ភ្នំពេញ៖ គម្រោងវិនិយោគថ្មីៗ ដែលមានទំហំទឹកប្រាក់សរុបជិត២២ដុល្លារអាម៉េរិកត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ខណៈគម្រោងវិនិយោគនេះ អាចបង្កើតការងារបានជាង៦៣០០កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងដែលបានសម្រេចចុះបញ្ជីរួមមាន៖
១-“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៣៥៨កន្លែង។
២-“AW CASHMERE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.១១៧កន្លែង។
៣-“SUPERCAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.២៦៤កន្លែង។
៤-“XN FU INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៦៤១កន្លែង៕