ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគចំនួន៣ ដែលមានទំហំទឹកប្រាក់ជិត១៩លានដុល្លារអាមេរិក ខណៈគម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារ បានប្រមាណ១៤៥០កន្លែង។
តាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងដែលបានសម្រេចចុះបញ្ជី រួមមាន៖
១- “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក នឹងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២- “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៦,៦លានដុល្លារអាមេរិក នឹងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
និងទី៣- “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់៕