ជនជាតិអាមេរិកមូស្លីមនៅក្នុងរដ្ឋជាច្រើនគ្រោងនឹងប្រមូលផ្តុំគ្នានៅរដ្ឋ Michigan នៅថ្ងៃសៅរ៍នេះដើម្បីចាប់ផ្តើមយុទ្ធនាការដែលពួកគេហៅ #AbandonBiden ដែលជាការឆ្លុះបញ្ចាំងពីការខឹងសម្បាររបស់ពួកគេចំពោះការគ្រប់គ្រងរបស់លោកប្រធានាធិបតី Biden ទៅលើសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។
1.ជនជាតិអាមេរិកមូស្លីមនៅក្នុងរដ្ឋ swing ចាប់ផ្តើមយុទ្ធនាការប្រឆាំងលោក Biden
យោងតាមសារព័ត៌មាន Axios ចុះផ្សាយថ្ងៃទី02 ខែធ្នូបានអោយដឹងថា ជនជាតិអាមេរិកមូស្លីមនៅក្នុងរដ្ឋជាច្រើនគ្រោងនឹងប្រមូលផ្តុំគ្នានៅរដ្ឋ Michigan នៅថ្ងៃសៅរ៍នេះដើម្បីចាប់ផ្តើមយុទ្ធនាការដែលពួកគេហៅ #AbandonBiden ដែលជាការឆ្លុះបញ្ចាំងពីការខឹងសម្បាររបស់ពួកគេចំពោះការគ្រប់គ្រងរបស់លោកប្រធានាធិបតី Biden ទៅលើសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។
កំហឹងរបស់ជនជាតិអាមេរិកអារ៉ាប់និងមូស្លីមអាចប៉ះពាល់ដល់ការរំពឹងទុកនៃការបោះឆ្នោតឡើងវិញរបស់លោក Biden នៅក្នុងរដ្ឋភាគច្រើននៃឆ្នាំ 2024 ដែលលោកធ្លាប់បានទទួលជ័យជំនះនៅក្នុងឆ្នាំ 2020 ដោយសារក្រុមពួកគេទាំងនោះកាន់លទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំង។
មេដឹកនាំអាមេរិកមូស្លីមមកពីរដ្ឋ Michigan, Minnesota, Arizona, Wisconsin, Florida, Georgia, Nevada, និងPennsylvania ត្រូវបានរំពឹងថានឹងជួបជុំគ្នានៅទីក្រុងDearbornដើម្បីចាប់ផ្តើមយុទ្ធនាការថ្មីនេះ។
2.យន្តហោះស៊ើបការណ៍អង់គ្លេសស្វែងរកទីតាំងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី០២ ខែធ្នូបានអោយដឹងថា ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេសនឹងធ្វើជើងហោះហើរឃ្លាំមើលលើទឹកដីអ៊ីស្រាអែល និងតំបន់ហ្គាហ្សាដើម្បីស្វែងរកទីតាំងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានប្រើប្រាស់។
មន្ត្រីក្រសួងការពារជាតិបាននិយាយថា យន្តហោះមិនប្រដាប់ដោយអាវុធជាច្រើនប្រភេទ នឹងត្រូវដាក់ប្រើប្រាស់សម្រាប់ការហោះហើរឈ្លបយកការណ៍ ក្នុងនោះរួមមានទាំងយន្តហោះ Shadow R1s ផងដែរ។
ព័ត៌មានអំពីសក្តានុពលនៃទីកន្លែងលាក់ខ្លួនក្រុមចំណាប់ខ្មាំងនឹងត្រូវបានចែករំលែកជាមួយនឹងខាងអ៊ីស្រាអែលផងដែរ។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សុវត្ថិភាពរបស់ជនជាតិអង់គ្លេសគឺជាអាទិភាពខ្លាំងបំផុតរបស់យើង" និង“ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះចំណាប់ខ្មាំងដែលកំពុងបន្ត ក្រសួងការពារជាតិចក្រភពអង់គ្លេសនឹងធ្វើការហោះហើរឃ្លាំមើលនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត រួមទាំងនៅក្នុងដែនអាកាសលើទឹកដីអ៊ីស្រាអែល និងតំបន់ហ្គាហ្សាផងដែរ។
3. អាមេរិកព្រមានអ៊ីស្រាអែលនឹងបរាជ័យយុទ្ធសាស្ត្របើសិនមិនការពារជនស៊ីវិល
យោងតាមសារព័ត៌មាន Financial Times ចុះផ្សាយថ្ងៃទី០៤ ខែធ្នូបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានអ៊ីស្រាអែលថា ពួកគេកំពុងប្រឈមនឹង"ការបរាជ័យជាយុទ្ធសាស្ត្រ" លុះត្រាតែពួកគេសំរេចចិត្តចង់ការពារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាវិញ។
នៅក្នុងសញ្ញានៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងសម្ព័ន្ធមិត្ត ខណៈដែលអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនឡើងវិញនៅតំបន់ហ្គាហ្សាភាគខាងត្បូង លោក Austin បាននិយាយថា អ៊ីស្រាអែលនឹងអាចឈ្នះបានលុះត្រាតែពួកគេសំរេចចិត្តការពារជនស៊ីវិល ជាមុន និងបង្កើតច្រករបៀងមនុស្សធម៌។
លោក Austin បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់វេទិកាការពារជាតិ Reagan នៅរដ្ឋកាលីហ្វ័រញ៉ាថា“នៅក្នុងរូបភាពនៃការប្រយុទ្ធបែបនេះ ចំណុចកណ្តាលនៃទំនាញទាំងសងខាងគឺជាប្រជាជនស៊ីវិល។ ហើយប្រសិនបើអ្នករុញពួកគេចូលទៅក្នុងដៃរបស់សត្រូវ នោះ អ្នកនឹងទទួលបានវិញនូវភាពបរាជ័យជំនួសអោយជ័យជម្នះយុទ្ធសាស្រ្ត”។