AFP-
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken នឹងជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi នៅថ្ងៃអាទិត្យនាទីក្រុង រ៉ូម ដែលជាការជួបដោយផ្ទាល់មុខជាលើកទី២ ចាប់តាំងពីមានភាពតឹងតែងរវាងមហាអំណាចទាំង២។ ការជួបគ្នានៅទីក្រុងរ៉ូមនេះស្ថិតនៅក្នុងកាលវិភាគជាសាធារណៈរបស់លោក Blinken ដែលបានបញ្ចេញឲ្យដឹងកាលពីថ្ងៃសៅរ៍ ខណៈដែលមេដឹកនាំការទូតទាំង២រូបនេះបានចូលរួមនៅក្នុងកិច្ចប្រជុំ G-20 ។
នេះគឺជាលើកទី១ រវាង Blinken និង Wang ចាប់តាំងពីមានសម័យប្រជុំវាយប្រហារគ្នាដូចព្យុះនៅ Alaska នៅក្នុងខែមិនា ក្នុងអម្លុងពេលដែលគណៈប្រតិភូចិនស្តីបន្ទោសយ៉ាងខ្លាំងទៅលើភាគីអាមេរិកខណៈដែលកាមេរ៉ាទូរទស្សន៍បានថតបង្ហាញ។ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងរវាងមហាអំណាចសេដ្ឋកិច្ចដ៏ធំទាំង២លើរឿងធំៗជាច្រើនរួមបញ្ចូលទាំង ពាណិជ្ជកម្ម ,សិទ្ធមនុស្ស,តៃវ៉ាន់,និងកូវីដ-19។
នៅដើមសប្តាហ៍នេះទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឲ្យប្រព័ន្ធទូរគមនាគមន៍ចិន-អាមេរិកផ្តាច់ទំនាក់ទំនងរវាងគ្នាក្នុងរយៈពេល៦០ថ្ងៃ ដែលជាការបញ្ចប់នូវប្រតិបត្តិការណ៍ដែលមានជិត២ទសវត្សរ៍នៅក្នុងប្រទេស ដែលជាការបង្កើនឡើងនូវឧបសគ្គនៃទំនាក់ទំនងរវាងប្រទេសទាំង២បន្ថែមទៀត។លោកប្រធានាធិបតី Joe-Biden បានជាន់បន្ថែមទៀតនូវនយោបាយពាណិជ្ជកម្មប្រឆាំងទៅនឹងទីក្រុងប៉េកាំងយ៉ាងទូលំទូលាយស្របទៅជាមួយនឹងប្រធានាធិបតីមុនគឺលោកDonald Trump ដែលពូកែខាងលេងសំដី ធ្វើឲ្យភាពតានតឹងកាន់តែជូរចត់ថែមទៀត។
ភាពតានតឹងក៏កើតមានផងដែរនៅលើរឿងតៃវ៉ាន់ក្នុងប៉ុន្មានខែថ្មីៗនេះ ចិនបានអះអាងថាកោះជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលគ្រប់គ្រងដោយខ្លួនឯងនេះជាដែនដីរបស់ខ្លួនព្រមទាំងប្តេជ្ញាចិត្តថានឹងចាប់យកមកវិញនៅថ្ងៃណាមួយដោយកំលាំងបើសិនជាចាំបាច់។កាលពីដើមខែនេះទីក្រុងវ៉ាស៊ិនតោនបានបញ្ជាក់ថាកងទ័ពអាមេរិកមួយចំនួនតូចកពុងស្ថិតនៅលើដីកោះដើម្បីជួយហ្វឹកហ្វឺនកងទ័ពតៃវ៉ាន់។