Celine Dion បានប្រកាសកាលពីថ្ងៃអង្គារនេះថា នាងកំពុងពន្យារពេលទៅស្នាក់នៅទីក្រុង Las Vegas។
ម្ចាស់ជ័យលាភីពានរង្វាន់ Grammy បានសរសេរថា នាងមាន “ការស្ពឹកសាច់ដុំធ្ងន់ធ្ងរ និងជាប់លាប់ ដែលបានរារាំងនាងមិនឱ្យសម្តែងនៅក្នុងកម្មវិធីរបស់នាង ដែលគ្រោងនៅខែក្រោយ និងដើមឆ្នាំក្រោយ នៅឯ The Resorts World Theater ។ Celine Dion បានសរសេរនៅលើ Instagram ថា “ខ្ញុំមានការខូចចិត្តដោយសាររឿងនេះណាស់” ។
“ខ្ញុំ និងក្រុមខ្ញុំបាននឹងកំពុងធ្វើការលើការសម្តែងថ្មីរបស់យើងអស់រយៈពេល ៨ ខែមកហើយ ប៉ុន្តែការដែលមិនអាចបើកដំណើរការបាននៅខែវិច្ឆិកានេះ ធ្វើឱ្យខ្ញុំខកចិត្តហួសពីការស្មាន។ ដៃគូរបស់ខ្ញុំនៅ Resorts World Las Vegas និង AEG បានធ្វើការគ្រប់ពេលវេលា ដើម្បីរៀបចំរោងមហោស្រពសិល្បៈទំនើបថ្មីនេះ ហើយវាពិតជាមានភាពស្រស់ស្អាតណាស់។ ខ្ញុំមានអារម្មណ៍មិនល្អទេ ដែលខ្ញុំធ្វើឱ្យពួកគេខកបំណង ហើយខ្ញុំពិតជាសុំទោសចំពោះការខកចិត្តរបស់អ្នកគាំទ្រទាំងអស់ ដែលបានរៀបចំគម្រោងរបស់ពួកគេទៅ Las Vegas ។ ឥឡូវនេះ ខ្ញុំត្រូវផ្តោតលើការព្យាបាល ដើម្បីធ្វើឱ្យមានការប្រសើរឡើង ... ខ្ញុំពិតជាចង់ឆ្លងកាត់រឿងនេះឱ្យបានឆាប់តាមដែលខ្ញុំអាចធ្វើបាន ... "
រហូតមកដល់ពេលនេះ “Courage World Tour” គ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ។ អ្នកដែលមានសំបុត្រ នឹងទទួលបានប្រាក់សងវិញនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ។
អត្តបទដកស្រង់ពី Chloe Melas
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង