DW-
នាយករដ្ឋមន្ត្រី Boris Johnson នឹងចុះចេញពីតំណែងបន្ទាប់ពីសមាជិកគណរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើននាក់បានលាលែងចេញពីតំណែង។ ទោះជាយ៉ាងណាក៏ដោយលោកបាននិយាយថា លោកនឹងបន្តនៅក្នុងតំណែងរហូតដល់មេដឹកនាំថ្មីត្រូវបានជ្រើសរើស ដែលអាចនឹងប្រើពេលជាច្រើនខែ។ លោកនឹងចុះចេញពីតំណែងប្រធានគណបក្សអភិរក្សនិយមនិងជានាយករដ្ឋមន្ត្រី ដោយលោកនឹងបន្តនៅជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់មេដឹកនាំគណបក្សថ្មីត្រូវបានជ្រើសរើស។ មេដឹកនាំគណបក្សប្រឆាំងបាននិយាយថាលោកត្រូវតែចុះចេញពីតំណែងប្រមុខរដ្ឋាភិបាលជាបន្ទាន់។ មេដឹកនាំគណបក្សការងារដែលជាគណបក្សប្រឆាំង លោក Keir Starmer បាននិយាយថា លោកនឹងស្នើរសុំឲ្យមានការបោះឆ្នោតមិនទុកចិត្តបើសិនជា Johnson មិនចុះចេញពីអំណាចជាបន្ទាន់។
ការប្រកាសរបស់ Johnson បានធ្វើឡើងបន្ទាប់ពីសមាជិកសភានៃគណបក្សអភិរក្សនិយមចំនួន៥០រូបបានលាលែងចេញពីតំណែងក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃអង្គារ៍សមាជិកគណៈរដ្ឋមន្ត្រី Rishi Sunak និង Sajid Javid បានចុះចេញពីតំណែងតែប៉ុន្មាននាទីបន្តបន្ទាប់គ្នា។ រឿងអាស្រូវថ្មីៗជាងគេដែលប៉ះពាល់ដល់រដ្ឋាភិបាល Johnson គឺការដោះស្រាយរបស់លោកនាយករដ្ឋមន្ត្រីទៅលើករណីប្រឆាំង Chris Pincher ដែលជាសមាជិកសភាគណបក្សអភិរក្សនិយមដែលរងនូវការចោទប្រកាន់លើការរំលោភលើផ្លូវភេទ។ Pincher បានលាលែងចេញពីតំណែងនៅក្នុងចុងខែមិថុនា បន្ទាប់ពីបានទទួលនូវការចោទប្រកាន់ថាបាន ស្ទាបអង្អែលផ្លូវភេទសហសេវិកជានារី២រូបនៅក្នុងរង្គសាល។
រឿងអាស្រូវផ្សេងទៀតរួមមាន “partygate” ដែលជារឿងដែលប្រារព្វនូវពិធីជប់លៀងនៅក្នុងអាគាររដ្ឋាភិបាលដែលរំលោភទៅលើបទបញ្ជារក្នុងការរាំងខ្ទប់កូវីដ-19 ហើយ Johnson បានខកខានមិនបានរាយការណ៍អំពីអំណោយដែលតុបតែងថ្មីនៅក្នុងគេហដ្ឋានជាឯកជនរបស់ខ្លួន។ គណបក្សអភិរក្សនិយមអង់គ្លេសកំពុងតែស្វែងរកជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅដើមខែកញ្ញា បើយោងទៅតាមកាសែតអង់គ្លេស ដែលចេញផ្សាយប្រចាំថ្ងៃ Financial Times ។ រដ្ឋមន្ត្រីទី១នៃ Scotland , Nicola Sturgeon បានចូលរួមជាមួយមនុស្សជាច្រើនដែលប្រឆាំងនឹងការបន្តនៅជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ Johnson បានកត់សំគាល់ថា "ខ្ញុំមិនច្បាស់ដែរថាមានអ្នកណាម្នាក់អាចក្រឡេកមើលទៅ Johnson ហើយសន្និដ្ឋានថា លោកមានសមត្ថភាពពិតប្រាកដនឹងធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ"។
មេដឹកនាំគណបក្សការងារដែលជាគណបក្សប្រឆាំង Keir Starmer បាននិយាយថា “គាត់ធ្វើឲ្យមានការឈឺចាប់ដោយចូលចិត្តនិយាយភូតកុហក ក្លែងបន្លំ និងបង្ករឲ្យមានភាពជ្រួលច្របល់ក្នុងប្រទេស”។ លោកប្រធានាធិបតី Joe-Bidenបាននិយាយថា “កិច្ចសហប្រតិបត្តិការណ៍យ៉ាងជិតស្និទ្ធជាមួយអង់គ្លេសនឹងបន្ត” ប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីការប្រកាសលាលែងចេញពីមុខតំណែងរបស់ Boris Johnson។ ”សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស គឺជាមិត្តនិងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត និងទំនាក់ទំនងជាពិសេសរវាងប្រជាពលរដ្ឋយើងទាំង២នៅតែរឹងមាំនិងបន្តស្ថិតស្ថេរជារៀងរហូត” Biden និយាយនៅក្នុងសេចក្តីថ្លែងការណ៍មូុយ ។