K-Fever បានរីកសាយភាយកាន់តែទូលំទូលាយមកលើតំបន់នានានៅលើពិភពលោកដោយមានK-Popជាសសរទ្រូងចម្បងមួយផងដែរក្រៅពី K-Drama។ បើប្រៀបធៀបទៅនឹងពេលចាប់កំណើតដំបូងនៃ K-popដោយបានផ្តើមឡើងដោយក្រុមចម្រៀងប្រុសដំបូងមានឈ្មោះថា Seo Taiji នៅក្នុងឆ្នាំ១៩៩២នោះឃើញថានៅក្នុងរយៈពេលជាង៣ទស្សវត្សមកនេះ ឥទ្ធិពលរបស់ K-pop កាន់តែគ្របដណ្តប់ទូលំទូលាយកាន់តែខ្លាំងនៅលើពិភពលោកដែលមានការចួលរួមដោយក្រុមចម្រៀងប្រមាណជាង២៩០ក្រុមឯណោះ នេះបញ្ជាក់បានថាសហគ្រាសតន្រ្តីក្នុងប្រទេសកូរ៉េពិតជាបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់សំរាប់ការទ្រទ្រង់វិស័យមួយនេះឡើង។ ចំនែកការចេញផ្សាយនៃក្រុមចម្រៀងមួយៗក៏ឃើញថាមានការប្រកួតប្រជែងគ្នាខ្លាំងជាងមុនដែរដោយនាពេលបច្ចុប្បន្ននេះចរន្តនៃតន្រ្តី K-pop កាន់តែរីកធំធាត់ ដូច្នេះកត់សម្គាល់ឃើញថាក្រុមចម្រៀង Kpop ប្រមាណជា១៤ក្រុមចម្បងដែលបានធ្វើដំណើរដល់កំពូលជាមួយនឹងភាពល្បីល្បាញគឺជាភាពជោគជ័យមួយដែលគួរអោយចាប់អារម្មណ៍បំផុតដោយនៅក្នុងនោះក៏មានដូចជាក្រុមចម្រៀងប្រុសដ៏ល្បី BTS ផងដែរ ដែលពួកគេគឺជាក្រុមចម្រៀងទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សហាក់ដូចជានៅក្នុងរឿងនិទានមិនមែនជាការពិត។
ក្រុមចម្រៀង BTS មានឈ្មោះពេញជាភាសាកូរ៉េថា Bangtan Sonyeondan ដែលមានន័យជាភាសាអង់គ្លេសថា Bulletproof Scouts គឺជាក្រុមចម្រៀង K-pop មានសមាជិក៧នាក់ដោយមានឈ្មោះនៅលើឆាកថា- RM, Jin, Suga, J-Hope, Jimin, V, និង Jungkook បង្កើតឡើងដោយផលិតកម្ម BigHit Entertainment នៅក្នុងឆ្នាំ២០១៣។ ពួកគេគឺជាក្រុមចម្រៀងដំបូងគេបន្ទាប់ពីក្រុម Beatles របស់ប្រទេសអង់គ្លេសដែលទទួលបានអាល់ប៊ុមទាំងបីជាប់ចំណាត់ថ្នាក់លេខ១នៅលើតារាង Billboard 200 នៅក្នុងរយៈពេលតែមួយឆ្នាំ។ BTS បានក្លាយជាដៃគូសហការជាមួយអង្គការសហប្រជាជាតិយ៉ាងជិតស្និទ្ធ។ ក្នុងឆ្នាំ2017 BTS និង UNICEF បានចាប់ដៃគ្នាហើយចាប់ផ្តើមយុទ្ធនាការ "Love-Myself"ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើគំរាមកំហែងគ្នាហើយពួកគេក៏បានធ្វើសុន្ទរកថាអំពីប្រធានបទនេះផងដែរនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ 2018 នោះ។
រហូតមកដល់ពេលនេះយុទ្ធនាការនេះបានរៃអង្គាសប្រាក់បានចំនួន3.6 លានដុល្លាហើយ។ ការផ្សាយពាណិជ្ជកម្ម និងការងាររួមសហការរបស់ពួកគេក្នុងវិស័យផ្សេងៗគ្នាជាច្រើនបានផ្តល់ភាពទាក់ទាញ និងជួយម៉ាកយីហោឱ្យប្រសើរឡើងសំរាប់ការលក់របស់ពួកគេ ដែលមានដូចជា FILA(កីឡា), SAMSUNG(ទូរសព្ទដៃ), McDonald's(អាហារ) និងផលិតផលជាច្រើនទៀត។ ពួកគេបានក្លាយជាតារាទូតសុឆន្ទៈប្រចាំទីក្រុងសេអ៊ូលក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ និងបានធ្វើការបង្ហាញម៉ូដសំរាប់ក្រុមហ៊ុន Louis Vuitton ផងដែរ។ តើកត្តាអ្វីដែលរុញច្រានក្រុមចម្រៀង BTSទទួលបានជោគជ័យក្នុងរយៈពេលជាង៨ឆ្នាំមកនេះ?
