ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងដ៏ធំមួយរបស់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED D ដែលមានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង។
កម្ពុជា កំពុងជំរុញការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍កំពង់ផែដែលមានសមត្ថភាពផ្ទុកទំនិញបានកាន់តែច្រើន និងមានលក្ខណៈប្រកួតប្រជែងកាន់តែប្រសើរជាងមុន ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចដែលកើនឡើងជាលំដាប់។ មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់មួយទៀតក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានស្វាគមន៍ និងគាំទ្រចំពោះការឯកភាពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលទៅលើគម្រោងវិនិយោគនេះ ហើយលោកសង្ឃឹមថា គម្រោងនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានសន្ទុះឡើងនាពេលខាងមុខ និងជំរុញដល់ការដឹកជញ្ជូនកាន់តែងាយស្រួល ទៅតាមគោលដៅដែលយើងចង់ឲ្យតម្លៃភស្តុភារកម្មនៅកម្ពុជាកាន់តែទាបអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
លោកឧកញ៉ា បានលើកឡើងថា ការវិនិយោគមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង នៅខេត្តកំពតនេះ គឺជាការអភិវឌ្ឍចំទិសដៅ ដែលរាជរដ្ឋាភិបាលកំពុងជំរុញការនាំចេញឲ្យកាន់តែខ្លាំងក្លា ស្របពេលដែលផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ ក៏នឹងបញ្ចាប់ការសាងសង់ខាងមុខផងដែរ។
លោកឧកញ៉ាបន្ថែមទៀតថា ទោះបីជាបច្ចុប្បន្ននេះ កម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូល ដូចជា កំពង់ផែសមុទ្រខេត្តព្រះសីហនុ, កំពង់ផែភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារនៅតាមបណ្តោយព្រំដែនក៏ដោយ ក៏នៅតែបន្តត្រូវការបន្ថែមទៀតដែរ ខណៈដែលសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានការរីកចម្រើនជាលំដាប់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ តែការនាំចេញ នាំចូលនៅតែដំណើការ ជាពិសេសការបើកប្រទេសឡើងវិញ បានធ្វើឲ្យសកម្មភាពដឹកជញ្ជូនទំនិញកាន់តែមានភាពមមាញឹកថែមទៀត៕