មន្ទីរពេទ្យអាមេរិកមួយ បានច្រានចោលអ្នកជំងឺម្នាក់សម្រាប់ការវះកាត់ផ្លាស់ប្តូរបេះដូង ដែលអាចជាផ្នែកមួយដោយសារតែគាត់មិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីត-19។ ឪពុករបស់គាត់ឈ្មោះ David បាននិយាយថា កូនប្រុសរបស់គាត់ DJ Ferguson អាយុ 31 ឆ្នាំកំពុងត្រូវការបេះដូងថ្មីយ៉ាងខ្លាំង ប៉ុន្តែមន្ទីរពេទ្យ Brigham and Women's Hospital ក្នុងទីក្រុង Boston បានដកគាត់ចេញពីបញ្ជីអ្នករងចាំទទួលយកសរីរាង្គថ្មីរបស់ពួកគេ។ គាត់បាននិយាយថា វ៉ាក់សាំងជំងឺកូវីតប្រឆាំងនឹង "គោលការណ៍មូលដ្ឋានរបស់កូនប្រុសគាត់, ហើយកូនប្រុសរបស់គាត់មិនជឿជាក់លើវានោះទេ" ។
មន្ទីរពេទ្យបាននិយាយថា ខ្លួនធ្វើតាមគោលការណ៍ប៉ុណ្ណោះ។ មន្ទីរពេទ្យ Brigham and Women's Hospital បានប្រាប់ BBC នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ដោយសារកង្វះខាតសរីរាង្គដែលអាចប្រើបាន យើងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធានាថាអ្នកជំងឺដែលទទួលសរីរាង្គ នឹងមានឱកាសរស់រានមានជីវិតច្រើនបំផុត" ។
អ្នកនាំពាក្យម្នាក់បាននិយាយថា មន្ទីរពេទ្យទាមទារ "វ៉ាក់សាំងកូវីត-19 និងរបៀបរស់នៅសម្រាប់បេក្ខជនទទួលបានសរីរាង្គ ដើម្បីបង្កើតទាំងឱកាសដ៏ល្អបំផុតសម្រាប់ការវះកាត់ឲ្យជោគជ័យ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការរស់រានមានជីវិតរបស់អ្នកជំងឺបន្ទាប់ពីការវះកាត់ផ្លាស់ប្តូរសរីរាង្គ ដោយសារប្រព័ន្ធភាពស៊ាំរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង"។
សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យ អាចបង្ហាញពីកត្តាផ្សេងទៀតដែលលើសពីស្ថានភាពដែលអ្នកជំងឺមិនបានចាក់វ៉ាក់សាំង ចំពោះភាពមិនគ្រប់គ្រាន់របស់គាត់ ប៉ុន្តែបានបដិសេធមិនបកស្រាយអំពីភាពជាក់លាក់ដោយលើកឡើងពីភាពឯកជនរបស់អ្នកជំងឺ។ មន្ទីរពេទ្យបានបន្ថែមថា ភាគច្រើននៃមនុស្ស 100,000 នាក់នៅក្នុងបញ្ជីរង់ចាំសម្រាប់ការផ្លាស់ប្តូរសរីរាង្គនឹងមិនទទួលបានសរីរាង្គក្នុងរយៈពេល 5 ឆ្នាំ ដោយសារតែកង្វះសរីរាង្គដែលមាន។
លោក Ferguson បានស្នាក់នៅក្នុងមន្ទីរពេទ្យចាប់តាំងពីថ្ងៃបុណ្យ Thanksgiving នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2021 ហើយគាត់មានបញ្ហាបេះដូងតំណពូជ ដែលបណ្តាលឱ្យសួតរបស់គាត់ពោរពេញដោយឈាម និងសារធាតុរាវ នេះបើយោងតាម GoFundMe ។
អ្នករៀបចំកម្មវិធីរៃអង្គាសថវិកាបាននិយាយថា លោក Ferguson មានការព្រួយបារម្ភថា គាត់អាចជួបប្រទះការរលាកបេះដូង (ផលប៉ះពាល់ដែលអាចកើតមានពីការចាក់វ៉ាក់សាំងការពារមេរោគកូវីត ដែលមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) សង្កត់ធ្ងន់គឺ កម្រ និងកើតមានបណ្តោះអាសន្ន) ហើយវាអាចបង្ហាញពីគ្រោះថ្នាក់ដោយសារភាពទន់ខ្សោយនៃបេះដូងរបស់គាត់។
CDC លើកទឹកចិត្តអ្នកទទួលការប្តូរសរីរាង្គ និងអ្នកត្រូវការសរីរាង្គបន្ទាន់ ដើម្បីទទួលបានវ៉ាក់សាំងពេញលេញ និងវ៉ាក់សាំងជំរុញ។
លោកវេជ្ជបណ្ឌិត Arthur Caplan ប្រធានផ្នែកក្រមសីលធម៌វេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រ NYU Grossman បានប្រាប់ CBS News ថាបន្ទាប់ពីការប្តូរសរីរាង្គណាមួយ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺត្រូវបានបិទទាំងស្រុង ហើយសូម្បីតែជំងឺផ្តាសាយធម្មតាក៏អាចបណ្តាលឱ្យស្លាប់បានដែរ។ គាត់បានបន្តថា "សរីរាង្គគឺមានកំណត់ យើងនឹងមិនចែកចាយវាទៅឱ្យអ្នកដែលមានឱកាសរស់នៅទាបនោះទេ នៅពេលដែលអ្នកផ្សេងទៀតដែលត្រូវបានចាក់វ៉ាក់សាំង មានឱកាសប្រសើរជាងក្រោយការវះកាត់ដើម្បីរស់" ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រួសាររបស់លោក Ferguson បានផ្តល់យោបល់ថា គាត់មានសភាពខ្សោយខ្លាំងពេកក្នុងការបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត ហើយគាត់ "ជិតអស់ពេលហើយ"។ លោក David បាននិយាយថា "កូនប្រុសរបស់ខ្ញុំកំពុងប្រយុទ្ធយ៉ាងក្លាហាន ហើយគាត់មានភាពស្មោះត្រង់ និងគោលការណ៍ដែលគាត់ពិតជាជឿជាក់ ហើយនោះជាអ្វីដែលធ្វើឱ្យខ្ញុំគោរពគាត់កាន់តែខ្លាំង" ។
វាមិនមែនជាលើកទីមួយទេ ដែលជនជាតិអាមេរិកដែលមិនបានទទួលថ្នាំបង្ការបានប្រឈមមុខនឹងឧបសគ្គផ្នែកថែទាំសុខភាពក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កាលពីដើមខែនេះ ស្ត្រីម្នាក់រស់នៅរដ្ឋ Minnesota បានប្តឹងទៅមន្ទីរពេទ្យក្នុងតំបន់របស់នាង បន្ទាប់ពីគ្រូពេទ្យបានព្យាយាមដកម៉ាស៊ីនបំពង់ខ្យល់អុកស៊ីសែនចេញពីប្តីរបស់នាងដែលមិនបានចាក់វ៉ាក់សាំង ដែលគាត់បានសម្រាក់នៅទីនោះអស់រយៈពេលពីរខែមកហើយ។
63% នៃចំនួនប្រជាជនអាមេរិកត្រូវបានចាក់ពីរដងរួចហើយ និងប្រហែល 40% នៃជនជាតិអាមេរិកបានទទួលបានវ៉ាក់សាំងលើកទីបី៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue