បុងបុង ម៉ាកូស គឺជាប្រធានាធិបតីដែលទើបតែបានជាប់ឆ្នោតថ្មីនៅក្នុងប្រទេសហ្វីលីពីន។ លោកគឺជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ហ្វែ៊រឌីណង់ ម៉ាកូស (Ferdin and Marcos) ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ហើយត្រូវបានគេបណ្តេញចេញពីអំណាចក្រោយពីការដឹកនាំប្រទេសអស់រយៈពីរទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់គ្រួសារលោកបានងើបឡើងវិញនាពេលថ្មីៗនេះ ដែលភាគច្រើនត្រូវបានជំរុញដោយប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រោយពីបានជាប់ឆ្នោត មានមនុស្សជាច្រើនចង់ដឹងអំពីប្រវត្តិរបស់លោក ជាពិសេសរឿងរ៉ាវ ជីវិតផ្ទាល់ខ្លួន ការអប់រំ គ្រួសារ បទពិសោធន៍ការងារ និងគោលនយោបាយថ្មីរបស់លោកក្នុងការដឹកនាំប្រទេស។ ដូច្នេះនៅក្នុងអត្ថបទ ជីវិតជោគជ័យរបស់យើងថ្ងៃនេះ នឹងនិយាយរៀបរាប់អំពីប្រវត្តិរបស់លោកដូចតទៅ។
កុមារភាព និងការសិក្សា
លោកកើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៥៧ នៅក្នុងទីក្រុង ម៉ានីល (Manila) ប្រទេសហ្វីលីពីន។ លោកជាកូនទីពីរ និងជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារម៉ាកូស (Marcos Family)។ ម៉ាកូស បានចូលរៀនចាប់ពីថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់បឋម នៅឯ អាំងស្ទីតតុយស្យុង តេរេស្យាណា និង ឡា សាល់ ហ្រ្គីន ហ៊ីល (Institucion Teresiana and La Salle Green Hills) នៅក្នុងទីក្រុង ម៉ានីល (Manila)។ នៅក្នុងឆ្នាំ១៩៧០ កុមារាម៉ាកូសត្រូវបានបញ្ជូនទៅប្រទេសអង់គ្លេសជាកន្លែងដែលគាត់បានរស់នៅ និងសិក្សានៅសាលា វស់ (Worth) ដែលជាស្ថាប័ន បេននីឌីកទីន (Benedictine) របស់ក្មេងប្រុសទាំងអស់នៅ វេសត៍ សុសសេក្ស (West Sussex)។ នៅខណៈពេលដែល កុមារា ម៉ាកូសកំពុងតែសិក្សានៅទីនោះឪពុករបស់លោក កំពុងតែប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៧២។ បន្ទាប់មក លោកបានចុះឈ្មោះនៅ អេស ធី អេដមុន ហល (St Edmund Hall) នៃសាកលវិទ្យាល័យ អុកស្វត (Oxford University) ដើម្បីសិក្សាជំនាញ ទស្សនវិជ្ជា នយោបាយ និង សេដ្ធកិច្ច (PPE)។ គួរឲ្យសោកស្តាយ លោកបានប្រឡងជាប់តែទស្សនវិជ្ជាប៉ុណ្ណោះ ចំណែកឯសេដ្ធកិច្ចលោកបានប្រឡងធ្លាក់ និងនយោបាយលោកបានប្រឡងធ្លាក់ពីរដង ដូច្នេះលោកមិនបានបញ្ចប់ និងទទួលបានសញ្ញាបត្រនេះទេ។ ផ្ទុយទៅវិញ លោកទទួលបាន សញ្ញាបត្រពិសេសខាងការសិក្សាអំពីសង្គម ដែលត្រូវបានគេផ្តល់ជូនឲ្យជាពិសេសចំពោះអ្នកដែលមិនបានបញ្ចប់ការសិក្សា។ បន្ទាប់មកលោកម៉ាកូស បានចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីថ្នាក់ អនុបណ្ឌិតខាង គ្រប់គ្រងពាណិជ្ជកម្ម (Masters in Business Administration) នៅឯសាលាជំនួញ វ៉ាតុន (Wharton School of Business) នៃសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ (University of Pennsylvania) ក្នុងទីក្រុងហ្វីឡាដែលហ្វៀ សហរដ្ធអាមេរិក តែលោកបានបរាជ័យម្តងទៀត ក្នុងការបញ្ចប់វា។ លោកបានអះអាងថា លោកឈប់រៀនដោយសារតែលោកត្រូវមកឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្តរងប្រចាំនៅខេត្ត អុីឡូកូ ណ័រ (Ilocos Norte) ក្នុងឆ្នាំ១៩៨០។ គណកម្មការរបស់ប្រធានាធិបតី ស្តីអំពីការគ្រប់គ្រងល្អនៅពេលក្រោយមកបានរាយការណ៍ថាទាំង ថ្លៃសាលារៀនរបស់លោក ប្រាក់ឧបត្ថម្ភប្រចំាខែរបស់លោក ១០,០០០ ដុល្លារ និងភូមិគ្រឹះដែលលោកបានរស់នៅ នៅខណៈពេលដែលលោកកំពុងសិក្សានៅឯសាលាវ៉ាតុន គឺសុទ្ធតែប្រើមូលនិធិរបស់ការិយាល័យប្រធានាធិបតី និងមួយផ្នែកទៀតចេញពីកុងធនាគារ ១៥ ដែលលោកម៉ាកូស បានចូលបើកដោយស្ងាត់ៗនៅក្នុងទឹកដីសហរដ្ធអាមេរិក ឋិតនៅក្រោមឈ្មោះក្លែងក្លាយ។
