ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគចំនួន៤ ដែលមានទំហំទឹកប្រាក់ជិត១៨លានដុល្លារអាមេរិក ខណៈគម្រោងវិនិយោគទាំង៤នេះ អាចបង្កើតការងារ បានជិត៦០០០កន្លែង។
តាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងដែលបានសម្រេចចុះបញ្ជី រួមមាន៖
១. OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១.៩១៤កន្លែង។
២. CASE SI TRAVEL PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៤,១ លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១.០២៤កន្លែង។
៣. SYHJ GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។
និងទី៤. SUNRISE OUTDOORS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ៨៥៧កន្លែង៕