វគ្គនេះផ្តោតទៅលើការពិភាក្សាអំពីបទវិភាគដ៏សំខាន់មួយដែលចេញផ្សាយដោយទស្សនាវដ្ដីអាមេរិក Foreign Policy ដែលធ្វើឡើងដោយអ្នកជំនាញកិច្ចការមជ្ឈិមបូព៌ា និងជាអតីតទីប្រឹក្សាសេតវិមានលោក Stephen Simon ដែលក្នុងនោះលោកបាននិយាយថា ដើម្បីយល់ព្រមផ្សះផ្សារទំនាក់ទំនងឡើងវិញជាមួយអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីតទាមទារទទួលបានកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី កិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិក និងការបំពាក់អាវុធសំរាប់រដ្ឋ។ ជាថ្នូរដោះដូរមកវិញ អារ៉ាប៊ីសាអូឌីតនឹងផ្តល់ជូនដល់ទីក្រុងវ៉ាស៊ីនតោននូវផលប្រយោជន៍ដ៏ធំ នោះគឺការបំបែកភាពជាដៃគូដ៏ធំរវាងរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ជាមួយប្រធានាធិបតីចិន Xi Jinping ។ ជាមួយនឹងការហាមឃាត់ការលក់ប្រេងអារ៉ាប៊ីសាអូឌីតទៅឱ្យទីក្រុងប៉េកាំងដើម្បីជាវិធានការដាក់ទណ្ឌកម្មបើក្នុងករណីមានសង្រ្គាមផ្ទុះឡើងរវាងចិន និងសហរដ្ឋអាមេរិកនៅលើបញ្ហាជុំវិញកោះតៃវ៉ាន់។ នេះជាលក្ខខណ្ឌធ្ងន់ធ្ងរមួយ ជាពិសេសបើកត់សម្គាល់បានថា ចិនជាតំណាងប្រទេសទិញប្រេងដ៏ធំបំផុតពីទីក្រុងរីយ៉ាដ។
-
អាមេរិកទាមទារឱ្យអារ៉ាប៊ីសាអូឌីតកាត់ផ្តាច់ប្រេងពីប្រទេសចិន
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយថ្ងៃទី០៤ ខែតុលាបានអោយដឹងថា រដ្ឋបាលលោក Biden ហាក់ដូចជាកំពុងស្វែងរកសម្បទានខ្លះពីទីក្រុង Riyadh លើប្រទេសចិន។ កាសែត Wall Street Journal រាយការណ៍ថា មន្ត្រីអាមេរិកកំពុងស្វែងរកការធានាពីអារ៉ាប៊ីសាអូឌីតថា ពួកគេនឹងឃ្លាតឆ្ងាយពីប្រទេសចិន ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ពីប្រទេសចិន រួមទាំងការធានាដែលទីក្រុងរីយ៉ាដនឹងមិនអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានយោធានៅក្នុងប្រទេសរបស់ខ្លួន ហើយនឹងដាក់កម្រិតលើអារ៉ាប៊ីសាអូឌីតក្នុងការប្រើប្រាស់បច្ចេកវិទ្យា Huawei របស់ចិន និងការសន្យាប្រើប្រាស់ប្រាក់ដុល្លាអាមេរិក និងមិនមែនរូបិយប័ណ្ណចិនដើម្បីកំណត់តម្លៃការលក់ប្រេង។
ប៉ុន្តែសម្បទានតិចតួចទាំងនេះមិនគ្រប់គ្រាន់ដើម្បីបង្ហាញអំពីការប្រគល់អោយរបស់ទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុងរីយ៉ាដនោះទេ។ ជាការពិតណាស់ នោះគឺមានយុទ្ធសាស្ត្រតែមួយគត់ដែលសមស្របយ៉ាងល្អទៅនឹងស្ថានភាពបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក៖ នោះគឺការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីតក្នុងការកាត់ផ្តាច់លំហូរប្រេងទៅកាន់ប្រទេសចិនក្នុងស្ថានភាពប្រឈមបច្ចុប្បន្នទាក់ទងនឹងជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងចិន។
