គ្រីស ហែមស្វូដ (Chris Hemsworth) ត្រូវបានគេស្គាល់សម្រាប់ការសម្តែងជាតួអង្គ ហ្សូ (Thor) នៅ ម៉ាវែល (Marvel) ដែលបានធ្វើឲ្យគាត់ក្លាយជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។ ប៉ុន្តែមុននឹងទទួលបានតួអង្គដ៏អស្ចារ្យនេះ គ្រីស (Chris) ត្រូវប្រឈមមុខនឹងការបដិសេធ និងបរាជ័យរាប់ស្ទើរតែមិនអស់។ គាត់បានត្រៀមខ្លួនជាស្រេច ដើម្បីបោះបង់ចោលហើយត្រឡប់ទៅផ្ទះវិញ ប៉ុន្តែតើអ្នកដឹងទេថាអ្វី ទៅជាអាថ៌កំបាំងដ៏ល្អបំផុតសម្រាប់ភាពជោគជ័យ?
គ្រីស (Chris) បានកើតនៅប្រទេសអូស្ត្រាលី ហើយនៅពេលធំដឹងក្តីឡើង គាត់តែងតែលឺឪពុកម្តាយរបស់គាត់មានភាពតានតឹង និងការបារម្ភអំពីវិក័យប័ត្រ ប្រាក់កាក់ និងរបៀបសងបំណុលផ្ទះរបស់ពួកគេ។ នៅពេលនោះគាត់បានសម្រេចចិត្តថា គាត់នឹងជួយគ្រួសាររបស់គាត់។ គាត់មិនដែលខ្វល់ខ្វាយពីការក្លាយជាអ្នកមាននោះទេ គាត់គ្រាន់តែចង់ផ្គត់ផ្គង់គ្រួសាររបស់គាត់ប៉ុណ្ណោះ ដូច្នេះឪពុកម្តាយរបស់គាត់នឹងលែងខ្វល់ខ្វាយរឿងលុយកាក់តទៅទៀត។ បន្ទាប់ពីទទួលបានការទទួលស្គាល់ថាជាតារាសម្ដែងនៅប្រទេសអូស្ត្រាលី លោកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសការងារឲ្យកាន់តែប្រសើរឡើង ហើយដំបូងឡើយគាត់មានសំណាង និងទទួលបានតំណែងជាតួអង្គក្នុងខ្សែភាពយន្តមួយ។ ប៉ុន្តែអ្វីដែលគាត់ទទួលបានបន្ទាប់មក គឺការបដិសេធឥតឈប់ឈរ។
“វាពិបាកណាស់ ខ្ញុំមានការបារម្ភដ៏ច្រើនលើសលប់ នៅពេលខ្ញុំកំពុងធ្វើតេស្តសមត្ថភាព ហើយអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគឺ ខ្ញុំស្តាប់លឺពាក្យថា ''ទេ''។”
នៅចំណុចទាបបំផុតក្នុងជីវិតរបស់គាត់ នៅពេលដែលការបរាជ័យធ្វើឱ្យគាត់សង្ស័យសមត្ថភាពខ្លួនឯង សុខភាពផ្លូវចិត្តរបស់គាត់ក៏មិនប្រសើរឡើង ការព្រួយបារម្ភរបស់គាត់កំពុងរារាំងគាត់ពីការប្រែក្លាយជាមនុស្សដ៏ល្អបំផុតសម្រាប់ខ្លួនគាត់។ សំឡេងតូចមួយនៅក្នុងក្បាលរបស់គាត់បានប្រាប់គាត់ថា គាត់មិនល្អគ្រប់គ្រាន់ ហេតុអ្វីគាត់មិនបោះបង់ ភាពជោគជ័យមិនមែនមានន័យសម្រាប់គាត់នោះទេ។ លើសពីនេះទៅទៀត ការបាត់បង់តួនាទីសម្តែងទាំងអស់នេះធ្វើឱ្យគាត់ស្ថិតក្នុងកន្លែងដ៏គ្រោះថ្នាក់មួយក្នុងផ្នែកហិរញ្ញវត្ថុ។ មាន ពេលមួយដែលគាត់មិនប្រាកដថា គាត់អាចនៅបានទៀតទេ ព្រោះគាត់ជិតអស់លុយដែលគាត់មានហើយ។
“ខ្ញុំក៏បានស្នាក់នៅផ្ទះសំណាក់របស់អ្នកគ្រប់គ្រងរបស់ខ្ញុំមួយរយៈ ហើយខ្ញុំបានមើលថែកូនៗរបស់គាត់”។ គាត់បានត្រៀមខ្លួនរួចជា ស្រេច ដើម្បីបោះបង់ចោលហើយត្រឡប់ទៅផ្ទះវិញ។ "ខ្ញុំបានធ្វើការពិចារណាលើអារម្មណ៍របស់ខ្លួនឯងជាច្រើនលើកច្រើនសារ ដែលខ្ញុំសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ តើអ្វីទៅជាកម្លាំងចិត្តរបស់ខ្ញុំ ដើម្បីជំរុញខ្លួនខ្ញុំឱ្យឆ្លងកាត់រឿងអស់ទាំងនេះ?"
