តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិកដើមកំណើតហុងកុងអ្នកស្រី Coco Lee បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៥ខែកក្កដាកន្លងទៅនេះ បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាតកាលពីចុងសប្តាហ៍នេះ នេះបើតាមការអោយដឹងពីក្រុមគ្រួសាររបស់អ្នកស្រី។ តាមរយៈការបង្ហោះ Instagram បងស្រីរបស់អ្នកស្រីឈ្មោះ Lee Nancy និង Carol Lee បាននិយាយថា តារាចម្រៀងវ័យ48ឆ្នាំរូបនេះបានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃអាទិត្យ។ ពួកគេបានសរសេរថា"ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតពីក្រុមមន្ទីរពេទ្យក្នុងការជួយសង្គ្រោះ និងព្យាបាលនាងពីសន្លប់ក៏ដោយ ទីបំផុតនាងបានទទួលមរណភាពនៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2023"។ អ្នកស្រី Coco Lee បានចាប់ផ្តើមអាជីពរបស់នាងនៅហុងកុងក្នុងទសវត្សរ៍ឆ្នាំ 1990 មុនពេលដែលនាងបានថតអាល់ប៊ុមជាភាសាអង់គ្លេសដំបូងរបស់នាង ហើយបានបំបែកកំណត់ត្រាចូលទៅក្នុងតារាងកំពូលបទចម្រៀងរបស់សហរដ្ឋអាមេរិក។ បងប្អូនស្រីរបស់នាងបានរៀបរាប់ពីដំណើរដែលនាង"ទទួលបានការគាំទ្រជាលំដាប់ថ្នាក់អន្តរជាតិរាប់មិនអស់ជាមួយនឹងបទចម្រៀងដែលលក់ដាច់ជាងគេ"។ ពួកគេបានបន្ថែមថា "អ្នកស្រី CoCo ក៏ត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀងដែលបានខិតខំធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីបើកពិភពលោកថ្មីសម្រាប់តារាចម្រៀងចិននៅក្នុងឆាកតន្ត្រីអន្តរជាតិ ហើយនាងបានធ្វើដំណើរចេញទៅពិភពលោកខាងក្រៅដើម្បីអោយគេស្គាល់ប្រជាជនចិន"។ "ពួកយើងពិតជាដឹងគុណ និងមានកិត្តិយសណាស់ដែលមានប្អូនស្រីដ៏ឆ្នើម និងពូកែបែបនេះ"។ លោកស្រី Nancy Lee និងលោកស្រី Carol Lee ក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ និងបានស្នើសុំឯកជនភាពសម្រាប់គ្រួសាររបស់ពួកគេ។ "ទោះបីជា CoCo ស្ថិតនៅក្នុងពិភពលោកយើងនេះមិនយូរប៉ុន្មានក៏ដោយ ពន្លឺរស្មីចែងចាំងរបស់នាងនឹងស្ថិតស្ថេរជារៀងរហូត!" នៅក្នុងការបង្ហោះ Instagram ចុងក្រោយរបស់នាងកាលពីថ្ងៃទី 31 ខែធ្នូឆ្នាំមុន អ្នកស្រី Coco Lee បានពណ៌នាជីវិតថា "មិនអាចទ្រាំបាននៅពេលខ្លះ" ។ អ្នកស្រីបានបង្ហោះរូបភាពនៃស្នាមសាក់ថ្មីរបស់អ្នកស្រីក្រោមពាក្យថា "ស្នេហា" និង "ជំនឿ" ដែលជាពាក្យអ្នកស្រីបាននិយាយថាអ្នកស្រី "ត្រូវការយ៉ាងខ្លាំងដើម្បីធ្វើដំណើរឆ្លងកាត់ឆ្នាំដ៏លំបាកយ៉ាងមិនគួរឱ្យជឿនេះ" ។ ការបង្ហោះរបស់អ្នកស្រីរួមមាន រូបភាពអ្នកស្រីស្លៀកថង់បង្ហូរទឹកនៅលើខ្លួនប្រាណ និងមានទម្ងន់ ៤២,៣ គីឡូក្រាម។ តារាចម្រៀងតៃវ៉ាន់ដ៏ល្បីអ្នកស្រី Jolin Tsai បានចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្រីនៅលើ Facebook កាលពីយប់ថ្ងៃពុធ ដោយបានសរសេរជាភាសាចិនកុកងឺថា៖ «ចងចាំអ្នកជានិច្ច ដោយស្នាមញញឹមចិញ្ចាំងចិញ្ចែង»។