រថយន្ត BMW iX ស៊េរីថ្មីពិតជាទំនើបមែនទែន ហើយវានឹងមិនយូរប៉ុន្មាននោះទេ មុនពេលរថយន្ត SUV អគ្គិសនីថ្មីនេះ ដាក់លក់នៅសហរដ្ឋអាមេរិក។ នៅឯពិព័រណ៍ CES 2022 នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន BMW បានបង្ហាញនូវរថយន្ត iX SUV ដែលមានសមត្ថភាពខ្ពស់ជាងមុនគឺ M60។ M60 ប្រើកញ្ចប់ថាមពលថ្ម 111.5 គីឡូវ៉ាត់ម៉ោង និងការដំឡើងម៉ូទ័រអេឡិចនិចចំនួនពីរ។ រថយន្ត iX M60 នេះផលិតកម្លាំង 610 សេះ និងកម្លាំងបង្វិល 811 ផោនហ្វីត នៅពេលប្រើប្រាស់ការគ្រប់គ្រងការបើកដំណើរការ (launch control)។ នៅក្រោមលក្ខខណ្ឌប្រតិបត្តិការធម្មតា iX M60 បង្កើតកម្លាំងបាន 532 សេះ និងកម្លាំងបង្វិល 749 ផោនហ្វីត។
ជាមួយនឹងការគ្រប់គ្រងការបើកដំណើរការ រថយន្តទំនើប BMW ប៉ាន់ស្មានថាអាចបើកបរល្បឿនពី 0 ទៅ 60 ម៉ាយក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 3.6 វិនាទី។ M60 ភ្ជាប់មកជាមួយប្រព័ន្ធព្យួរខ្យល់ដែលអាចសម្រួលដល់កម្រិតរថយន្ត SUV ដោយខ្លួនឯងនៅកង់នីមួយៗ និង "ជួយសម្រួលសម្រាប់ការផ្ទុកមិនស្មើគ្នា" នេះបើយោងតាមក្រុមហ៊ុន BMW ។ ចង្កូតសមាមាត្រអថេរ និងហ្រ្វាំងធំជាងមុនដែលមកជាមួយកាលីបឺរស្តង់ដារពណ៌ខៀវ។ រថយន្តទំនើបនេះ ក៏មានបច្ចេកវិទ្យាជំនួយដល់អ្នកបើកបរដូចជា ការគ្រប់គ្រងពេលបើកបរដែលអាចបត់បែនបាន ជំនួយការចតរថយន្ត និងអ្វីៗជាច្រើនផ្សេងទៀត។
សម្រាប់ទំហំវិញ លេខ EPA ផ្លូវការនៅតែជា TBD ។ សម្រាប់ពេលនេះ BMW ប៉ាន់ប្រមាណថាអាចបើកបរបានចម្ងាយ 280 ម៉ាយ (450 គីឡូម៉ែត្រ) សម្រាប់ iX M60 នៅពេលបំពាក់ជាមួយកង់ទំហំ 21 អ៊ីញតូចជាងមុនរបស់វា។ រថយន្ត iX M60 អាចទទួលបានឧបករណ៍សាកថ្ម DC fast charging ក្នុងល្បឿនរហូតដល់ 250 គីឡូវ៉ាត់ ដែលមានន័យថា ថ្មអាចឡើងពី 10% ទៅ 80% ក្នុងរយៈពេលប្រហែល 35 នាទី។
នៅខាងក្នុង M60 គឺមិនខុសពីម៉ូដែល iX ផ្សេងទៀតទេ។ ផ្ទៃខាងក្នុងរបស់ iX គឺធំទូលាយ រចនាយ៉ាងស្អាត និងសំបូរទៅដោយបច្ចេកវិទ្យាយ៉ាងពិតប្រាកដ។ កម្មវិធី iDrive 8 របស់ BMW ដំណើរការកម្មវិធីនៅលើអេក្រង់ infotainment កោង ហើយ M60 មានស្តង់ដារជាមួយនឹងប្រព័ន្ធសំឡេងជុំវិញ Bowers & Wilkins, ទ្វារចូលដោយមិនប្រើប្រាស់សោរ, កៅអីដែលមានខ្យល់ចេញចូល និងកំដៅអ្វីគ្រប់យ៉ាង។ កៅអី ដៃចង្កូត ជើងទ្រ បន្ទះទ្វារ និងផ្ទាំងគ្រប់គ្រងទាំងអស់ សុទ្ធតែមានរស្មីកំដៅ។ ដោយសារតែមានថាមពល និងមុខងារស្តង់ដារបន្ថែម iX M60 នឹងមិនមានតម្លៃថោកនោះទេ។ BMW បានបញ្ជាក់ថា M60 នឹងមានតម្លៃ $106,095 រួមទាំងការគិតថ្លៃទិសដៅ $995 ដែលធ្វើឱ្យវាមានតម្លៃប្រហែល $22,000 ថ្លៃជាង iX xDrive50 ។ អញ្ចឹងតោះរង់ចាំមើល ព្រោះវានឹងមកដល់អ្នកចែកចាយ BMW ក្នុងខែមិថុនា។
អត្ថបទដកស្រង់ពី Steven Ewing
បកប្រែនិងកែសម្រួលដោយ Mr. Blue