លោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានឲ្យដឹងនៅថ្ងៃនេះថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកបានទទួលជួបជាមួយលោក Shin Koyamada ប្រធានទូរទស្សន៏ ChimeTV ដែលជាទូរទស្សអាស៊ី-អាមេរិកាំង ដែលមាន Viewers ជាង៣០លាននាក់។
បើតាមលោក កែវ ឈា ទូរទស្សន៏ ChimeTV គឺជាទូរទស្សអាស៊ី-អាមេរិកាំង ដែលផ្សព្វផ្សាយពីចំណេះដឹង វប្បធម៌អាស៊ី ទាំងអស់ដល់សហគមន៍អាស៊ី នៅអាមេរិកាំង ហើយនៅក្នុងជំនួបនោះ លោកបានពិភាក្សាបញ្ហាមួយចំនួន ទាក់ទងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ជ្រាបប្រពៃណី វប្បធម៌ខ្មែរ និងផលិតផលខ្មែរ ទៅក្នុងសហគមន៍អាស៊ី នៅអាមេរិក រួមទាំងសហគមន៍ខ្មែរ-អាមេរិកាំង។
លោកបញ្ជាក់យ៉ាងនេះថា “នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ កក្កដានេះ ខ្ញុំបានទទួលជួបជាមួយលោក Shin Koyamada ប្រធាននៃទូរទស្សន៏ ChimeTV ដែលជាទូរទស្សអាស៊ី-អាមេរិកាំង ផ្សព្វផ្សាយពីចំណេះដឹង វប្បធម៌អាស៊ីទាំងអស់ដល់សហគមន៍អាស៊ីនៅអាមេរិកាំង ដែលមាន Viewers ជាង៣០លាននាក់។ យើងបានពិភាក្សាពីសហប្រតិបត្តិការដើម្បីបញ្ជ្រាបប្រពៃណី វប្បធម៌ខ្មែរ និងផលិតផលខ្មែរ ទៅក្នុងសហគមន៍អាស៊ី នៅអាមេរិក រួមទាំងសហគមន៍ខ្មែរ-អាមេរិកាំងផងដែរ តាមរយៈទូរទស្ស ChimeTV នេះ និងបន្តសហការ ជាមួយទូរទស្សក្នុងប្រទេសកម្ពុជា ជាមួយនិង ChimeTV នេះ”។
លោកឯកអគ្គរាជទូតអះអាងថា មកដល់ពេលនេះ នៅមិនទាន់មានជាគម្រោងអ្វីទេ តែខាង ChimeTV បានមកទាក់ទង ដើម្បីជួយផ្សព្វផ្សាយ ជាពិសេសកម្មវិធិផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិ ទូរទស្សន៏នឹងជួយផ្សាយបន្ត ហើយគេក៏ចង់ធ្វើទំនាក់ទំនងសហការជាមួយទូរទស្សនៅក្នុងស្រុករបស់យើងដែរ ដើម្បីសហការផ្សាយបន្ត៕