បទពិសោធន៍ការងារ
លោកជាអ្នកនយោបាយអាជីព ហើយជាមន្ត្រីរដ្ធ ចាប់តាំងពីឆ្នាំ១៩៨០។ លោក បុងបុង ម៉ាកូស បានចូលកាន់តំណែងជាច្រើនទាំងនៅក្នុង អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ របស់រដ្ធាភិបាល ដូចជា បម្រើជាសមាជិកព្រឹទ្យសភា រយៈពេល៦ឆ្នាំ ពីឆ្នាំ២០១០ ដល់២០១៦ (A Senator 6 Years from 2010 to 2016) សមាជិកសភា រយៈពេល ៦ឆ្នាំ ពីឆ្នាំ១៩៩២ ដល់១៩៩៥ និង ពីឆ្នាំ២០០៧ ដល់២០១០ (A Congressman 6 Years from 1992 to 1995 and from 2007 to 2010) អភិបាលក្រុង រយៈពេល ១២ឆ្នាំ ពីឆ្នាំ១៩៨៣ ដល់១៩៨៦ និង ពីឆ្នាំ១៩៩៨ ដល់២០០៧ (Governor 12 years from 1986 to 1998 and from 1998 to 2007) និងអភិបាលក្រុងរង រយៈពេលបីឆ្នាំ ពីឆ្នាំ១៩៨០ ដល់១៩៨៣ (Vice-Governor 3 Years from 1980 to 1983) ។
ការប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី និងការឈ្នះឆ្នោត
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ លោក បុងបុង ម៉ាកូស បានប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី និងចាប់ផ្តើមធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២២ ដែលកំពុងតែខិតជិតចូលមកដល់តាមរយៈការបង្ហោះសារជាវីដេអូនៅលើហ្វេសប៊ុក។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ មនុស្សប្រហែល៦៧.៥លាននាក់បានចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសបេក្ខជនដែលពួកគេស្រឡាញ់ពេញចិត្ត។ នៅក្នុងការឈរឈ្មោះបោះឆ្នោតនេះ គេឃើញមានបេក្ខជន ១០នាក់ មកពីគណបក្សផ្សេងពីគ្នា ក៏ប៉ុន្តែមានត្រឹមតែ ២នាក់ប៉ុណ្ណោះដែលជាគូរប្រជែងប្រកិតនឹងគ្នាគឺ លោក បុងបុង ម៉ាកូស ដែលជាអ្នកនាំមុខ និង លោកស្រី លេនី រ៉ូប្រេដូ (Leni Robredo) ដែលដេញតាមពីក្រោយនៅលេខរៀងទីពីរ។ ជាមួយនឹងសម្លេងឆ្នោត ជាង៩៥% លោកម៉ាកូសទទួលបានប្រហែល៣០លានសម្លេង ដែលជាចំនួនច្រើនជាងពីរដងនៃគូរប្រកួតផ្តាច់មុខរបស់លោកគឺ អ្នកស្រី អនុប្រធានាធិបតី លេនី រ៉ូប្រេដូ ដែលទទួលបានត្រឹមតែ ១៤ លានសម្លេង ដោយយោងទៅតាមចំនួនរាប់សរុបក្រៅផ្លូវការរបស់គណកម្មការស្តីអំពីការបោះឆ្នោត។
ជីវិតគ្រួសារ
លោក ម៉ាកូស បានរៀបការជាមួយ អ្នកស្រី ល្វី “លីហ្សា” កាចូ អារ៉ាណេតា (Louise “Liza” Cacho Araneta) ដែលជាកូនស្រី នៃគ្រួសារ អារ៉ាណេតាដ៏លេចធ្លោ (A Member of Araneta Family) ហើយពួកគេមានកូនប្រុសបីនាក់។
គោលនយោបាយការបរទេស
សម្រាប់គោលនយោបាយការបរទេស លោកបុងបុង ម៉ាកូស បានបង្ហាញគោលជំហរនិងការតាំងចិត្តក្នុងការចងភ្ជាប់ទំនាក់ទំនងជាមួយប្រទេស មហាអំណាច មានដូចជា សហរដ្ធអាមេរិក ចិន រុស្ស៊ី (តែនៅក្នុងសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ី លោកបានទាមទារឲ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី)។ លោកបាននិយាយថា សម្ព័ន្ធភាព គឺជាទំនាក់ទំនងដ៏សំខាន់ជាពិសេសអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ដែលអាចជួយការពារហ្វីលីពីនបានយ៉ាងច្រើន។ចំណែកចិនវិញលោកបាននិយាយថា លោកនឹងព្យាយាមចរចាជាមួយនឹងទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាជម្លោះទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង៕
បកប្រែដោយ៖ ម៉ៅ គុយដង់