អ្នកចូលចិត្តតាមដានពត៌មានរថយន្តប្រហែលជាធ្លាប់ដឹងឬស្គាល់ហើយឡាន ប៊ុយហ្គាតទី ឡា វ័រទៀ ណ័រ (Bugatti La Voiture Noire) ឬ ឡានខ្មៅ (the Black Car) ដែលជាឡានថ្លៃជាងគេបំផុតនៅលើពិភពលោក ដែលមានតម្លៃ១៩លានដុល្លារសហរដ្ធអាមេរិក តែប្រហែលជាយើងមិនបានដឹង ឬដឹងមិនទាន់ច្បាស់ទេថា តើនរណាជាអ្នករចនា និងគូររូបឡាននេះឡើង? ដូច្នេះនៅក្នុង “ទំព័រនៃជីវិតជោគជ័យថ្ងៃនេះ” យើងនឹងនិយាយអំពីជីវប្រវត្តិរបស់លោក អឺត្យែន សាឡូមេ (Etienne Salomé) ដែលជាអ្នកឌីហ្សាញ ឡានថ្លៃកប់ពពក ប៊ុយហ្គាតទី ឡា វ័រទៀ ណ័រ ឬ ឡានខ្មៅ។
កុមារភាព និងការសិក្សា
លោកកើតនៅទីក្រុងបា៉រីស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨០។ ក្រោយពីបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅ Royal College of Art ក្នុងទីក្រុងឡុងដ៍ក្នុងឆ្នាំ២០០៥ លោកបានទទួលការសាទរជាលក្ខណៈអន្តរជាតិសម្រាប់ការរចនា និងស្នាដៃសិល្បៈរបស់លោក។ ម៉្យាងទៀត លោកក៏ជាអ្នករចនា និង វិចិត្រករជនជាតិបារាំងដ៏គួរឲ្យស្ងប់ស្ងែងម្នាក់ផងដែរ។ លោកបានចាប់ផ្តើមរៀនគូរតាំងពីលោកនៅតូចម្ល៉េះ ហើយវាបានក្លាយទៅជាការកំសាន្ត និង ការងប់ងល់ ហើយជាពិសេស ម្តាយរបស់លោក តែងតែជំរុញ និងលើកទឹកចិត្តលោកឲ្យគូរ។ លោកបាននិយាយថា “ខ្ញុំតែងតែគូរគ្រប់ពេលវេលា ហើយការគូរគឺជាជីវិតរបស់ខ្ញុំ។ មិនតែប៉ុណ្ណោះ ការគូរបានក្លាយទៅជារបៀបដែលខ្ញុំប្រើដើម្បីទាក់ទងជាមួយនឹងក្រុមរបស់ខ្ញុំ”។ បច្ចុប្បន្នលោកមានអាយុ ៤២ឆ្នាំ ហើយកំពុងរស់នៅ និងធ្វើការ នៅក្នុងទីក្រុង ប៊ែកឡាំង ប្រទេសអាលឺម៉ង់។
បទពិសោធន៍ការងារ
អឺត្យែន សាឡូមេ (Etienne Salomé) គឺជាអ្នកឌីហ្សាញ និងជាវិចិត្រករ។ មុនពេលក្លាយជា នាយកផ្នែករចនាខាងក្នុង និង ជាជំនួយការប្រធាន អ្នករចនានៅក្រុមហ៊ុន ប៊ុយហ្គាតទី អូតូមូបាល់ (Bugatti Automobiles) លោកធ្លាប់បម្រើការងារនៅក្រុមហ៊ុន គៀ (Kia) ម៉ាហ្សដា (Mazda) និង រីណូលត៍ (Renault)។ លោកបានចូលរួមចំណែកក្នុងក្រុមហ៊ុន ប៊ុយហ្គាតទី ឌីហ្សាញ (Bugatti Design) អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០០៧ Salomé គឺជាអ្នកគ្រប់គ្រងគម្រោងសម្រាប់ការសហការរបស់ ប៊ុយហ្គាតទី (Bugatti) និង អែមែស (Hermès)។ ដោយសារតែភាពល្បីល្បាញរបស់លោក ធ្វើឲ្យលោកអាចមានឱកាសសហការជាមួយ ប៊ឺណា វីណេត (Bernar Venet) ដែលជាវិចិត្រករជនជាតិបារាំងដ៏ល្បីល្បាញនៅលើពិភពលោក។ នៅក្នុងឆ្នាំ២០១៥ លោក សាឡូមេ បានទទួលតួនាទីខាងទទួលខុសត្រូវ សម្រាប់នាយកដ្ឋានផលិត របស់ ប៊ុយហ្គាតទី (Bugatti) ផងដែរ ដោយរួមមាន ការផលិត នាឡិការដៃ ប៉ាមីគ្យានី ហ្វ្លឺរីយេ៉ (Parmigiani Fleurier) និងនាឡិកាដៃម៉ាក អេរូ៉លីត ភឺហ្វមមឹន (Aerolithe Performance) និងម៉ាកនាឡិកា Type ៣៩០ ចុងក្រោយបំផុត ព្រមទាំងការងារឌីហ្សាញខាង គ្រឿងសង្ហារឹមផ្សេងៗទៀតនៅក្នុងឆ្នាំ២០១៦។ លោក សាឡូមេ ក៏មានស្នាដៃខាង រូបចម្លាក់ និងរូបគំនូរផងដែរ។ រូបចម្លាក់ “អាត្លង់ទិក” (Atlantic Scultures) របស់លោក ត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងបា៉រីស (Paris) មីឡែន (Milan) អែនធ្វឺប (Antwerp) ហ្សឺណែវ (Geneva)។
