រដ្ឋមន្ត្រីទេសចរណ៏កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ហៅកាត់ CLMV បានអនុម័តផែនការសកម្មភាពពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើយុទ្ធសាស្ត្រ "ប្រទេសបួនគោលដៅតែមួយ" ដើម្បីជំរុញកំណើនទេសចរក្នុងតំបន់ឱ្យកាន់តែច្រើនជាងមុន។
ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នៅខេត្តសៀមរាបក្រោមការដឹកនាំរបស់លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា, លោក Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា និងលោក Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។កិច្ចប្រជុំនេះ បានរៀបចំឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
ជាលទ្ធផល កិច្ចប្រជុំបានកោតសរសើរយ៉ាងផុសផុលនូវទស្សនវិស័យស៊ីជម្រៅលើវិស័យទេសចរណ៍ នៃប្រទេស CLMV និងបានប្តេជ្ញាអនុវត្តអនុសាសន៍ណែនាំដែលបានបញ្ចូលក្នុងផែនការសកម្មភាពទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥។ រដ្ឋមន្ត្រីទេសចរណ៍ CLMV បានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ដោយយោងទៅតាមផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០១៩-២០២១ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៥ នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ ដោយយោងតាមកិច្ចប្រជុំកំពូល CLMV លើកទី១០ ក្នុងឆ្នាំ២០២០។
កិច្ចប្រជុំបានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងផ្នែកនៃការសម្រួលការធ្វើដំណើរការកសាងសមត្ថភាពការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋានក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ជាមួយគ្នានោះរដ្ឋមន្ត្រីទេសចរណ៍ CLMV បានពេញចិត្តចំពោះការងើបឡើងវិញនៃទេសចរអន្តរជាតិ ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ប្រទេស CLMV បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៣,៩៣៣,៤៧៨នាក់។ ចំនួនទេសចរផ្ទៃក្នុងតំបន់មានចំនួន ៦០៤,៨៦៨នាក់ ស្មើនឹង១៥.៧៧ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តជាតិសរុប។
រដ្ឋមន្ត្រីទេសចរណ៍ CLMV បានអនុម័តផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើការជំរុញ "ប្រទេសបួន គោលដៅតែមួយ" ដោយគ្របដណ្តប់លើ ១.ការសម្រួលការធ្វើដំណើរ ២.ការកសាងសមត្ថភាព ៣.ការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ៤.កិច្ចសហប្រតិបត្តិការជាមួយភាគីទី៣ និង៥.ការធានានូវទេសចរណ៍ប្រកបដោយនិរន្តភាព និងទទួលខុសត្រូវហើយកិច្ចប្រជុំក៏បានអនុម័តនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៦ផងដែរ។ គួរជម្រាបថា កិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៧ នឹងប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០២៤៕