ភាពខុសប្លែកគ្នារវាងការធ្វើទីផ្សារសិល្បករអាស៊ី និងលោកខាងលិចគឺជាចំនុចចាប់ផ្តើមមួយនៃលទ្ធផលទាំងនេះ។ ទី១គឺការចេញផ្សាយនៃអាល់ប៊ុម។ BTS បានធ្វើអោយអ្នកគាំទ្រមានការទន្ទឹងរង់ចាំយ៉ាងពុះពោរតាំងពីថ្ងៃមុនចេញផ្សាយចំរៀងរហូតដល់ថ្ងៃចំរៀងត្រូវបានចេញផ្សាយយូរណាស់ហើយក៏ដោយ។ បើប្រៀបធៀបទៅនឹងសិល្បករលោកខាងលិចវិញ សកម្មភាពប្រូម៉ូសិនយូរបែបនេះមិនត្រូវបានឃើញជាញឹកញាប់នោះទេ។ ក្រៅពីតន្រ្តីផងដែរ BTSក៏បានបញ្ចេញមាតិការផ្សេងៗក្រៅពីបទចម្រៀងរបស់ពួកគេផងដែរដែលមានដូចជា Run BTS, BTS in the Soop, Bon Voyage, និង V lives ជាដើម។ ចំណែកសិល្បករលោកខាងលិចវិញតែងតែចង់រក្សាជីវិតឯកជនរបស់ពួកគេឆ្ងាយពីខ្សែភ្នែកសាធារណៈ។ និងចុងក្រោយបង្អស់គឺការរក្សាតុល្យភាពនៃមាតិកាបង់ប្រាក់ និងឥតគិតថ្លៃ។ ក្រុមទីផ្សាររបស់BTS បានធ្វើសមតុល្យមាតិកាបង់ប្រាក់ និងឥតគិតថ្លៃដែលអាចរកបានជាសាធារណៈ។
ខណៈពេលដែលការប្រគុំតន្ត្រីតាមអ៊ីនធឺណិត និងកម្មវិធីមួយចំនួនដូចជា BTS in the Soop, Bon Voyage ត្រូវបានបង់មាតិកាផ្សេងទៀតជាច្រើនដូចជា-Run BTS, វីដេអូសកម្មភាពក្រោយឆាក, V lives ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ហើយTeaserសំរាប់មាតិកាបង់ប្រាក់ក៏ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដែលជាវិធីឆ្លាតមួយធ្វើអោយអ្នកគាំទ្រនឹងសំរេចចិត្តទិញវា។ នេះគឺជាវិធីសាស្រ្តមួយដែលមានន័យថារបស់តែមួយត្រូវបានផ្គត់ផ្គង់ទៅអោយអតិថិជនគោលដៅខុសគ្នា ក្នុងតំលៃខុសគ្នា។ ក្រុមទីផ្សាររបស់ BTS បានជួយផ្សារភ្ជាប់ក្រុមចម្រៀង BTS យ៉ាងជោគជ័យជាមួយមនុស្សមកពីជុំវិញពិភពលោកដោយប្តូរផ្លាស់ពួកគេទៅជាអ្នកគាំទ្រដ៏ស្មោះត្រង់និងបានបន្តចូលរួមជាមួយពួកគេតាមរយៈមាតិកាឌីជីថលផ្សេងៗគ្នានៅលើ Platform ឌីជីថលផ្សេងៗគ្នាផងដែរ។