តារាចម្រៀង Billie Eilish បានរៀបរាប់ពីរបៀបដែលនាងទទួលរងនូវសុបិន្តអាក្រក់ បន្ទាប់ពីបានទទួលដឹងឮពីរឿងអាសអាភាស "លក្ខណៈរំលោភបំពាន" តាំងពីអាយុ 11ឆ្នាំ។ Eilish បាននិយាយថា បទពិសោធន៍នេះនាំឱ្យនាង "មិនអាចនិយាយថាទេ ចំពោះអ្វីដែលមិនល្អ" នៅពេលនាងចាប់ផ្តើមរួមភេទ។ ម្ចាស់ពានរង្វាន់ Grammy ក៏បានបន្ថែមថា "វាគឺដោយសារតែខ្ញុំគិតថា នោះជាអ្វីដែលខ្ញុំចង់បាន" ។
Eilish ដែលនឹងឈានដល់អាយុ 20ឆ្នាំ បានចំណាយពេលជាច្រើនក្នុងជីវិតវ័យជំទង់របស់នាងនៅចំពោះមុខសាធារណជន។ នាងបាន បង្កើតកេរ្តិ៍ឈ្មោះដោយការស្លៀកស្ទីលសម្លៀកបំពាក់រលុង និងមានពាក្យចចាមអារ៉ាមជាហូរហែអំពីរូបរាងកាយ និងការរួមភេទនៅកំឡុងពេលធំដឹងក្តីរបស់នាង។ ប្រធានបទនៃរឿងអាសអាភាសបានកើតឡើងនៅក្នុងបទសម្ភាសន៍ខណៈ ដែលវាត្រូវបានបង្ហាញនៅ ក្នុងបទចម្រៀង Male Fantasy ក្នុងអាល់ប៊ុម Happier Than Ever របស់នាង។
នាងបានប្រាប់អ្នកសម្ភាសន៍ Howard Stern ថាឥឡូវនេះនាងគិតថា រឿងអាសអាភាស "គឺជាការអាម៉ាស់" បន្ទាប់ពីមើលវីដេអូប្រភេទនេះ នាងពិពណ៌នាថាវាបង្ហាញពី "ការប្រើហឹង្សា" និង "ការរំលោភបំពាន" នៅកំឡុងពេលធំដឹងក្តី។ Eilish បានរិះគន់ថា ជាពិសេសអំពីរបៀបដែលរឿងអាសអាភាស អាចពណ៌នាអំពីរាងកាយរបស់ស្ត្រី និងបទពិសោធន៍ផ្លូវភេទ។ Eilish បាននិយាយអំពីការមើលវីដេអូប្រភេទនេះថា "ខ្ញុំមិនយល់ថាហេតុអ្វីវាជារឿងអាក្រក់នោះទេ ខ្ញុំគិតថា វាជារបៀបដែលអ្នកអាចរៀនពីការរួមភេទ" ហើយនាងបានបន្ថែមថា ម្តាយរបស់នាងមានការ "រន្ធត់ចិត្ត" នៅពេលនាងប្រាប់គាត់អំពីរឿងនេះ។
តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងរូបនេះបាននិយាយថា នាងជឿថាការមើលរឿងប្រភេទនេះកាលពីនៅក្មេងបាន "បំផ្លាញ" ខួរក្បាលរបស់នាង និងបណ្តាលឱ្យនាងមានសុបិន្តអាក្រក់។ ទស្សនៈនេះ ត្រូវបានបន្ទរដោយអ្នកជំនាញដែលផ្តោតលើសុខុមាលភាពកុមារ រួមទាំងអង្គការ Unicef ដែលនិយាយថា ការមើលរឿងអាសអាភាសតាំងពីក្មេងអាចបង្កគ្រោះថ្នាក់បាន។ ពួកគេនិយាយថា រឿងអាសអាភាស បានបង្ហាញពីការរំលោភបំពាន និងទង្វើខុសឆ្គងផ្សេងៗ ដែលអាចបណ្តាលឲ្យមានសុខភាពផ្លូវចិត្តមិនល្អ និងលទ្ធផលអវិជ្ជមានផ្សេងទៀតចំពោះកុមារ។
Eilish ក៏បានពិភាក្សាអំពីបញ្ហាជាច្រើនផ្សេងទៀតនៅក្នុងបទសម្ភាសន៍របស់នាង រួមទាំងការណាត់ជួបរបស់នាងជាសាធារណៈ និងការដែលឆ្លងជំងឺ Covid-19 កាលពីដើមឆ្នាំនេះ បើទោះបីជាបានទទួលការចាក់វ៉ាក់សាំងហើយក៏ដោយ។ នាងបាននិយាយថា "ខ្ញុំមិនស្លាប់ទេ ហើយខ្ញុំក៏នឹងមិនស្លាប់ដែរ ប៉ុន្តែវាមិនអាចដកចេញពីភាពវេទនានៅពេលនោះបានទេ។ វាពិតជាអាក្រក់ណាស់" នាងក៏បាននិយាយទៀតថា នាងមានភាពវេទនានៅក្នុងខ្លួនអស់រយៈពេលជិតពីរខែ៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue