ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ស្តីពីសំណើសុំផ្លាស់ប្តូរឧបករណ៍បច្ចេកទេស បំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួល ដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់ នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា CBMS របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
មានមតិនៅក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម បានណែនាំដល់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិភាក្សា និងពិនិត្យឡើងវិញចំពោះទីតាំងដែលមានស្រាប់ នៅអគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបំពាក់នូវឧបករណ៍បច្ចេកទេសសម្រាប់ផ្ទុកទិន្នន័យ (Backup) របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS។ សម្ដេចក្រឡាហោមបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបន្តធ្វើការជាមួយវិស័យឯកជន ឱ្យបានម៉ត់ចត់បន្ថែមទៀតលើកិច្ចការងារដែលពាក់ព័ន្ធនានា ដើម្បីជម្រុញក្នុងការបង្កើនទំនាក់ទំនង និងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត។
តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេស៍បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS នេះ គឺបានដើរតួនាទីយ៉ាងសំខាន់ជូនដល់អគ្គនាយកអន្តោប្រវេសន៍ ធ្វើជាសេនាធិការជូនដល់ក្រសួងមហាផ្ទៃ ក្នុងការសម្រួលបែបបទអ្នកដំណើរចេញចូលប្រទេស ក៏ដូចជាការរក្សាទុកទិន្នន័យដែលអាចបម្រើដល់កិច្ចការជំនាញផ្សេងទៀត។
នាយឧត្តមសេនីយ៍បន្ថែមថា ក្នុងការដាក់ឱ្យដំណើរការដំបូង ប្រព័ន្ធនេះបានបំពាក់់ឱ្យប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំង២៤ និងបានធ្វើការបំពាក់បន្ថែមដល់ប៉ុស្តិ៍ច្រកទ្វាដែលទើបនឹងបង្កើតថ្មីចំនួន៣ទៀត សរុបច្ចុប្បន្នបានបំពាក់់ឱ្យប៉ុស្តិ៍ច្រកទ្វាអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ សរុបចំនួន២៧។
នាយឧត្តមសេនីយ៍បញ្ជាក់ថា សម្រាប់ប្រព័ន្ធ CBMS នេះមានមុខងារសំខាន់ៗជាច្រើន ដែលបានបម្រើសកម្មភាព និងកិច្ចការងារនាពេលកន្លងមករបស់អគ្គនាយកដ្ឋាន។
លើសពីនេះទៅទៀត នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែម អំពីកិច្ចការជំនាញចាំបាច់ និងបញ្ហាប្រឈមមួយចំនួននៅសេសសល់របស់អគ្គនាយកដ្ឋាន ដើម្បីសម្រួល និងជម្រុញលើការងារគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។