Kinshasa- ក្រុមរដ្ឋប្រហារយោធា ហ្គីណេ កាលពីថ្ងៃសុក្របាននិយាយថា ពួកគេនឹងមិនទទួលយកសម្ពាធពីប្រទេសក្នុងតំបន់ ដើម្បីអនុញ្ញាតិឲ្យលោកប្រធានាធិបតី Alpha Conde ដែលត្រូវបានឃុំខ្លួនដោយការធ្វើរដ្ឋប្រហារកាលពីដើមខែនេះ ចាកចេញពីប្រទេសនោះទេ។
កាលពីថ្ងៃសុក្រលោកប្រធានាធិបតី Alassans Quattarra នៃប្រទេស Ivory Coast និងលោកប្រធានាធិបតី Nana Akufo Addo នៃប្រទេស Guana បានធ្វើទស្សនកិច្ចចំនួនមួយថ្ងៃទៅកាន់ទីក្រុង Conakry នៃប្រទេស Guinea ដើម្បីសុំឲ្យមេដឹកនាំរដ្ឋប្រហារ Mamady Doumbouya ដែលជាមេបញ្ជាការកងកម្លាំងពិសេស ដោះលែងលោក Conde។
ក្រុមប្រទេសប្លុកអាហ្វ្រិកខាងលិចបានសម្រេចដាក់ទណ្ឌកម្មលើក្រុមរដ្ឋប្រហារយោធាហ្គីណេ ដោយបង្កកទ្រព្យសម្បត្តិក្រុមយោធាដែលជាប់ពាក់ព័ន្ធទាំងអស់ និងមិនអនុញ្ញាតិឲ្យពួកគេនិងក្រុមគ្រួសារបានចេញដំណើរទៅក្រៅប្រទេសនោះទេ។
ក្រុមប្រទេសអាហ្វ្រិកខាងលិចក៏បានដាក់បន្ធែមនូវសម្ពាធចំពោះរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេស ម៉ាលី ដោយទាមទារឲ្យពួកគេ រក្សារនូវពាក្យសន្យាចំពោះកិច្ចព្រមព្រាងដែលថា នឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២២ ព្រមទាំងបង្ហាញនូវផែនទីចង្អុលផ្លូវ សំរាប់ការបោះឆ្នោតនៅខែក្រោយផងដែរ ។
គួររំលឹកផងដែរថា ប្រទេសម៉ាលី បានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៨ ខែសីហា ២០១៨ រីឯប្រទេសហ្គីណេបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ កាលដែលរដ្ឋប្រហារកើតមានឡើងជាបន្តបន្ទាប់ ធ្វើឲ្យបណ្តាមេដឹកនាំនៃប្រទេសអាហ្វ្រិកប៉ែកខាងលិចមានការព្រួយបារម្ភយ៉ាងខ្លាំង ថាតំបន់នេះនឹងមានការចលាចលព្រមទាំងមានមេដឹកនាំផ្តាច់ការកាន់តែច្រើន ដែលនឹងនាំឲ្យដំណើការ រដ្ឋសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) លែងមានប្រសិទ្ធភាព៕