ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា CDC សម្រេចអនុម័តជាផ្លូវការហើយ នូវគម្រោងសាងសង់វារីអគ្គិសនីចំនួន២ ដែលមានទុនវិនិយោគប្រមាណជាង៤០០លានដុល្លារ (៤៤៧,៥ លានដុល្លារអាម៉េរិក) ដែលអាចបង្កើតការងារបានចំនួន២៣០កន្លែង។
បើតាម CDC គម្រោងទី១ ជាគម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងទី២ ជាគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្រោមការវិនិយោគពីក្រុមហ៊ុន KHMER ELECTRICAL POWER CO., LTD ក្រោមរូបភាពសាងសង់, អាជីវកម្ម និងផ្ទេរ (BOT) ។
បន្ថែមពីលើគម្រោងខ្នាតធំខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃដដែល ក៏បានសម្រេចផ្តល់សិទ្ធវិនិយោគដល់ក្រុមហ៊ុនចំនួន៦ទៀត ដែលមានទុនវិនិយោគប្រមាណ ៤០លានដុល្លារ ដើម្បីដំណើរការវិនិយោគនៅកម្ពុជាផងដែរ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកជាដើម ដែលមានទីតាំងស្ថិតនៅកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលគម្រោងទាំងនោះរួមមាន៖
១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៥កន្លែង។
២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៥កន្លែង។
៣. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SKY BEST FASHION CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩២៥កន្លែង។
៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួក របស់ក្រុមហ៊ុន YF SINOSKY INDUSTRIAL (CAMBODIA) CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤៨កន្លែង។
៥. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់របស់ក្រុមហ៊ុន SVZ PRINTING & PACKAGING CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។
៦. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួករបស់ក្រុមហ៊ុន “XIN SUNN LONG (CAMBODIA) GARMENT CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,០៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៨៣កន្លែង៕