CNA-Jakarta
រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken កាលពីថ្ងៃអង្គារបានបង្ហាញពី យុទ្ធសាស្ត្ររបស់អាមេរិកឲ្យស៊ីជម្រៅនៅក្នុងសទ្ធិសញ្ញាសម្ព័ន្ធមិត្តអាស៊ាន ដោយបានស្នើផ្តល់នូវការពង្រឹងការការពារជាតិ និងការងារស៊ើបការណ៍សម្ងាត់ ជាមួយនិងដៃគូរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក ដែលមានការកើនឡើងនូវការព្រួយបារម្ភនៃទង្វើឈ្លានពានរបស់ចិន។ ក្នុងអម្លុងពេលធ្វើទស្សនកិច្ចនៅឥណ្ឌូណេស៊ី Blinken បានពិពណ៌នាឥណ្ឌូ-ប៉ាស៊ីហ្វីកថាជា តំបន់ដែលមានសកម្មភាពរស់រវើកជាងគេនៅក្នុងពិភពលោក និងបានបន្ថែមទៀតថា អ្នកទាំងអស់គ្នាមានចំណែកមួយក្នុងការធានានូវស្ថានការណ៍បច្ចុប្បន្នដែលគ្មានការរំខាន និងការគំរាមកំហែង ដោយចង់និយាយយោងទៅរកចិន។
លោកនិយាយថា សហរដ្ឋអាមេរិកសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រទេសដែលមានអំណះអំណាងនៅក្នុងសមុទ្ទចិនខាងត្បូងត្រូវតែរុញច្រានត្រឡប់ទៅវិញប្រឆាំងនឹងទង្វើខុសច្បាប់។ "យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូររបស់យើង ដើម្បីការពាររបៀបរៀបរយដែលឈរនៅលើមូលដ្ឋានច្បាប់ ដែលយើងបានកសាងទាំងអស់គ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីធានាថាតំបន់នេះ នៅតែបើកចំហរនិងអាចចេញចូលបានដោយសេរី" លោកនិយាយនៅក្នុងមហាវិទ្យាល័យមួយ។
“អនុញ្ញាតិឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់ថា គោលបំណងក្នុងការការពាររបៀបរៀបរយដែលឈរនៅលើមូលដ្ឋានច្បាប់ មិនមែនដើម្បីធ្វើឲ្យប្រទេសណាមួយធ្លាក់ចុះនោះទេ វាជាការការពារនូវសិទ្ធរបស់ប្រទេសទាំងអស់ ដើម្បីជ្រើសរើសផ្លូវដើររបស់ខ្លួន ដោយសេរីនិងគ្មានការរុកគួន និងគំរាមកំហែង។ ចិនបានអះអាងថាស្ទើរតែទាំងអស់នៃដែនទឹក និងកោះក្នុងសមុទ្ទចិនខាងត្បូងជារបស់ខ្លួន ទោះបីជាមានការអះអាងនូវតំបន់ត្រួតស៊ីគ្នាជាមួយនឹងរដ្ឋនៃកោះមួយចំនួន ហើយតុលាការ មជ្ឍតករអន្តរជាតិបានកាត់សេចក្តីថា អំណះអំណាងដ៏ធំរបស់ចិនពុំមានមូលដ្ឋានច្បាប់ទេ។
ទីក្រុងប៉េកាំងបានទាត់ចោលនូវជំហររបស់អាមេរិក ថាជាការលូកដៃធ្វើអន្តរាគមន៍ពីមហាអំណាចខាងក្រៅដែលអាចនឹងគំរាមកំហែងស្ថិរភាពនៅក្នុងអាស៊ី។ ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗនៅលើពាក្យសំដីរបស់ Blinken នោះទេ។ Blinken កំពុងតែធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកប្រធានាធិបតី Joe-Biden បានចូលកាន់អំណាចនៅក្នុងខែមករា ដែលការធ្វើដំណើរមួយនេះមានគោលបំណងលើកតម្កើងនូវទំនាក់ទំនង បន្ទាប់ពីរយៈពេលមួយដែលមានភាពមិនច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះអាស៊ីនៅក្រោមការដឹកនាំរបស់រដ្ឋការ Trump៕