តែទោះជាយ៉ាងណាក៏ដោយ ស្នាដៃដ៏ល្បីល្បាញរបស់លោក គឺការឌីហ្សាញរថយន្ត ប៊ុយហ្គាតទី ឡា វ័រទៀ ណ័រ ឬ ឡានខ្មៅ (Bugatti La Voiture Noire) ដែលជាគម្រោងលោក និងក្រុមរបស់លោក បានចំណាយពេលអស់ ១០ឆ្នាំសម្រាប់ការបង្កើត។ សាឡូមេ បានបញ្ជាក់ថា លោក ហើយនិងក្រុមរបស់លោក បានគូរ “គំនូរព្រាងរាប់ពាន់ផ្ទាំង” អស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងគោលដៅនៃការរចនារថយន្តដែលផ្តល់កិត្តិយសដល់រថយន្ត ប៊ុយហ្គាតទី ថែប ៥៧ អេស ស៊ីអាត្លង់ទិក (Bugatti’sType57SCAtlantic) ដែលជារថយន្តស្ព័រដ៏កម្របំផុតមួយនៅក្នុងពិភពលោក។ លោក ស្តេបហ្វិន វីនកេម៉ាន់ (Stephan Winkelmann) បាននិយាយថា ឡា វ័រទៀ ណ័រ (La Voiture Noire) គឺល្អលើស ឡាន ថែប ៥៧ អេស ស៊ី អាត្លង់ទិក របស់លោក ហ្សង់ ប៊ុយហ្គាតទី (Jean Bugatti’s Type 57 SC Atlantic)ទៅទៀត។ លោក សាឡូមេ បាននិយាយថា “រថយន្តជាវត្ថុពិបាកបំផុតក្នុងការរចនាដោយសារតែវាទាមទារឲ្យមានការវិនិយោគ និងត្រូវការពេលច្រើនដើម្បីធ្វើ”។ លោកបានបន្តថា វាតម្រូវឲ្យមាន ការធានាសុវត្ថិភាព ការអនុវត្តន៍ឲ្យចំគោលដៅ និងតម្រូវការគ្មានទីបញ្ចប់។ អ្នកត្រូវតែធ្វើការដោយផ្ទាល់ជាមួយនឹងវិស្វករ ដូច្នេះខ្ញុំមិនអាចធ្វើវាដោយគ្មានពួកគេបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក សាឡូមេ មិនបានបញ្ចប់ក្តីស្រមៃរបស់លោកត្រឹមតែឡានទេ តែលោកក៏មានគម្រោង ឌីហ្សាញ ទូក កង់ នាឡិកា ព្រមទាំង សណ្ធាគារធំៗផងដែរ។ លោកបាននិយាយថា បើអ្នកអាចឌីហ្សាញឡាន អ្នកក៏អាចឌីហ្សាញនូវផលិតផលដទៃទៀតផងដែរ។
ការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន
បន្ទាប់ពីធ្វើការអស់រយៈពេល ១២ឆ្នាំលើការរចនារថយន្ត នៅក្រុមហ៊ុន Bugatti Automobiles Etienne Salomé ដែលមានមូលដ្ឋាននៅទីក្រុង Berlin បានសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់គឺ “សាឡូមេ កបា៉ល់កំសាន្ត និងការឌីហ្សាញ” (Salome Yachts and Design)។ គាត់បានបើកដំណើរការជាផ្លូវការជាមួយនឹងក្រុម គម្រោងអាត្លង់ទិក 'Atlantic Project' របស់គាត់ ក្នុងខែកញ្ញា ឆ្នាំ២០១៩។ គាត់នូវតែបន្តធ្វើការនៅក្នុង ឧស្សាហកម្មរថយន្ត (the Automotive Industry) ក្នុងនាមជាអ្នកប្រឹក្សាសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើន រួមទាំងក្រុមហ៊ុនផលិតរថយន្ត Supercar/Hypercar ឈ្មោះ Koenigsegg ផងដែរ៕
បកប្រែដោយ៖ ម៉ៅ គុយដង់