល់ $21.71 ក្នុងមួយអោន, ផ្លាទីនធ្លាក់ចុះ 0.3% នៅ $959.52 ខណៈដែល palladium ឡើង 1.3% នៅ $1,465.91។
4. រុស្ស៊ីអាចបំផ្លាញទីក្រុងឆ្នេរចក្រភពអង់គ្លេសដោយ "រលកវិទ្យុសកម្មស៊ូណាមិ" ពីអាវុធ Poseidon
អ្នកជំនាញនិយាយថា នុយក្លេអ៊ែ Poseidon របស់ពូទីន អាចបំផ្លាញទីក្រុងឆ្នេរសមុទ្រ និងអាចបណ្តាលឱ្យមានទឹកជំនន់វិទ្យុសកម្ម និងសម្លាប់មនុស្សរាប់លាននាក់នៅទីក្រុងឡុងដ៍។ ចាប់តាំងពីលោកពូទីនបានឈ្លានពានអ៊ុយក្រែនមក ពួកអ្នកឃោសនារបស់លោកបានបន្តគំរាមកំហែងចក្រភពអង់គ្លេសជារឿយៗជាមួយនឹងអនុភាពនៃអាវុធនុយក្លេអ៊ែររបស់ពួកគេ ហើយការឃោសនានេះបានបន្តកើនឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីពេលថ្មីៗនេះ ឧត្តមសេនីយរុស្ស៊ីដែលបានចូលនិវត្តន៍លោក Yevgeny Buzhinsky បានជំរុញឱ្យលោក Putin បាញ់បង្ហោះនូវអាវុធ Poseidon របស់ពួកគេដែលកំពុងស្ថិតនៅក្នុងការសាកល្បងនៅឡើយ ដែលលោកបាននិយាយថាវានឹងអាចបំផ្លាញចក្រភពអង់គ្លេសបានទៀតផង។ ហើយឥឡូវនេះ អ្នកជំនាញយោធាអន្តរជាតិបានព្រមានថា កាំជ្រួចក្រោមទឹករបស់ពូទីន ពិតជាអាចបំផ្លាញទីក្រុងឆ្នេរសមុទ្ររបស់ចក្រភពអង់គ្លេសបណ្តាលឱ្យមានទឹកជំនន់វិទ្យុសកម្ម និងសម្លាប់មនុស្សរាប់លាននាក់នៅទីក្រុងឡុងដ៍។ ខណៈពេលដែលអ្នកជំនាញបដិសេធការអះអាងរបស់រុស្ស៊ីដែលថា Poseidon នឹងបណ្តាលឱ្យមានរលកកម្ពស់1,000 ហ្វីត - ប្រហែលកម្ពស់នៃប៉ម Eiffel ឬថាវានឹងអាចបំផ្លាញប្រទេសទាំងមូល ប៉ុន្តែពួកគេនិយាយថាផលប៉ះពាល់នៃការវាយប្រហារនុយក្លេអ៊ែរនឹងនៅតែមានការ "បំផ្លិចបំផ្លាញ" ខ្លាំង។ អ្នកសិក្សាបាននិយាយថា ប្រសិនបើរុស្ស៊ីបានបាញ់បង្ហោះ Poseidon ចេញពីនាវាមុជទឹក "Doomsday" របស់ខ្លួន កាំជ្រួចមីស៊ីល torpedo របស់ពួកគេនឹងបានផ្ទុះនៅក្នុងមាត់ទន្លេ Thames របស់ចក្រភពអង់គ្លេស ហើយរលកជំនោរនឹងផ្ទុះចេញពីផ្ទៃទឹកនិងបំផ្លាញទីក្រុងឡុងដ៍តែម្តង។ បំពង់របស់ Poseidon មានផ្ទុកនូវរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលតាមទ្រឹស្តីអាចផ្តល់អោយដ្រូននេះនូវរយៈចម្ងាយឥតដែនកំណត់ ប្រសិនបើធ្វើដំណើរលើផ្លូវដែលបានកំណត់ទុកជាមុនទៅកាន់គោលដៅរបស់វា។
5. ធនាគារ First Republic ពិចារណាជំរើសមួយចំនួនដូចជាការដាក់លក់
ធនាគារ First Republic Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីនៅសាន់ហ្វ្រាន់ស៊ីស្កូ ដែលត្រូវបានបន្ថយតំលៃដោយក្រុមហ៊ុន S&P Global Ratings និង Fitch Ratings កាលពីថ្ងៃពុធនេះកំពុងស្វែងរកជម្រើសយុទ្ធសាស្រ្ត រួមទាំងក្នុងនោះផងដែរក៏មានការលក់។ ធនាគារដែលថ្លឹងថ្លែងជម្រើសទ្រទ្រង់សាច់ប្រាក់ ត្រូវបានគេរំពឹងថានឹងទាក់ទាញចំណាប់អារម្មណ៍ពីគូប្រជែងធំៗជាងនេះ គ្មានការសម្រេចចិត្តណាមួយត្រូវបានឈានដល់នៅឡើយ ដូច្នេះហើយធនាគារនៅតែអាចជ្រើសរើសជំរើសរក្សាភាពឯករាជ្យរបស់ខ្លួន។ First Republic បាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនមានសាច់ប្រាក់ដែលមិនទាន់បានប្រើប្រាស់ច្រើនជាង70ពាន់លានដុល្លាដើម្បីទ្រទ្រង់ប្រតិបត្តិការពីកិច្ចព្រមព្រៀងដែលរួមមាន Federal Reserve និង JPMorgan Chase & Co. ប៉ុន្តែនៅតែភាគហ៊ុនរបស់ពួកគេបានធ្លាក់ចុះ 21% កាលពីថ្ងៃពុធនៅទីក្រុងញូវយ៉ក។ អ្នកផ្តល់ប្រាក់កម្ចីឯកទេសក្នុងវិស័យធនាគារឯកជន និងការគ្រប់គ្រងទ្រព្យសម្បត្តិ បានខិតខំបង្ហាញភាពខុសប្លែករបស់ខ្លួនពីធនាគារ Silicon Valley ដែលត្រូវបានរឹបអូសដោយនិយតករសហរដ្ឋអាមេរិក។ មិនដូចធនាគារ SVB ដែលមានរាប់បញ្ចូលអតិថិជនធំៗបំផុតរបស់ខ្លួនជាអ្នកចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនបណ្តាក់ទុន First Republic បាននិយាយថាគ្មានវិស័យណាមួយតំណាងឱ្យច្រើនជាង 9% នៃប្រាក់បញ្ញើអាជីវកម្មសរុបនោះទេ។