The Guardian-
រដ្ឋាភិបាលចិនបានចោទប្រកាន់ Biden ថាជាកំហុសក្នុងការអញ្ជើញតៃវ៉ាន់ឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលជាមួយរដ្ឋាភិបាល ១០៩ប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ។ តៃវ៉ាន់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីរនៃប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលសំរាប់ខែក្រោយនៃប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ដែលបានចេញផ្សាយដោយក្រសួងការបរទេសកាលពីថ្ងៃអង្គារ៍។ តៃវ៉ាន់ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែក្រុងប៉េកាំងបានអះអាងថា តៃវ៉ាន់ជាអាណាខេត្តរបស់ចិនហើយបានចោទប្រកាន់ថា ជារដ្ឋាភិបាលដែលបំបែកខ្លួន។
ការជួបជុំនៃពិធីសម្ពោធនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និង១០ ខែធ្នូ ត្រូវបានគេពិចារណារថា គឺជាការសាកល្បងនៃការអះអាងរបស់ Biden ដែលថា លោកនឹងធ្វើឲ្យអាមេរិកវិលត្រឡប់ទៅកាន់ជំហរជាមេដឹកនាំការពារពិភពលោក ដើម្បីប្រកួតប្រជែងជាមួយកម្លាំងផ្តាច់ការដែលដឹកនាំដោយរុស្សី និងចិន។ កាលពីថ្ងៃពុធ Zhu Fenglian អ្នកនាំពាក្យស្រ្តីចិនសំរាប់ការិយាល័យកិច្ចការតៃវ៉ាន់ បាននិយាយថា “ការដាក់បញ្ចូលតៃវ៉ាន់វាជាកំហុស ហើយក្រុងប៉េកាំងប្រឆាំងទៅនឹងអន្តរកម្មជាផ្លូវការរវាងអាមេរិក និងតៃវ៉ាន់នៅក្នុងតំបន់”។
"ជំហរនេះគឺច្បាស់លាស់ដោយឥតមានងាករេ, យើងជំរុញឲ្យអាមេរិកគោរពនូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម៣ចំណុច" នាងបាននិយាយ។ អាមេរិកបានទទួលស្គាល់នយោបាយចិនតែ១ តែមិនបាននិយាយថា ទទួលស្គាល់នូវការអះអាងរបស់ទីក្រុងប៉េកាំងថា តៃវ៉ាន់ជារបស់ខ្លួននោះទេ។ ចាប់តាំងពីចូលកាន់តំណែង, Biden និងសេតវិមាន បាននិយាយថាគាំទ្រនូវជំហរដ៏យូរលង់របស់អាមេរិកក្នុងការទទួលស្គាល់នូវនយោបាយចិនតែមួយ តែក៏បាននិយាយផងដែរថា អាមេរិកប្រឆាំងដាច់ខាតនូវការខិតខំប្រឹងប្រែងណាមួយដើម្បីផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ន ឬក៏គាស់រំលើងសន្តិភាព និងស្ថិរភាពនៅច្រកតៃវ៉ាន់”។
អ្នកនាំពាក្យនៃការិយាល័យប្រធានាធិបតីតៃវ៉ាន់បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ Biden សំរាប់កិច្ចប្រជុំកំពូល និងបាននិយាយថាពួកគេនឹងក្លាយទៅជា “កំលាំងដ៏ល្អនៅក្នុងសង្គមអន្តរជាតិ”។ តៃវ៉ាន់នឹងសហប្រតិបត្តិការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយនឹងប្រទេស ដែលមានគំនិតដូចគ្នា ដើម្បីការពារនូវតម្លៃជាសាកលដូចជា សេរីភាព ប្រជាធិបតេយ្យ និងសិទ្ធមនុស្ស និងការពារផងដែរនូវសន្តិភាពក្នុងតំបន់ ស្ថិរភាពនិងការអភិវឌ្ឍន៍ តាមសម្តីអ្នកនាំពាក្យ Xavier Chang។
នៅក្នុងអម្លុងនៃការប្រជុំកំពូលតាមវិឌីអូជាមួយ Biden កាលពីសប្តាហ៍មុន មេដឹកនាំចិន Xi Jing Ping បាននិយាយថាទីក្រុងប៉េកាំងគ្មានជំរើសតែនឹងចាត់វិធានការយ៉ាងហ្មឺងម៉ាត់ បើសិនជា “បន្ទាត់ក្រហម” ត្រូវបានឆ្លងកាត់៕