BTS បានធ្វើការវិលត្រឡប់ដ៏ក្រើកមួយនៅក្នុងទីក្រុង Los Angeles កាលពីចុងសប្តាហ៍មុន។ អ្នកគាំទ្រក្រុម K-pop រាប់ពាន់នាក់ ដែលហៅខ្លួនឯងថា "Army" បានប្រមូលផ្តុំគ្នានៅកីឡាដ្ឋាន SoFi ដើម្បីមកមើលការប្រគុំតន្ត្រីរបស់ BTS ដែលមានសមាជិកដូចជា RM, Jin, V, J-Hope, Suga, Jimin និង Jungkook ព្រមទាំងងក់ក្បាលទៅតាមចង្វាក់ភ្លេង និងរាំតាមបទល្បីៗរបស់ពួកគេទៀតផង។
ក្រុម K-pop នេះ បានធ្វើសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ហើយបាននិយាយថា ពួកយើងពិតជាមានអារម្មណ៍ល្អណាស់ ដែលបានត្រលប់មកសម្តែងផ្ទាល់ បន្ទាប់ពីការពន្យារពេលដោយសារជំងឺរាតត្បាត Covid-19។ V បាននិយាយថា "ខ្ញុំសប្បាយចិត្តណាស់ ដែលពួកយើងមានការប្រគុំតន្ត្រីផ្ទាល់ជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំមកនេះ។ ជាក់ស្តែងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ វាមិនមែនជារឿងធម្មតាទៀតទេ វាជារឿងដែលគួរឲ្យសោកស្ដាយខ្លាំងណាស់ ហើយក៏ជាពេលវេលាដ៏លំបាកសម្រាប់អ្នករាល់គ្នាផងដែរ" ។
Suga បានបន្ថែមថា នៅពេលដែលគាត់នៅលើឆាកកាលពីថ្ងៃមុន គាត់បានសួរខ្លួនឯងថា "តើនេះពិតជាការពិត ឬនេះជាសុបិន?"
Jimin បាននិយាយថា ជំងឺរាតត្បាត Covid-19 ក៏មានការពិបាកសម្រាប់ក្រុមទាំងមូលផងដែរ ហើយពួកគេបានព្យាយាមបញ្ចូលវាទៅក្នុងតន្ត្រីរបស់ពួកគេ។
"យើងមានអារម្មណ៍ថា ពួកយើងគ្មានថាមពលបន្តទៀតនោះទេ ហើយយើងមានការធ្លាក់ទឹកចិត្តខ្លាំង។ ប៉ុន្តែពួកយើងបានព្យាយាមចាកចេញពីសម្ពាធទាំងនោះ ដោយធ្វើអ្វីៗដែលយើងអាចធ្វើបាន តាមការចេញបទចម្រៀងរបស់យើង "Dynamite" និង "Butter" អាល់ប៊ុម "Be" និង "Permission to Dance"។ ជាថ្មីម្តងទៀត ធ្វើអ្វីដែលយើងអាចធ្វើបាន ហើយព្យាយាមរកផ្លូវចេញពីស្ថានភាពនេះ”។ "ពួកយើងបានខិតខំយ៉ាងខ្លាំងក្នុងរឿងនេះ ពីព្រោះយើងចង់នាំមកនូវការព្យាបាល និងការលួងលោមចិត្តដល់មនុស្សគ្រប់គ្នា ដែល
បានឆ្លងកាត់ការលំបាក និងអ្នកដែលកំពុងតែឆ្លងកាត់ឧបសគ្គទាំងនេះផងដែរ" នេះជាការលើកឡើងរបស់ Jimin។ Jungkook ក៏បានបន្តផងដែរថា "ការដែលយើងទទួលបានក្តីស្រលាញ់ជាច្រើនចំពោះបទចម្រៀងទាំងនេះ ព្រោះនៅពេលពួកយើងបានបង្កើតវាឡើង បទចម្រៀងទាំងនេះបានផ្តល់ឱ្យយើងនូវថាមពលជាច្រើន ហើយយើងសង្ឃឹមថា យើងអាចបញ្ចេញថាមពលវិជ្ជមានដែលយើងបានទទួលក្នុងការប្រគុំតន្ត្រីទាំងនេះ"។
ថ្មីៗនេះ ក្រុមនេះ ក៏ត្រូវបានតែងតាំងសម្រាប់កម្មវិធី Grammy សម្រាប់ក្រុមចម្រៀងប៉ុបល្អបំផុត ឬការសម្តែងជាក្រុម ដែលអ្វីដែល Jin បាននិយាយថា "យើងមិនទាន់បានឈ្នះពានរង្វាន់ Grammy នៅឡើយទេ ហើយវានឹងក្លាយជា “កិត្តិយស” មួយ ប្រសិនបើយើងអាចឈ្នះពានបានមួយ"។
ការទទួលស្គាល់ទូទាំងពិភពលោករបស់ក្រុមនេះ បានកើនឡើងក្នុងឆ្នាំ 2018 ជាមួយនឹងអាល់ប៊ុមរបស់ពួកគេ "Love Yourself: Answer" និង "Love Yourself: Tear" ។ កិច្ចសហការដ៏ជោគជ័យរបស់ពួកគេជាមួយ Coldplay គឺជាផ្នែកមួយក្នុងចំនោមមនុស្សជាច្រើន ដែលពួកគេធ្លាប់បានសហការជាមួយដូចជាសិល្បករល្បីៗ Halsey, Ed Sheeran, Nicki Minaj និង Fall Out Boy ផងដែរ៕
អត្តបទដកស្រង់ពី Chloe Melas
បកប្រែនិងកែសម្រួលដោយ Mr.Blue