កាលពីថ្ងៃទី២៨ ខែធ្នូកន្លងទៅនេះ CEO របស់ Baramey Laura Mam បានធ្វើការចែករំលែកចំណាប់ផ្ទាល់ខ្លួនអំពីបុគ្គលសំខាន់ៗពីររូបនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ខណៈពេលដែលទស្សនាវដ្តី NME Asia បានធ្វើការចុះផ្សាយអំពីបញ្ជីកំពូលអាល់ប៊ុមអាស៊ីទាំង២៥អាល់ប៊ុមប្រចាំឆ្នាំ២០២២ កញ្ញា Laura Mam ក៏បានឆ្លៀតឳកាសនេះលើកយកប្រធានបទអំពីលោកវណ្ណដាមកនិយាយដោយអាល់ប៊ុម Skull2 របស់លោកត្រូវបានជាប់នៅក្នុងតារាងកំពួលអាល់ប៊ុមទាំងនោះ គូួសបញ្ជាក់បន្ថែមទៀតផងដែរថាបទចម្រៀង Khmer Blood របស់លោកវណ្ណដាពីក្នុងអាល់ប៊ុម Skull 2 នេះទទួលបានការចាប់អារម្មណ៍ច្រើនជាងគេបង្អស់យោងទៅតាមទស្សនាវដ្តី NMEAsia។ នៅក្នុងសារបង្ហោះដដែលនោះកញ្ញាក៏បានលើកឡើងថា «វណ្ណដាជាមួយនឹងបទ Khmer Blood ដែលទទួលបានចំណាប់អារម្មណ៍ជាពិសេស ក៏បានជាប់ចំណាត់ថ្នាក់លេខ១៣ផងដែរ ក្នុងតារាងជាមួយនឹងតារាចម្រៀងអាស៊ីផ្សេងទៀតដែលគួរអោយកត់សម្គាល់ដូចជា MILLI, Taeyeon, Utada, និង Seulgi ជាដើម»។
បន្តមកទៀតស្របពេលដែលឧស្សាហកម្មតន្រ្តីនៅកម្ពុជាមានសន្ទុះខ្លាំងជាងមុនដែលគួរតែកត់សម្គាល់ និងលើកទឹកចិត្តសិល្បកររបស់យើង វិស័យកីឡាឯណោះវិញថ្មីៗនេះក៏មានលោកធឿន ធារ៉ា ដែលបានដណ្តើមខ្សែក្រវ៉ាត់ពីស្តេចប្រដាល់ថៃបានឈ្មោះថា Saiyok Pumphanmuang នៅក្នុងយប់ថ្ងៃទី២៤ ខែធ្នូកន្លងទៅនេះនៅឯប្រទេសថៃជាមួយនឹងទឹកប្រាក់ត្រលប់ទៅផ្ទះវិញចំនួនដល់ទៅ៣ម៉ឺនដុល្លា។ Laura Mam ក៏បានផ្សារភ្ជាប់ទៅនឹងប្រធានបទនេះ និងបានលើកឡើងថា«ក្រៅពីវិស័យតន្រ្តីវិស័យកីឡារបស់យើងក៏កំពុងតែមានសន្ទុះការគាំទ្រ និងឳកាសបង្ហាញសមត្ថភាពដូចប្អូនធឿនធារ៉ា ដែលគាត់ទើបតែលើកពានពីស្តេចប្រដាល់ថៃប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ និងចូលរួមអបអរទាំងវណ្ណដា និងធារ៉ា ដែលបានលើកឈ្មោះប្រទេសកម្ពុជាយើងទៅឆាកអន្តរជាតិ»។