នៅថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បានផ្តល់សញ្ញាភ្លើងខៀវប្រគល់រថក្រោះចម្បាំងដ៏សំខាន់របស់ខ្លួនទៅកាន់អ៊ុយក្រែនហើយ អតីតប្រធានសាជីវកម្មអវកាសរដ្ឋ Roscosmos លោក Dmitry Rogozin បាននិយាយថារថក្រោះទាំងនេះនឹងត្រូវកម្ទេចចោលដោយមនុស្សយន្តចម្បាំងរបស់លោកដែលមានកូដឈ្មោះហៅថា 'Marker'។ កាលពីថ្ងៃទី25ខែមករា ប្រទេសអាល្លឺម៉ង់និងសហរដ្ឋអាមេរិកបានប្រកាសថាពួកគេនឹងប្រគល់រថក្រោះចម្បាំងដ៏សំខាន់របស់ខ្លួនគឺLeopard 2 និងM1 Abrams ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានបញ្ហាជាច្រើនសប្តាហ៍កើតឡើងកន្លងមកនេះ។ ទោះជាយ៉ាងនេះក្តី មិនយូរប៉ុន្មានបន្ទាប់ពីមានការប្រកាសនេះ អតីតប្រធាន Roscosmos បានរកឃើញវិធីសង្គ្រោះប្រទេសរបស់លោកភ្លាមៗទប់ទល់ជាមួយនឹងរថក្រោះនៃលោកខាងលិចដែលត្រៀមនឹងចូលមកដល់នេះ។ ទីក្រុងមូស្គូបានរិះគន់ទង្វើនេះភ្លាមៗ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថារថក្រោះទាំងឡាយណាដែលបញ្ជូនមកអ៊ុយក្រែនដោយអាមេរិចនឹងត្រូវ "ឆេះដូចរបស់ៗផ្សេងទៀតដែរ"។
អតីតអគ្គនាយក Roscosmos និងជាប្រធានក្រុមទីប្រឹក្សាយោធាពិសេសដែលត្រូវបានគេស្គាល់ថា "Tsar's Wolves" លោក Dmitry Rogozin បានប្រាប់សារព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA Novosti ថានឹងមានកំណែទំរង់ដ៏គួរឱ្យភ្ញាក់ផ្អើលលើមនុស្សយន្ត Marker របស់រុស្ស៊ី ដែលនឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈនេះដើម្បីកំចាត់នូវរថក្រោះដែលបញ្ជូនមកដោយអង្គការណាតូ។ លោក Rogozin បានពន្យល់ថាមនុស្សយន្តចម្បាំងនឹងអាចសម្គាល់និងវាយប្រហារដោយស្វ័យប្រវត្តិលើឧបករណ៍របស់អ៊ុយក្រែន រួមទាំងរថក្រោះ Abrams របស់អាមេរិក និងLeopards របស់អាល្លឺម៉ង់ដោយសារតែគុណបំណាច់នៃកាតាឡុករូបថតរបស់ប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ។ Markerគឺជាយានជំនិះដីគ្មានមនុស្សបើក(UGV)ដែលមានលក្ខណៈស្រដៀងនឹងរថក្រោះ បើមិនមានស្រដៀងនៅលើអាវុធ។ វាក៏មានបំពាក់នូវវេទិកាតាមដានដូចជារថក្រោះដែរដែលអាចត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងអាវុធផ្សេងៗ។ ក្នុងនោះមានប្រអប់បាញ់ដ្រូន និងប៉មប្រដាប់កាំភ្លើងយន្ត និងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ។
លោក Rogozin បាននិយាយឡើងថា“កំណែទំរង់ចម្បាំងលើមនុស្សយន្ត Marker គឺមានកាតាឡុកអេឡិចត្រូនិចនៅក្នុងប្រព័ន្ធគ្រប់គ្រងជាមួយនឹងរូបភាពគោលដៅនៅទាំងក្នុងចម្ងាយដែលអាចមើលឃើញនិងនៅក្នុងកាំរស្មីអ៊ីនហ្វ្រារ៉េដ។ ដូច្នោះហើយមនុស្សយន្តអាចកំណត់បាននូវឧបករណ៍របស់សត្រូវដោយស្វ័យប្រវត្តិ។ ជាឧទាហរណ៍នៅពេលដែលមានការបញ្ជូនរថក្រោះ Abrams និង Leopard មកកាន់កងទ័ពអ៊ុយក្រែនចាប់ផ្តើមហើយ មនុស្សយន្ត Marker នឹងទទួលបានរូបភាពអេឡិចត្រូនិកដែលត្រឹមត្រូវមួយ ហើយអាចរកឃើញ និងវាយប្រហាររថក្រោះអាមេរិកនិងអាល្លឺម៉ង់ដោយប្រើប្រព័ន្ធបាញ់មីស៊ីលប្រឆាំងរថក្រោះ ATGMs ដោយស្វ័យប្រវត្តិ។”
កាលពីដើមខែនេះ Rogozin បានសរសេរនៅលើ Telegram Channel របស់លោកថា មនុស្សយន្តចម្បាំងនឹងមានវត្តមាននៅលើសមរភូមិនៃតំបន់ Donbas នៃភាគខាងកើតអ៊ុយក្រែន។ នៅពេលនោះផងដែរលោកបាននិយាយថាមនុស្សយន្ត Marker " នឹងដំណើរការដោយស្វ័យប្រវត្តិ" អនុវត្តប្រតិបត្តិការប្រយុទ្ធ និងកំណត់ទីតាំងគោលដៅរហូតបានទៅដល់ក្នុងចម្ងាយ 9.3 ម៉ាយ។ ការពិតដែលលោក Rogozin បានដាក់ប្រព័ន្ធមនុស្សយន្តថ្មីរបស់រុស្ស៊ីប្រឆាំងនឹងរថក្រោះចម្បាំងកម្រិតខ្ពស់របស់លោកខាងលិចនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ កន្លងមករហូតមកដល់ពេលនេះគួររំលឹកផងដែរថាកងទ័ពអ៊ុយក្រែនមានប្រើប្រាស់ត្រឹមរថក្រោះបុរាណនាសម័យសហភាពសូវៀតគឺរថក្រោះ T-72 ដែលផ្តល់ដោយប្រទេសនៃអង្គការណាតូប៉ុណ្ណោះទេ ឬរថក្រោះដែលដណ្តើមបានពីកងទ័ពរុស្ស៊ី។