Colombo-
កងកម្លាំងសន្តិសុខស្រីលង្ការបានកំទេចជំរុំអ្នកតវ៉ាប្រឆាំងដ៏ធំមួយនៅក្នុងរដ្ឋធានីកាលពីព្រឹកថ្ងៃសុក្រនិងបានបណ្តេញសកម្មជន ជាច្រើនម៉ោងមុននឹងប្រធានាធិបតីថ្មីតែងតាំងគណរដ្ឋមន្ត្រីថ្មីមួយ។ ការវាយឆ្មក់នេះបានលេចចេញមកមួយថ្ងៃបន្ទាប់ពីអ្នកនយោបាយជើងចាស់ Ranil Wickremesinghe បានស្បឋចូលកាន់តំណែងជាមេដឹកនាំថ្មីនៅក្នុងប្រទេសដែលកំពុងរងនូវវិបត្តិ ជំនួសលោក Gotabaya Rajapaksa ដែលបានភៀសខ្លួននិងលាលែងចេញពីតំណែងបន្ទាប់ពីក្រុមអ្នកតវ៉ា បានសម្រុកចូលលុកលុយក្នុងវិមានប្រធានាធិបតី។ មនុស្ស៩នាក់ត្រូវចាប់ខ្លួនក្នុងអម្លុងពេលនៃការឆ្មក់ចូល អ្នកនាំពាក្យប៉ូលីសបាននិយាយ។
កងទ័ពនិងក្រុមកងកុម្មង់ដូប៉ូលីសកងពិសេស ដែលបំពាក់ដោយដំបងនិងកាំភ្លើងវែងស្វ័យប្រវត្តិ បានសម្រុកចូលទៅក្នុងទីកន្លែងរបស់ក្រុមបាតុករដែលស្ថិតនៅក្នុងលេខាធិការដ្ឋាននៃវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីប៉ុន្មានម៉ោង មុនពេលដែលគេបានបោសសំអាតទីកន្លែងនោះ។ ទាហានជាច្រើនរយនាក់បានរុះរើរបងដែលរៀបចំឡើងដោយក្រុមបាតុករដែលបានរាំងខ្ទប់ ច្រកចេញចូលនៅអគារខាងមុខ ដែលក្រុមបាតុករបានចូលទៅលុកលុយកាលពីដើមខែនេះ រថពាសដែកក៏ត្រូវបានគេឃើញមានវត្តមាននៅទីនោះផងដែរ។ សកម្មជនបានប្រកាសថា ពួកគេមានផែនការនឹងប្រគល់អគារ ដែលជានិម្មិតរូបរបស់រដ្ឋនៅថ្ងៃសុក្រល្ងាចបន្ទាប់ពីគណរដ្ឋមន្ត្រីបានស្បឋចូលកានតំណែងដោយ Wickremesinghe ។
គណរដ្ឋមន្ត្រីដែលគេរំពឹងថានឹងបង្ហាញមុខមាត់ថ្មីដែលនឹងមានសមាសភាពចម្រុះនៃគណបក្សនយោបាយ ត្រូវប្រឈមមុខនឹងកាតព្វកិច្ចដ៏លំបាកក្នុងការដឹកនាំប្រទេសឲ្យចេញផុតពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់អាក្រី ចាប់តាំងពីប្រទេសបានទទួលឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨។ សាក្សីបានឃើញទាហានឡោមព័ទ្ធអគារដែលមានវ័យចំណាស់តាំងពីសម័យអាណានិគម និងបានរុះរើចេញនូវជំរកបណ្តោះអាសន្នដែលរៀបចំដើម្បីផ្តល់ជំរកសំរាប់ក្រុមបាតុករជាច្រើនពាន់នាក់ដែលប្រឆាំងនឹងរដ្ឋាភិបាលចាប់តាំងពីដើមខែមេសា។ យ៉ាងហោចណាស់ក៏មានមនុស្ស៥០នាក់បានរងរបួស អ្នករៀបចំបាតុកម្មបាននិយាយ ប្រភពមន្ទីរពេទ្យបាននិយាយថាមានមនុស្ស២នាក់ចូលសំរាកពេទ្យ។
កងទ័ពត្រូវគេបានឃើញផងដែរ បានវាយទៅលើប្រជាពលរដ្ឋរួមទាំងអ្នកកាសែតផងដែរ ជាមួយនឹងដំបងខណៈដែលពួកគេបានសម្រុកចូលទៅរកក្រុមតូចៗនៃហ្វូងបាតុករដែលបានប្រមូលផ្តុំគ្នា ដែលគេស្គាល់ថាជាអ្នកភូមិ។ ប្រធានសមាគមន៍អ្នកកាសែតដ៏មានឥទ្ធិពលនៃស្រីលង្ការ Saliya Peiris បានថ្កោលទោសសកម្មភាពរបស់ពួកយោធានិងបានព្រមានថា វានឹងធ្វើឲ្យខូចខាតនូវរូបភាពរបស់រដ្ឋាភិបាលថ្មីនៅលើឆាកអន្តរជាតិ។ ការប្រើប្រាស់នូវកំលាំងដែលមិនចាំបាច់ វានឹងមិនជួយប្រទេសនិងរូបភាពនៅលើឆាកអន្តរជាតិនោះទេ Peiris បាននិយាយនៅក្នុងសចក្តីថ្លែងការមួយ លោកនិយាយថាប្រជាពលរដ្ឋនិងមេធាវីម្នាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ។