ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងនៅថ្ងៃនេះថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន១៤៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៨ ប៊ីលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លានដុល្លារអាមេរិក។
ការបញ្ជាក់របស់ CDC បានធ្វើឡើងក្រោយពីកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នេះ ដែលភាគីកម្ពុជាដឹកនាំដោយលោក សុខ ចិន្ត សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីជប៉ុន ដឹកនាំដោយម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (ETRO), សមាគមធុរកិច្ច ជប៉ុននៅកម្ពុជា (BAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាមានចំនួន ប្រមាណ ១៣០រូប។
កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំ ឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្តី និងលោក ស៊ីនហ្សូ អាប (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដែលនៅក្នុងឱកាសកិច្ចប្រជុំនេះ ភាគីទាំងពីរបានបន្តពិភាក្សាលើរបៀបវារៈអាទិភាព មួយចំនួនរួមមាន ១- ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ២- កាតព្វកិច្ចពន្ធដារ, ៣- ឡូជីស្ទិក, ៤- ការផ្គត់ផ្គង់ និងតម្លៃអគ្គិសនី, ៥- ការនាំចូលរថយន្ត ៦- គម្រោងកិច្ច សហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និង៧- ការរៀបចំសិក្ខាសាលាស្វែងយល់ពីរបៀបប្រើប្រាស់ ប្រព័ន្ធទិន្នន័យស្តីពីសទ្ធានកម្មខ្សែក្រវាក់ផ្គត់ផ្គង់។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិនជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។ លើសពីនេះ លោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភ័ណ្ឌដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សស្របតាមការ ចង្អុលបង្ហាញនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញឱ្យ បានត្រឹមឆ្នាំ២០២៥។
ចំណែកលោក ម៉ាសាហ៊ីរ៉ូ មីខាមី បានសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្តី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដែលកម្ពុជា គឺជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជនបានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយជាលទ្ធផលបានធ្វើឱ្យសភាពការណ៍ នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
ជាងនេះទៅទៀត លោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះបញ្ហាប្រឈម និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលប្រការនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំនិងផ្តល់ភាពកក់ក្តៅដល់វិនិយោគិនគ្រប់រូប៕
អត្ថបទ និងរូបភាពដោយ មានជ័យ