Washington-AP
នៅក្នុងការទូតដ៏គួរឲ្យភ្ញាក់ផ្អើលពាសពេញទ្វីបទាំង២ លោកប្រធានាធិបតី Joe-Biden បានជួបជាមួយមេដឹកនាំអាល្លឺម៉ង់ថ្មីកាលពីថ្ងៃច័ន្ទ បានប្តេជ្ញាចិត្តថាបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏សំខាន់ Nord Stream 2 ពីរុស្សីទៅអាល្លឺម៉ង់នឹងត្រូវរាំងខ្ទប់ បើសិនជារុស្សីឈ្លានពានអ៊ុយក្រែនបន្តទៀត។ Vladimir Putin ស៊កសៀតសំដីថា អាមេរិកនិងសម្ព័ន្ធមិត្តគឺជាអ្នកដែលនិយាយអំពីការឈ្លានពាន។
Putin និងប្រធានាធិបតីបារាំង Emmanuel Macron បានជួបប្រជុំគ្នាច្រើនជាង៥ម៉ោងនៅក្នុងទីក្រុងមូស្គូ ក្នុងពេលជាមួយគ្នាដែល Biden បានជួបជាមួយនឹង អធិការបតីអាល្លឺម៉ង់ Olaf Scholz បានជួបជជែកគ្នានៅក្នុងសេតវិមានក្នុងការខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយវិបត្តិមុនពេលដែលទំនាស់ខាងអាវុធបានផ្ទុះឡើង។ រុស្សីប្រមូលផ្តុំទ័ពប្រហែលជាង១សែននាក់ នៅក្បែរព្រំប្រទល់អ៊ុយក្រែន បន្ថែមនូវអានុភាពយោធាជារៀងរាល់ថ្ងៃ។
សហរដ្ឋអាមេរិកបានបញ្ជាក់នូវការកើនឡើងការប្រកាសភាពអាសន្នអំពីទិដ្ឋភាពនៃសង្រ្គាម រីឯ Biden បានស្វែងរកមើលការគាំទ្រដ៏រឹងមាំក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបសំរាប់សម្លុតដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្សី បើសិនជាឈ្លានពានអ៊ុយក្រែន។ "បើសិនជារុស្សីឈ្លានពាន មានន័យថារថក្រោះ និងកងទ័ពនឹងឆ្លងកាត់ព្រំប្រទល់អ៊ុយក្រែនម្តងទៀត ដូច្នេះនឹងមិនមានបំបង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream2 ទៀតទេ" Biden និយាយ “យើងនឹងបញ្ចប់វា”។
ដែលនឹងធ្វើឲ្យរុស្សីឈឺចាប់ផ្នែកសេដ្ឋកិច្ច ប៉ុន្តែក៏ធ្វើឲ្យមានបញ្ហាផ្គត់ផ្គង់សំរាប់អាល្លឺម៉ង់ដែរ សំណង់នៃបំបង់បង្ហូរឧស្ម័នបានធ្វើរួចរាល់ហើយ តែនៅមិនទាន់ប្រតិបត្តិការនៅឡើយទេ។ "យើងបានប្រុងប្រៀបរួមគ្នារួចជាស្រេច ហើយ NATO ក៏រួចរាល់ដែរ" Biden បាននិយាយ ដោយយោងទៅរកសម្ព័ន្ធមិត្តដែលមានឥទ្ធិពលដ៏ខ្លាំក្លា ទោះបីជាអ៊ុយក្រែនមិនមែនជាសមាជិក NATO ក៏ដោយចុះ។
"វាជារឿងចាំបាច់សំរាប់រុស្សីដើម្បីយល់ថា មានរឿងជាច្រើនទៀតដែលអាចនឹងកើតឡើងច្រើនជាងអ្វីដែលពួកគេបានគិតដោយខ្លួនគេ" Scholz បាននិយាយ។ក្នុងពេលជាមួយគ្នានោះដែរ Biden និង NATO បាននិយាយច្បាស់ថានឹងមិនមានការបញ្ជូនទ័ពទៅប្រយុទ្ធជាមួយរុស្សីក្នុងនាមអ៊ុយក្រែនទេ៕