-
រុស្ស៊ីដកថយនាវាសមុទ្រខ្មៅចេញពីមូលដ្ឋានគ្រីមាក្រោយការវាយប្រហារ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០៤ ខែតុលាបានអោយដឹងថា រុស្ស៊ីបានដកកងនាវាចរសមុទ្រខ្មៅជាច្រើនរបស់ខ្លួនចេញពីទីក្រុង Sevastopol ដោយសារតែការវាយប្រហារឡើងដោយមីស៊ីល Storm Shadow មកលើកំពង់ផែ Crimean។
រូបភាពពីផ្កាយរណបបានបង្ហាញថា យ៉ាងហោចណាស់មាននាវាចំនួន 10 គ្រឿងត្រូវបានផ្លាស់ទីទៅកាន់កំពង់ផែ Novorossiysk របស់រុស្ស៊ីវិញ រួមមាននាវាចម្បាំង Admiral Makarov និង Admiral Essen នាវាមុជទឹកវាយប្រហារ Kilo-class ទាំងបី និងនាវាល្បាតមួយគ្រឿង។
យោងតាមកាសែត The Wall Street Journal បានឱ្យដឹងថា កប៉ាល់ចុះចត នាវាមីស៊ីល និងMinesweeper ក៏ត្រូវបានផ្លាស់ទីទៅក្រុង Feodosia នៅភាគខាងកើតតំបន់គ្រីមេផងដែរ។
វាកើតឡើងនៅខណៈពេលមានសេចក្តីរាយការណ៍ថា រុស្ស៊ីមានគោលបំណងបង្កើតមូលដ្ឋានទ័ពជើងទឹកនៅលើឆ្នេរសមុទ្រខ្មៅនៃតំបន់Abkhazia ដែលជាតំបន់ផ្តាច់ខ្លួនរបស់ប្រទេស Georgia។
-
ចិន និងអារ៉ាប៊ីសាអូឌីតនឹងធ្វើសមយុទ្ធកងទ័ពជើង “Blue Sword”
យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញាបានអោយដឹងថា ប្រទេសចិនបាននិយាយថា ខ្លួននឹងរៀបចំការហ្វឹកហ្វឺនកងទ័ពជើងទឹកជាមួយអារ៉ាប៊ីសាអូឌីតនៅខែតុលានេះ។ នេះបើតាមក្រសួងការពារជាតិចិនបានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
លោកវរសេនីយ៍ឯក Wu បាននិយាយថា ដោយផ្អែកលើផែនការសហប្រតិបត្តិការយោធាអន្តរជាតិ និងការឯកភាពគ្នាដែលភាគីទាំងពីរសម្រេចបាន ប្រទេសចិន និងអារ៉ាប៊ីសាអូឌីតនឹងរៀបចំការហ្វឹកហ្វឺនប្រតិបត្តិការពិសេសកងទ័ពជើងទឹករួមគ្នាហៅថា 'Blue Sword-2023' នៅទីក្រុង Zhanjiang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនក្នុងខែតុលានេះ នេះបើតាមលោក Qian អ្នកនាំពាក្យក្រសួងការពារជាតិចិននិយាយឡើង។ គួរបញ្ជាក់ផងដែរថា Zhanjiang គឺជាទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខាងត្បូងរបស់ប្រទេសចិន និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថាការហ្វឹកហ្វឺនរួមគ្នានេះនឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មនៅដែនសមុទ្រក្រៅប្រទេស និង "គ្របដណ្តប់លើមុខវិជ្ជាដូចជា យុទ្ធសាស្ត្រស្ទាក់ចាប់ ការបើកបរទូក ការចុះចតឧទ្ធម្ភាគចក្រ និងការជួយសង្គ្រោះរួមគ្នា"។