Camila Cabello ត្រូវបានចូលជាផ្លូវការនៅក្នុងកម្មវិធីប្រកួតច្រៀងរបស់ប៉ុស្តិ៍ទូរទស្សន៍ NBCដោយនាងបានក្លាយជាគណៈកម្មការថ្មីមួយរូបសំរាប់រដូវកាលទី២២នេះ ដែលនឹងត្រូវចាក់បញ្ចាំងឡើងនៅរៀងរាល់យប់ថ្ងៃច័ន្ទ ដោយមានការវិលត្រលប់ពីគណៈកម្មការសំខាន់ៗ៣រូបទៀតរួមមានលោកGwen Stefani, John Legend និងBlake Shelton។ Cabello ធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធីនេះរួចមកហើយនៅក្នុងសមាសភាពជាLegend’s celebrity adviser កន្លងមក។ Cabello ដែលមានការងារសិល្បៈចាប់ផ្តើមពីការប្រកួតនៅក្នុងកម្មវិធី «The X Factor» កាលពីឆ្នាំ២០១២កន្លងមក ពេលនេះកំពុងតែទន្ទឹងរង់ចាំមកបន្តបង្វឹកហាត់ដល់អ្នកមានទេពកោសល្យជំនាន់ក្រោយចូលរួមប្រកួតនៅក្នុងកម្មវិធី The Voice។ Cabello បាននិយាយថា នាងមានអារម្មណ៍ថាដូចបានឆ្លងកាត់អារម្មណ៍ដ៏ពេញលេញមួយ ព្រោះនាងក៏ធ្លាប់បានប្រកួតនៅក្នុងកម្មវិធីប្រកួតចម្រៀងដែរ ដូច្នេះការដែលនាងមានការងារជាគណៈកម្មការម្តងនោះធ្វើអោយនាងទទួលបាននូវបទពិសោធន៍យ៉ាងពេញលេញមួយ។ នាងក៏បានបន្តទៀតថានាងសង្ឃឹមថាអ្នកដែលចូលរួមប្រលងទាំងនោះនឹងបានក្លាយជាសិល្បករល្អប្រសើរជាងនេះ ហើយនិងអាចសំរេចក្តីស្រម៉ៃរបស់ពួកគេបាន។ ប៉ុន្តែមិនមែនគ្រប់គ្នារីករាយជាមួយនឹងវត្តមានរបស់ Cabello នោះទេ ជាពិសេស Shelton ដែលជាគណៈកម្មការមួយរូបផងដែរ ដោយមើលទៅលោកហាក់ដូចជាមិនបានពេញចិត្តនោះទេ។ លោកបាននិយាយលលេងមកកាន់ពិធីករ Carson Daly នៅពេលដែលគេសួរលោកថាតើលោកមានឳវាទល្អៗអ្វីខ្លះមកកាន់ Cabello លោក Shelton ក៏បាននិយាយឡើងថាលោកមិនបានចង់ជួយនាងអ្វីទាំងអស់សំរាប់ការងារខាងមុខនេះ ព្រោះថាលោកមិនបានពេញចិត្តនាងនោះទេ។ ចំនែក Cabello ក៏បានតបទៅវិញថា នេះគ្រាន់តែជាអ្វីដែលមនុស្សខ្លាចនិយាយឡើងប៉ុណ្ណោះ ហើយនាងក៏បន្តទៀតថា គេគ្រាន់តែចង់បន្លាចនាងប៉ុណ្ណោះ វិធីនេះមិនបានផលទេ។