នៅក្នុងគ្រាដ៏លំបាកទាំងនោះ គាត់នៅតែរំលឹកខ្លួនឯងអំពីស្ថានភាពគ្រួសាររបស់គាត់ ហើយហេតុអ្វីបានជាគាត់ចាប់ផ្តើមធ្វើបែបនេះតាំងពីដំបូង។ គាត់ត្រូវតែប្រាកដថា គាត់កំពុងមើលថែពួកគេ ដូច្នេះគាត់បានរកឃើញកម្លាំងចិត្តដើម្បីបន្តទៅមុខ បន្តជឿជាក់លើខ្លួនឯង ហើយព្យាយាមម្តងទៀត។ ជីវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរជារៀងរហូត នៅពេលដែលគាត់បានដើរតួជាវីរបុរសដ៏អស្ចារ្យ “ហ្សូ” (Thor) នៅក្នុង ម៉ាវែល (Marvel)។ តួអង្គនេះបាននាំឱ្យគាត់មានឱកាសជាច្រើនផ្សេងទៀត និងធ្វើឱ្យគាត់ក្លាយជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។
ដូច្នេះហើយទើបយើងចង់សួរអ្នកទាំងអស់គ្នារឿងខ្លះៗ តើអ្នកធ្លាប់ព្យាយាមឲ្យអស់ពីសមត្ថភាពរបស់អ្នក ដើម្បីតែទទួលការបដិសេធ គ្រាន់តែឮពាក្យថា “ទេ” ម្តងហើយម្តងទៀតទេ? តើអ្នកធ្លាប់យកអ្វីគ្រប់យ៉ាងដែលអ្នកមាន ថាមពលរបស់អ្នក ការផ្តោតអារម្មណ៍របស់អ្នក ចំណង់ចំណូលចិត្តរបស់អ្នក ទៅក្នុងការងារ អាជីវកម្ម ឬទំនាក់ទំនងរបស់អ្នក គ្រាន់តែដើម្បីឃើញវាបរាជ័យឬទេ? តើអ្នកធ្លាប់ស្គាល់អារម្មណ៍ដែលអាក្រក់ថា អ្នកមិនល្អគ្រប់គ្រាន់ អ្នកមិនអាចបន្តទៅមុខ ហើយគ្មានអ្វីដែលមានប្រយោជន៍ សម្រាប់អ្នកដូច្នេះអ្នកទទួលបានតែការអន់ចិត្ត និងមានអារម្មណ៍ខកចិត្តប៉ុណ្ណោះទេ? ហេតុអ្វីបានជាមនុស្សគ្រប់គ្នានៅជុំវិញអ្នកហាក់ដូចជាមានភាពជោគជ័យនៅអ្វីដែលពួកគេចង់បាន ហើយហេតុអ្វីបានជាអ្នកមិនអាចធ្វើអ្វីល្អជាមួយនឹងជីវិតរបស់អ្នកបាន? អ្នកត្រូវរៀនស្វែងយល់ថា អ្នកនឹងបរាជ័យ អ្នកនឹងចាញ់ អ្នកនឹងធ្វើការជ្រើសរើសមិនល្អ អ្នកនឹងសម្រេចចិត្តខុស ទោះបីជាអ្នកមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ។
ដូច្នេះ ព្រមទទួលយកដំណើរការនៃការទទួលបានភាពជោគជ័យទាំងរឿងល្អ និងរឿងអាក្រក់ដែលកើតឡើង។ អ្នកមិនដែលដឹងទេថា ពេលណាដែលជោគជ័យគឺនៅខិតជិតអ្នកបំផុត ជួនកាលការបរាជ័យដ៏ធំបំផុតរបស់យើង បានកើតឡើងមុនភាពជោគជ័យដ៏ធំបំផុតរបស់យើងក៏មិនដឹង។ នៅពេលដែលអ្នកវាយជញ្ជាំងនៃភាពអស់សង្ឃឹមនោះ នៅពេលដែលអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីបោះបង់ក្តីស្រមៃរបស់អ្នក សូមសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ផ្តើមវាតាំងពីដំបូង ហើយព្យាយាមម្តងទៀត។ មនុស្សមួយចំនួនបោះបង់ក្តីស្រមៃរបស់ពួកគេលឿនពេក ដូច្នេះសូមកុំធ្វើជាមនុស្សម្នាក់នោះក្នុងចំនោមពួកគេ។