ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways នឹងចាប់ផ្តើមបើកជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំងដោយចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញតម្រូវការកើនឡើងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរភ្នំពេញ-ប៉េកាំងនេះបើតាមការប្រកាសឲ្យដឹងពីក្រុមហ៊ុន។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) ដែលទើបទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា ប៉េកាំងគឺជារដ្ឋធានីជាទីបណ្តុំនៃសេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ ការអប់រំ ព្រមទាំងជាមជ្ឈមណ្ឌលនៃការទំនាក់ទំនង និងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនផងដែរ។ ជារៀងរាល់ឆ្នាំទីក្រុងប៉េកាំងបានទាក់ទាញបេះដូងភ្ញៀវទេសចរណ៍រាប់សិបលាននាក់ពីជុំវិញពិភពលោក ដោយសារតែការរួមបញ្ចូលគ្នាយ៉ាងល្អនៃវប្បធម៌ អរិយធម៌បុរាណដ៏សម្បូរបែប និងការអភិវឌ្ឍដ៏ជឿនលឿននៃទីក្រុងនេះ ។
បើតាមក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ការបើកដំណើរការជើងហោះហើរថ្មីរវាងទីក្រុងភ្នំពេញ និងប៉េកាំងនឹងចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះតទៅ ដោយមានកាលវិភាគនៃការហោះហើរ៣ដងក្នុងមួយសប្តាហ៍គឺនៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ ហើយគ្រោងនឹងបន្ថែមកាលវិភាគនៃការហោះហើររហូតដល់៥ដងក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និងអាទិត្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣តទៅផងដែរ។ លោក Simon Su នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បាននិយាយថា ការបើកជើងហោះហើរថ្មីនេះរំពឹង នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មការវិនិយោគ វប្បធម៌ និងទេសចរណ៍រវាងទីក្រុងទាំងពីរ ភ្នំពេញ-ប៉េកាំង ។ យើងសង្ឃឹមថា ផ្លូវថ្មីនេះនឹងស្រូបទាក់ទាញភ្ញៀវទេសចរចិន អ្នកជំនួញ និងវិនិយោគិនចិន មកកម្ពុជាកាន់តែច្រើនឡើង៕